ការបិទខ្ទប់នេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពរោងចក្រឧស្សាហកម្មនៅទីក្រុងសៀងហៃផងដែរ តួយ៉ាង រោងចក្រចំនួន៤កន្លែងរបស់ក្រុមហ៊ុនអាមេរិក Tesla ក៏ត្រូវបានផ្អាកដំណើរការផលិត។ នេះបើតាមការចុះផ្សាយសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
ទីក្រុងសៀងហៃ គឺជា មជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់មួយរបស់ចិន បានប្រយុទ្ធប្រឆាំងនឹងរលកថ្មីនៃការឆ្លងមេរោគកូវីត ១៩ អស់រយៈពេលជិតមួយខែមកហើយ បើទោះបីជាចំនួនករណីមិនខ្ពស់ដូចបណ្ដាទីក្រុងនៅតាមប្រទេសផ្សេងៗទៀតក្ដី។ កន្លងមក អាជ្ញាធរចិនបានគ្រប់គ្រង ព្យាយាមមិនបិទទីក្រុងដែលមានប្រជាជនប្រហែល ២៥ លាននាក់ ដើម្បីជៀសវាងការធ្វើឱ្យសេដ្ឋកិច្ចមានអស្ថិរភាព។
ក៏ប៉ុន្តែបន្ទាប់ពីទីក្រុងសៀងហៃបានកត់ត្រាចំនួនករណីឆ្លងខ្ពស់បំផុតប្រចាំថ្ងៃរបស់ខ្លួនកាលពីថ្ងៃសៅរ៍ មានប្រមាណជាង ៤ ពាន់ នាក់ អាជ្ញាធរបានសម្រេចចិត្តផ្លាស់ប្តូរវិធីសាស្ត្រគ្រប់គ្រងភ្លាម ដោយបានប្រកាសពីវិធានការបិទទីក្រុងសៀងហៃ ជាពីរដំណាក់កាល ដោយផ្នែកខាងកើតនៃទីក្រុងស្ថិតនៅក្រោមការរឹតបន្តឹងចាប់ពីថ្ងៃទី ២៨ ខែមីនា ដល់ថ្ងៃទី ១ ខែមេសា និងផ្នែកខាងលិចនឹងចាប់ផ្ដើមបិទខ្ទប់ចាប់ពីថ្ងៃទី ១ ដល់ ៥ ខែមេសា។
ទន្ទឹមនឹងនេះ អាជ្ញាធរបាននិយាយថា ការដឹកជញ្ជូនសាធារណៈនឹងត្រូវផ្អាក ហើយក្រុមហ៊ុន និងរោងចក្រត្រូវតែបញ្ឈប់ប្រតិបត្តិការ ឬធ្វើការពីចម្ងាយ។
ទោះបីជាយ៉ាងណាក្តី រហូតមកដល់ពេលនេះ ក្រុមមន្ត្រីបាននិយាយថា កំពង់ផែ និងមជ្ឈមណ្ឌលហិរញ្ញវត្ថុភាគខាងកើតរបស់ចិនមួយនេះ ត្រូវតែបន្តដំណើរការដើម្បីនៃសេដ្ឋកិច្ច។
គួរកត់សម្គាល់ថា រដ្ឋធានីពាណិជ្ជកម្មរបស់ប្រទេសចិន និងតាមការគណនាមួយចំនួនបានឲ្យដឹងថា ទីក្រុងសៀងហៃ ជាទីក្រុងដ៏ធំបំផុតនៅក្នុងប្រទេស ប៉ុន្តែឥឡូវនេះ គឺជាតំបន់មួយដែលរងគ្រោះខ្លាំងបំផុត ដោយសារការរីករាលដាលនៃ កូវីត ១៩ ហើយសម្រេចចិត្តបិទខ្ពប់រយៈពេល ២ សប្តាហ៍។
អ្នកស្រុករាប់លាននាក់នៅក្នុងទីក្រុងផ្សេងទៀតរបស់ចិនក៏ស្ថិតនៅក្នុងគោលដៅបិទខ្ទប់ផងដែរ ដោយសារការកើននៃករណីឆ្លងនៅក្នុងប្រទេសចិន ស្របជាមួយ យុទ្ធសាស្ត្រ គោលនយោបាយ គ្មានកូវីដរបស់ប្រទេសចិន ដែលតែងចាត់វិធានការរឹតបន្តឹងយ៉ាងខ្លាំងក្លា ដើម្បីទប់ស្កាត់ការផ្ទុះឡើងណាមួយនៃជំងឺកូវីដ១៩។
យ៉ាងណាមិញ ការបិទខ្ទប់ទីក្រុងសៀងហៃរបស់ចិននេះ វាក៏បានបង្កផលប៉ះពាល់ជាច្រើនដល់សកម្មភាពឧស្សាហកម្មក្នុងទីក្រុងដែលជាសរសៃឈាមសេដ្ឋកិច្ចរបស់ចិនមួយនេះផងដែរ។ ជាក់ស្ដែង ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីរបស់អាមេរិក Tesla ក៏បានផ្អាកការផលិតនៅក្នុងរោងចក្ររបស់ខ្លួននៅសៀងហៃសម្រាប់រយៈពេល ៤ ថ្ងៃផងដែរ ដើម្បីអនុវត្តតាមការទប់ស្កាត់ កូវីដ១៩ ដែលអាជ្ញាធរបានដាក់ចេញ។
ក្រុមហ៊ុនផលិតរថយន្តអាមេរិក Tesla កំពុងផ្អាកការផលិតនៅរោងចក្រសៀងហៃរបស់ខ្លួន បន្ទាប់ពីទីក្រុងបានប្រកាសកាលពីយប់ថ្ងៃអាទិត្យថា នឹងបិទទីក្រុងជាពីរដំណាក់កាល ដើម្បីធ្វើតេស្តិ៍ទ្រង់ទ្រាយធំសម្រាប់ការរកមេរោគ កូវីដ ១៩ ខណៈរោងចក្រ Tesla ស្ថិតនៅក្នុង ផ្នែកមួយនៃដំណាក់កាលបិទទ្វារដំបូងរបស់ទីក្រុងសៀងហៃផងដែរ។
គួរបញ្ជាក់ថា នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ប្រទេសចិនមានករណីថ្មីកូវីដ១៩ប្រចាំថ្ងៃ ជាមធ្យមជាង១ពាន់នាក់ នាំឲ្យករណីឆ្លងសរុបបានកើនដល់ជាង ១៤ម៉ឺននាក់ហើយគិតមកទល់ពេលនេះ ខណៈអ្នកស្លាប់សរុបមានជាង៤ពាន់៦យនាក់៕
អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន