ចិន-អូស្ត្រាលី

ទីបំផុត ចិន-អូស្ត្រាលីយល់ព្រមចាប់ដៃគ្នាចូលតុចរចាពាណិជ្ជកម្មឡើងវិញហើយ!


ប្រេសិតពាណិជ្ជកម្មកំពូលរបស់ចិន និងអូស្ត្រាលីនឹងជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូ បន្ទាប់ពីមានការពន្យារពេលជាច្រើនខែ ដោយសារតែភាពប្រេះឆានូវទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនាពេលន្លងមក។ ការបន្ទន់ជំហរដើម្បីចូលតុពិភាក្សារវាងមន្ត្រីកំពូលៗនៃប្រទេសទាំងពីរឡើងវិញនេះ គឺជាសញ្ញាមួយបង្ហាញថា ម្លោះសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះកំពុងងាកទៅរកភាពវិជ្ជមាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអូស្ត្រាលីកំពុងបង្ហញពីភាពវិជ្ជមាន

ស្របពេលជាមួយគ្នានេះ ផលិតផលអូស្ត្រាលីនាំចេញទៅកាន់ទីផ្សារចិន ត្រូវបានគេរំពឹងថា នឹងមានការប្រកួតប្រជែងខ្ពស់ ពិសេសជាមួយប្រទេសក្នុងតំបន់តែម្តង នៅពេលណាការនាំចេញពីអូស្ត្រាលីទៅចិនមានប្រក្រតីភាពឡើងវិញ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Wang Wentao និងសមភាគីអូស្ត្រាលីលោក Don Farrell នឹងជួបប្រជុំគ្នាតាមរយៈវីដេអូអនឡាញជាលើកដំបូងចាប់តាំងពីរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ហ្វ៊ារែល បានជាប់ឆ្នោតកាលពីខែឧសភា ឆ្នាំ២០២២។ យ៉ាងណាក៏ដោយ ភាគីទាំងពីរមិនទាន់បានឯកភាពគ្នាអំពីកាលបរិច្ឆេទសម្រាប់កិច្ចប្រជុំនៅឡើយទេ។

មែនទែនទៅ គំនិតផ្តួចផ្តើមនេះ បានចេញជារូបរាងឡើង ក្រោយពីភាពតានតឹង និងភាពជាប់គាំងនៃទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអូស្ត្រាលីជាង៣ឆ្នាំមកនេះ ត្រូវបានធូរស្បើយបន្ដិចមកវិញ នៅក្រោយពេល ទីក្រុងប៉េកាំងបានដាក់ទណ្ឌកម្ម ក៏ដូចជាហាមឃាត់លើការនាំចូល ធ្យូងថ្ម និងអាហារសមុទ្ររបស់អូស្ត្រាលី។ វាមិនមែនជារឿងចៃដន្យនោះទេ ព្រោះរដ្ឋាភិបាលទីក្រុងប៉េកាំងមានការខឹងសម្បារយ៉ាងខ្លាំងក្រោយពេលដែលអតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើប្រភពដើមនៃជំងឺរាតត្បាតកូវីដ១៩ ក្នុងឆ្នាំ២០២០នោះ។

ប៉ុន្តែមួយរយៈក្រោយនេះ ការពិភាក្សាមួយត្រូវបានធ្វើឡើងនៅក្នុងខែមករាក្នុងគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ទីក្រុងប៉េកាំង ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុននាំចូលសំខាន់ៗចំនួនបួនរបស់អូស្ត្រាលីអាចចាប់ផ្តើមពាណិជ្ជកម្មធ្យូងថ្មចូលទីផ្សារចិនវិញ។

ទោះយ៉ាងណានៅពេលដែលផលិតផលអូស្ត្រាលីអាចនាំទៅចិនដូចពីមុនបានវិញមែន នោះវាប្រឈមនឹងការប្រកួតប្រជែងខ្ពស់ដែរ ដ្បិតថា អវត្តមានកន្លងមករបស់ផលិតផលអូស្ត្រាលីជំរុញឱ្យចិនបានស្វែងរកការផ្គត់ផ្គង់ផ្សេងមកជំនួសរួចទៅហើយ។ ជាក់ស្តែង ផលិតផលបង្កងអូស្ត្រាលីអាចប្រឈមមុខនឹងការប្រកួតប្រជែងធ្ងន់ធ្ងរ ពីសំណាក់ប្រទេសគុយបា និងវៀតណាម ប្រសិនបើពួកគេត្រឡប់ជ្រៀតចូលក្នុងទីផ្សារចិន ខណៈដែលទីក្រុងប៉េកាំងពិចារណាបន្ធូរបន្ថយការរឹតបន្តឹងការនាំចូលគ្រឿងសមុទ្រពីប្រទេសអូស្ត្រាលីនោះ។

បើតាមប្រធានសភាពាណិជ្ជករគ្រឿងសមុទ្រហុងកុងបាននិយាយថា ប្រទេសចិនកំពុងពិភាក្សាអំពីការបោសសម្អាតពន្ធគយ សម្រាប់ការនាំចូលបង្កងអូស្ត្រាលីវិញ ពោលគឺនៅពីរឆ្នាំបន្ទាប់ពីដាក់កំហិតលើការនាំចូល។ ដោយឡែក ធ្យូងថ្មរបស់អូស្ត្រាលីហាក់បីដូចជាទទួលបានអត្ថប្រយោជន៍ច្រើនបន្ទាប់ពីមានការបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយ និងពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង។

គួរជម្រាបថា បើយោងតាមនាយកដ្ឋានកសិកម្មអូស្ត្រាលី ក្នុងឆ្នាំ២០០៩បង្កងអូស្ត្រាលីជាង ៩០% ត្រូវបាននាំចេញទៅកាន់ប្រទេសចិន ដែលមានតម្លៃប្រហែល៥១៨លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ ប៉ុន្តែគិតត្រឹមខែវិច្ឆិកាឆ្នាំ២០២០ ការនាំចូលបង្កងអូស្ត្រាលីទៅកាន់ទីផ្សារចិន បានធ្លាក់ចុះដល់កម្រិតសូន្យ បើទោះជាមួយចំនួនត្រូវបានគេរាយការណ៍ថា នៅតែលួចឆ្លងដែននាំចូល តាមរយៈទីក្រុងហុងកុងក៏ដោយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អូស្ត្រាលីក៏បានធ្វើពិពិធកម្មការនាំចេញបង្កងទៅកាន់ហុងកុង និងវៀតណាមផងដែរ៕




អត្ថបទបន្ទាប់


មួយសប្តាហ៍មុនថ្ងៃបុណ្យចូលឆ្នាំថ្មី ចិនមានអ្នកស្លាប់ដោយសារកូវីដជាង ១,២ម៉ឺននាក់ថែមទៀត

គិតក្នុងពេល១សប្តាហ៍មុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសចិនបានកើនឡើងដល់ជាង១ម៉ឺន២ពាន់នាក់។ ទន្ទឹមនេ…

អាល្លឺម៉ង់ និងបារាំងពង្រឹងទំនាក់ទំនង ចំពោះមុខភាពចម្រូងចម្រាស់ក្នុងការផ្តល់រថក្រោះធុនធ្ងន់ឱ្យអ៊ុយក្រែន

អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្កូល និងប្រធានាធិបតីបារាំងលោក ម៉ាក្រុង កាលពីចុងសប្តាហ៍មុន បានបញ្ជាក់ពីជំហររបស់ខ្លួនសាជាថ្មី និងទទួលស្គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ