វិស័យការបរទេស

កម្ពុជា បកស្បែកថៃ ដែលចោទប្រកាន់ថា មានពលរដ្ឋខ្មែរបន្តរស់នៅក្នុងតំបន់អតីតជំរំជនភៀសខ្លួនឆ្នាំ១៩៧០


បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English កាលពីពេលថ្មីៗនេះ មន្ត្រីទូតថៃ បានលើកឡើងក្នុងកិច្ចភាក្សាទូទៅ នៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ដោយបានចោទប្រកាន់ទាំងបំពាន និងគ្មានការអៀនខ្មាសថា ប្រជាជនកម្ពុជា ជាច្រើន នៅតែបន្តរស់នៅលើទឹកដីថៃ ក្នុងតំបន់អតីតជំរំជនភៀសខ្លួនបណ្តោះអាសន្ន ដែលបានបង្កើតឡើងតាំងពីទសវត្សរ៍ឆ្នាំ១៩៧០។ ចំពោះការចោទប្រកាន់បែបមួលបង្កាច់ចោរក្លាយជាម្ចាស់ ម្ចាស់ក្លាយជាចោរនេះ កម្ពុជា បានចេញមុខបដិសេធ និងទាត់ចោលទាំងស្រុង។
វិស័យការបរទេស
ដោយ

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា យោងតាមរបាយការណ៍ផ្លូវការរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៩៩ ជំរំជនភៀសខ្លួនកម្ពុជា លើទឹកដីថៃ ត្រូវបានបិទបញ្ចប់ទាំងស្រុង ហើយមិនមានជនភៀសខ្លួនខ្មែរសេសសល់ទៀតឡើយ ដោយក្រុមចុងក្រោយចំនួន៧០៥នាក់ បានចាកចេញពីថៃ ត្រឡប់ចូលមាតុប្រទេសវិញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៩៩។ ជារួមមាន ជនភៀសខ្លួនប្រមាណ៥០,០០០នាក់បានវិលត្រឡប់មកវិញក្នុងនោះ៣៥,០០០នាក់ទទួលបានជំនួយផ្ទាល់ពី UNHCR។

មេសិទ្ធិមនុស្សនៅកម្ពុជា រូបនេះ បានបន្ថែមថា ជនភៀសខ្លួនភាគច្រើនបានវិលត្រឡប់ទៅកាន់តំបន់អន្លង់វែង និងខេត្តបាត់ដំបង នៅភាគពាយ័ព្យនៃប្រទេស ហើយមួយចំនួនទៀតបានស្នើសុំជំនួយពី UNHCR ដើម្បីវិលទៅកាន់តំបន់ភាគខាងកើត ដែលជាស្រុកកំណើតដែលពួកគេបានឃ្លាតឆ្ងាយអស់រយៈ​ពេល២០ឆ្នាំ។ ក្រោមការសម្របសម្រួលរបស់ UNHCR ជនភៀសខ្លួនចំនួន២,៥០០នាក់ត្រូវបានជូនទៅលំនៅឋានវិញក្នុងខេត្តរតនគិរី និងមណ្ឌលគិរី។

ទន្ទឹមនឹងនេះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបដិសេធ និងទាត់ចោលទាំងស្រុងចំពោះការអះអាងរបស់តំណាងថៃប្រចាំ UN ដែលបានព្យាយាមចោទប្រកាន់ថា ប្រជាពលរដ្ឋកម្ពុជានៅភូមិជោគជ័យ និងភូមិព្រៃចាន់បានរំលោភបំពានចូលរស់នៅលើទឹកដីថៃ ព្រមទាំងបានអំពាវនាវឱ្យកម្ពុជាកុំលើកយកបញ្ហាព្រំដែនទៅជំនុំជម្រះលើឆាកអន្តរជាតិ។ លោកបានវាយបកវិញដោយជំរុញឱ្យភាគីថៃ ក្លាហានយកផែនទី កូអរដោនេ និងឯកសារគតិយុត្តមកផ្ទៀងផ្ទាត់ទល់មុខគ្នាតាមយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ប្រសិនបើថៃពិតជាជឿជាក់ថា តំបន់នោះជាទឹកដីរបស់ខ្លួនមែននោះ។

អ្នកនាំពាក្យរងរូបនេះ បានសង្កត់ធ្ងន់ថា ការដកស្រង់រឿងរ៉ាវជំរំភៀសខ្លួនតាំងពីទសវត្សរ៍១៩៧០ មកនិយាយ គឺជាល្បិចកលបង្វែរដាន ដើម្បីគេចវេះពីបញ្ហាស្នូលចំពោះមុខ ដែលថៃត្រូវទទួលខុសត្រូវ។ បញ្ហាស្នូលនោះ គឺប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបាន និងការបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់យោធាថៃ។ លោកបានចាត់ទុកការលើកឡើងនូវប្រវត្តិសាស្ត្របែបជ្រើសរើសតែចំណុចចំណេញ និងទម្លាក់កំហុសមកលើកម្ពុជាថា ជាការភូតភរ ដើម្បីបិទបាំងសំណួរស្នូលពីរ តើហេតុអ្វីបានជាពលរដ្ឋខ្មែរនៅតែមិនអាចត្រឡប់ទៅផ្ទះសម្បែងខ្លួនឯងបាន? ហើយហេតុអ្វីបានជាថៃមិនព្រមប្រើប្រាស់យន្តការ JBC ដើម្បីវាស់វែងព្រំដែនរួមគ្នា ដែលជាមធ្យោបាយបញ្ចប់វិវាទ?

ឆ្លើយតបនឹងការទាមទាររបស់ថៃ ដែលសុំឱ្យកម្ពុជា ស្ងាត់មាត់លើឆាកអន្តរជាតិ លោក ទូច សុឃៈ បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា កម្ពុជា មិនអាចនៅស្ងៀមមើលអធិបតេយ្យភាព បូរណភាពដែនដី និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្លួនរងការរំលោភបំពាននោះឡើយ។ ដរាបណាយោធាថៃ នៅតែបន្តសកម្មភាពរំលោភបំពានអធិបតេយ្យភាពកម្ពុជា រារាំងពលរដ្ឋខ្មែរមិនឱ្យត្រឡប់ទៅផ្ទះ ឬព្យាយាមបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង នោះកម្ពុជានឹងនៅតែបន្តស្រែកប្រាប់ពិភពលោក បង្ហាញភស្តុតាង និងលើកយកបញ្ហានេះទៅជជែកនៅគ្រប់យន្តការសន្តិវិធី ទាំងកម្រិតទ្វេភាគី តំបន់ និងអន្តរជាតិ។

ជាចុងក្រោយអ្នកនាំពាក្យរងរូបនេះបានក្រើនរំលឹកភាគីថៃ ថា ខ្សែព្រំដែនអន្តរជាតិ មិនអាចកំណត់ដោយសេចក្តីថ្លែងការណ៍បំពាន ផែនទីឯកតោភាគី ការគំរាមកំហែងពីកងកម្លាំងយោធា ការដាក់ទូកុងតឺន័របិទផ្លូវ ការរៀបបន្លាលួស ឬការបង្កើត "ស្ថានភាពថ្មីនៅលើដី" តាមចិត្តចង់នោះឡើយ។ សូម្បីតែឯកសារផ្លូវការរបស់ក្រសួងការបរទេសថៃខ្លួនឯង ក៏បានទទួលស្គាល់ដែរថា ព្រំដែនកម្ពុជា-ថៃ មានមូលដ្ឋានច្បាប់ចេញពីអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាឆ្នាំ១៩០៧ និងផែនទីពាក់ព័ន្ធ ខណៈដែលកិច្ចព្រមព្រៀង MOU ឆ្នាំ២០០០ បានកំណត់យ៉ាងច្បាស់ថា រាល់ការវាស់វែង និងខណ្ឌសីមាព្រំដែនត្រូវតែធ្វើឡើងរួមគ្នា តាមរយៈយន្តការគណៈកម្មការចម្រុះ JBC ប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


ស្របពេលឧស្សាហកម្មហក់ឡើងខ្លាំង តើសេដ្ឋកិច្ចចក្រា នឹងរួមចំណែកជួយបង្កើនសមត្ថភាពប្រកួតប្រជែងផលិតកម្មកម្ពុជា យ៉ាងណាខ្លះ?

ស្របពេលវិស័យឧស្សាហកម្មកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសកំណើនរោងចក្រធុនធ្ងន់ បានជំរុញឱ្យតម្រូវការធនធាន និងសេវាគ្រប់គ្រងសំណល់បានក…

ទីក្រុងប៉េកាំង ព្រមានសងសឹក ប្រសិនបើអឺរ៉ុប ហ៊ានរឹតត្បិតអាជីវកម្ម ឬទំនិញ​ចិន

សង្គ្រាមពាណិជ្ជកម្មថ្មីមួយអាចនឹងផ្ទុះឡើងរវាងចិន និងអឺរ៉ុប ក្រោយទីក្រុងប៉េកាំង ព្រមានថា ប្រសិនបើសហភាពអឺរ៉ុប ហ៊ាន​​ចាត់​វិធានការរឹតត្បិតល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ