អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន បានអះអាងថា ប្រទេសចិន និងបណ្តាប្រទេសជាដៃគូ បានរក្សាទំនាក់ទំនងយ៉ាងស្អិតល្មួត តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ អស់រយៈពេល ៦ឆ្នាំមកហើយ ដោយទំហំពាណិជ្ជកម្ម សម្រេចបានជាង ៧,៨ទ្រីលានដុល្លារអាមេរិក គិតចាប់ពីឆ្នាំ ២០១៣ មកទល់ឆ្នាំ ២០១៩ ហើយការបោះទុនវិនិយោគថ្មីៗ ក៏មានទំហំទឹកប្រាក់សរុបជាង ៨០០ពាន់លានដុល្លារអាមេរិកផងដែរ។
មន្រ្តីជាន់ខ្ពស់រូបនេះ បន្តថា វិបត្តិកូវីដ-១៩ ពិតជា បញ្ហាមួយច្របូកច្របល់ ដែលត្រូវប្រឈមមុខដោះស្រាយភ្លាមៗ ហើយប្រទេសចិន និងបណ្តាប្រទេសក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានចូលរួមទាំងអស់គ្នា កាត់បន្ថយផលប៉ះពាល់ពីជម្ងឺដ៏កាចសាហាវនេះ នឹងព្យាយាមរក្សាទំនាក់ទំនងពាណិជ្ជកម្ម រហូតដល់សម្រេចបានជិត ៣៩០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២០នេះ ពោលគឺមានកំណើនជិត ១% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ក្រសួងពាណិជ្ជកម្មចិន ក៏បានបញ្ជាក់ដែរថា ចិន នឹងពង្រឹងការឆ្លើយតបទៅនឹង វិបត្តិកូវីដ-១៩ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិឲ្យកាន់តែស៊ីជម្រៅ និងធ្វើឲ្យប្រសើរឡើងនូវ កិច្ចសហប្រតិបត្តិការវិនិយោគ ជាពិសេសគឺ ជំរុញការអភិវឌ្ឍ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលមានគុណភាពខ្ពស់។
សូមជម្រាបថា គិតមកទល់ពេលនេះ ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២០០ឯកសារ ជាមួយប្រទេស និងអង្គការអន្តរជាតិ ចំនួន ១៦៨ ដើម្បីបន្តពង្រឹង គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ៕