បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន ក្នុងរយៈពេល១២ឆ្នាំជាប់ៗគ្នា ខណៈដែលនៅឆ្នាំ២០២០កន្លងទៅថ្មីៗ តំបន់អាស៊ានក៏បានក្លាយទៅជាដៃគូពាណិជ្ជកម្មធំៗបំផុតរបស់ចិនវិញផងដែរ។
ក្នុងឆមាសទី១នៃឆ្នាំ២០២១នេះ ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងអាស៊ានបានបន្តពង្រីកខ្លួនយ៉ាងរឹងមាំ ដោយបានកត់ត្រាពីកំណើនជាង ៣៨%។
ចំពោះការវិនិយោគ អាស៊ានបានក្លាយជាទិសដៅវិនិយោគដ៏សំខាន់មួយរបស់ប្រទេសចិន ព្រមទាំងជាទីតាំងនៃការវិនិយោគផ្ទាល់ពីបរទេស ក្រោយមានកិច្ចសហប្រតិបត្តិការក្នុងវិស័យកំពុងមានការរីកចម្រើនជាច្រើន ដូចជាផលិតកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងជាដើម។
ជាក់ស្តែង ការវិនិយោគទៅវិញទៅមករវាងចិននិងអាស៊ានសម្រេចបានទំហំទឹកប្រាក់ជាង ៣១០ពាន់លានដុល្លារអាមេរិក គិតត្រឹមខែមិថុនាឆ្នាំ២០២១ ខណៈចំណូលអាជីវកម្មរបស់សហគ្រាសចិននៅក្នុងបណ្តាប្រទេសនៃតំបន់អាស៊ានមានចំនួនគិតជាទឹកប្រាក់ជិត ៣៥០ ពាន់លានដុល្លារអាមេរិក។
ទន្ទឹមនឹងនេះ ប្រទេសចិនបានប្តេជ្ញា លើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មឲ្យកាន់តែ សកម្មជាងមុន ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ព្រមទាំងរួមគ្នាជំរុញការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ឬហៅកាត់ថា RCEP អោយបានឆាប់រហ័ស។
គួរជម្រាបថា ពិព័រណ៍ចិន-អាស៊ានលើកទី ១៨ និងកិច្ចប្រជុំកំពូលពាណិជ្ជកម្មវិនិយោគចិន-អាស៊ានគ្រោងនឹងរៀបចំឡើងចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែកញ្ញានៅទីក្រុង ណាននីង(Nanning) ភាគខាងត្បូងប្រទេសចិន។ ពិព័រណ៍នេះប្រារព្ធឡើងក្នុងគោលបំណង ផ្លាស់ប្តូរគំនិត យោបល់និងសកម្មភាពរវាងគ្នាទៅវិញទៅមក នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ឌីជីថល និងសុខាភិបាលជាដើម។ ពិព័រណ៍នេះ ត្រូវបានគេមើលឃើញថា នឹងជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងអាស៊ានកាន់តែប្រសើរឡើងថែមទៀត៕