ជាមួយគ្នានេះ ភាគីជប៉ុនបានបង្ហាញជំហរគាំទ្រចំពោះកម្ពុជា ក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយជម្លោះដែនសមុទ្រ ហើយជប៉ុននឹងបន្តផ្តល់ការគាំទ្រដល់កម្ពុជាលើកិច្ចការព្រំដែននេះផងដែរ។
មកទល់ពេលនេះជម្លោះព្រំដែនរវាងកម្ពុជា និងថៃមិនទាន់មានពន្លឺនឹងបញ្ចប់នៅពេលណានៅឡើយទេ ហើយភាគីថៃនៅតែរុកកួន និងធ្វើសកម្មភាពរំលោភបំពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាជាបន្តបន្ទាប់ដូចជាការរាយបន្លាលួស ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរឹង និងការសាងសង់របងព្រំដែនជាឯកតោភាគីជាដើម។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពស្មុគស្មាញនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលមានលក្ខណៈជារចនាសម្ព័ន្ធ និងទាមទារយន្តការដោះស្រាយដោយអត់ធ្មត់ ម៉ត់ចត់ និងវែងឆ្ងាយ ដោយឈរលើគោលការណ៍សន្តិវិធី និងច្បាប់អន្តរជាតិ។ ការគូសបញ្ជាក់បែបនេះធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែលលោក អ៊ូអិណូ អាត្ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជាកាលពីថ្ងៃទី៧ ខែកក្កដា នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ក្រៅពីបញ្ហាព្រំដែន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសបញ្ជាក់ប្រាប់មន្ត្រីការទូតជប៉ុនរូបនេះដែរថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ហើយកម្ពុជា ក៏ជាប្រទេសរងគ្រោះមួយ ដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីបណ្តាញឧក្រិដ្ឋកម្មអន្តរជាតិទាំងនេះដែរ។ ឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ដោយបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ម៉ត់ចត់ និងមុតស្រួចជាបន្តបន្ទាប់ក្នុងការប្រយុទ្ធប្រឆាំង និងបោសសម្អាតបទល្មើសបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា ដើម្បីការពារ និងលើកកម្ពស់កេរ្តិ៍ឈ្មោះ ក៏ដូចជាកិត្តិយសរបស់ជាតិនៅលើឆាកអន្តរជាតិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាកំពុងបង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាមិត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រោះថាឧក្រិដ្ឋកម្មឆ្លងដែននេះទាមទារឱ្យមានការរួមដៃគ្នាជាសកល ហើយកម្ពុជាមិនអាចប្រយុទ្ធប្រឆាំងតែម្នាក់ឯងបាននោះឡើយ។
ជាមួយគ្នានេះលោក អ៊ូអិណូ អាត្ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជាក្នុងការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ UNCLOS ក្នុងការដោះស្រាយជម្លោះដែនសមុទ្រជាមួយថៃ ហើយជប៉ុននឹងបន្តជួយជ្រោមជ្រែងកម្ពុជាលើការដោះស្រាយបញ្ហាព្រំដែន។
ទន្ទឹមនឹងនេះ ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុននឹងបន្តជំរុញ និងលើកទឹកចិត្តដល់វិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត បើទោះបីជាមានការព្រួយបារម្ភខ្លះៗពីវិនិយោគិនមួយចំនួនពាក់ព័ន្ធនឹងរឿងរ៉ាវឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏ដោយ។ លោកបានសង្កត់ធ្ងន់ថា ជប៉ុនរីករាយនឹងសហការជាមួយកម្ពុជាក្នុងការបង្ក្រាការឆបោកតាមអនឡាញ ដែលជាបញ្ហារួមរបស់បណ្តាប្រទេសក្នុងតំបន់ ដែលត្រូវរួមគ្នាដោះស្រាយមិនមែនជាបន្ទុករបស់កម្ពុជាតែម្នាក់ឯងនោះទេ៕
អត្ថបទ ខេមបូណូមីស និងរូបភាពឯកសារ