ជាមួយគ្នានេះ សិង្ហបុរី និងឥណ្ឌូនេស៊ី បានប្រកាសជំហររួមគ្នាថា ច្រកសមុទ្រម៉ាឡាកា នឹងបន្តបើកចំហសម្រាប់នាវាមកពីគ្រប់ប្រទេសដោយមិនអនុញ្ញាតឱ្យមានការរាំងស្ទះ ឬការយកថ្លៃឆ្លងកាត់ដែលអាចប៉ះពាល់ដល់ពាណិជ្ជកម្មសកលជាដាច់ខាត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC និង Bloomberg។
ក្តីបារម្ភអំពីច្រកសមុទ្រម៉ាឡាកាមានកាន់តែខ្លាំងឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងប្រទេសអូម៉ង់ បានស្នើសុំគ្រប់គ្រងរួមលើច្រកសមុទ្រ Hormuz និងប្រមូលថ្លៃសេវាពីនាវាដែលឆ្លងកាត់។ ទោះជាសំណើនេះមិនទាន់ត្រូវបានអនុវត្តយ៉ាងណាក្ដី ក៏វាបានធ្វើឱ្យទីផ្សារថាមពល និងវិនិយោគិនជុំវិញពិភពលោកព្រួយបារម្ភថា គំរូដ៏គ្រោះថ្នាក់បែបនេះអាចត្រូវបានយកទៅអនុវត្តលើច្រកសមុទ្រយុទ្ធសាស្ត្រផ្សេងៗទៀត។
ក្នុងចំណោមច្រកសមុទ្រទាំងនោះ ច្រកសមុទ្រម៉ាឡាកា ត្រូវបានក្រុមអ្នកវិភាគចាត់ទុកថា ជាចំណុចរសើបបំផុត។ ច្រកសមុទ្រម៉ាឡាកា មានប្រវែងប្រមាណ៩០០គីឡូម៉ែត្រ ស្ថិតនៅចន្លោះ៤ ប្រទេស រូមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងថៃ ហើយជាផ្លូវសមុទ្រខ្លីបំផុតសម្រាប់ដឹកប្រេងពីតំបន់មជ្ឈិមបូព៌ាមកកាន់អាស៊ីបូព៌ា។ បច្ចុប្បន្នច្រកសមុទ្រម៉ាឡាកា ទទួលបន្ទុកដឹកជញ្ជូនប្រេងប្រមាណ២៩% នៃចរាចរណ៍ប្រេងតាមសមុទ្រទូទាំងពិភពលោក និងជាង២០% នៃពាណិជ្ជកម្មតាមសមុទ្ររបស់ពិភពលោក។
អ្នកវិភាគមកពីក្រុមហ៊ុនស្រាវជ្រាវថាមពលអន្តរជាតិ Rystad Energy បានព្រមានថា ប្រសិនបើការយកថ្លៃឆ្លងកាត់ក្លាយជាគំរូនៅច្រកសមុទ្រ Hormuz នោះ ប្រទេសផ្សេងៗដែលគ្រប់គ្រងច្រកសមុទ្រសំខាន់ៗក៏អាចពិចារណាធ្វើដូចគ្នាដែរ ហើយជាលទ្ធផលវានឹងជំរុញឱ្យថ្លៃដឹកជញ្ជូន ថ្លៃប្រេង និងថ្លៃទំនិញនៅទូទាំងពិភពលោកកើនឡើងខ្លាំង។
ទោះជាយ៉ាងណាប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានបញ្ជូនសារយ៉ាងច្បាស់ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហ្សាការតា ថា ប្រទេសទាំងពីរនឹងបន្តសហការជាមួយប្រទេសជាប់ច្រកសមុទ្រផ្សេងទៀត ដើម្បីធានាឱ្យច្រកសមុទ្រម៉ាឡាកា និងច្រកសមុទ្រសិង្ហបុរី មានសុវត្ថិភាព បើកចំហ និងអនុញ្ញាតឱ្យនាវាឆ្លងកាត់ដោយសេរី ស្របតាមអនុសញ្ញាសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS)។ ការប្រកាសនេះ ក៏ជាការបញ្ចប់មន្ទិលសង្ស័យ ដែលបានកើតឡើងកាលពីដើមឆ្នាំនេះ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ី ធ្លាប់លើកឡើងអំពីគំនិតយកថ្លៃនាវាឆ្លងកាត់ច្រកម៉ាឡាកា។ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌូនេស៊ី បានបញ្ជាក់ជាថ្មីថា ខ្លួនគាំទ្រសេរីភាពនៃការធ្វើនាវាចរណ៍ និងមិនមានផែនការអនុវត្តវិធានការបែបនោះឡើយ។
ជាមួយគ្នានេះ មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រអន្តរជាតិ CSIS របស់សហរដ្ឋអាម៉េរិក បានវាយតម្លៃថា ការបញ្ចេញឥទ្ធិពលរបស់អ៊ីរ៉ង់ លើច្រកសមុទ្រ Hormuz បានបង្ហាញថា ការគ្រប់គ្រងច្រកសមុទ្រយុទ្ធសាស្ត្រអាចក្លាយជាឧបករណ៍នយោបាយ សេដ្ឋកិច្ច និងសន្តិសុខដ៏មានអានុភាព។ មជ្ឈមបណ្ឌលនេះ បានព្រមានថា ច្រកសមុទ្រម៉ាឡាកា និងច្រកសមុទ្រតៃវ៉ាន់ គឺជាចំណុចរដ៏សើបបំផុតសម្រាប់សេដ្ឋកិច្ចពិភពលោក ហើយប្រសិនបើច្រកសមុទ្រណាមួយត្រូវរាំងស្ទះ ទោះបីជាអាចប្តូរផ្លូវដឹកជញ្ជូនបានក៏ដោយ ក៏វានឹងបង្កើនថ្លៃដើម និងរំខានយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក៕
ដោយ: តែម សុខុម