យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បណ្តាញល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណិតដ៏ធំនេះមានទំហំទឹកប្រាក់ភ្នាល់រហូតដល់ទៅ១៣៣លានដុល្លារអាម៉េរិក ហើយអ្វីដែលរឹតតែគួរឱ្យកត់សម្គាល់នោះ គឺយោងតាមប្រភពស៊ើបអង្កេតខ្លះបានបង្ហាញថា កន្លែងចាក់បាល់នេះមានខ្សែបណ្តាញមេខ្យល់តភ្ជាប់មកពីប្រទេសកម្ពុជា ថែមទៀតផង។
យោងតាមការប្រកាសរបស់ប៉ូលីសវៀតណាម នៅថ្ងៃទី៧ ខែកក្កដា កម្លាំងជំនាញបានសម្រេចឃាត់ខ្លួនប្រតិបត្តិករ និងអ្នកពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់មួយក្រុមធំមានគ្នាសរុបរហូតដល់ទៅ៨៥ នាក់។ ក្រុមជនសង្ស័យទាំងនេះត្រូវបានរកឃើញថា មានការទាក់ទិនផ្ទាល់ទៅនឹងប្រតិបត្តិការភ្នាល់បាល់ទាត់ ដែលមានទ្រង់ទ្រាយធំខុសពីធម្មតាចំនួនពីរ បន្ទាប់ពីរដ្ឋាភិបាលវៀតណាម បានដាក់ចេញនូវវិធានការក្តៅក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងអំឡុងពេលនៃការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក។
ជាការពិតណាស់មកទល់ពេលនេះ ការលេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត គឺត្រូវបានហាមឃាត់ដាច់ខាត និងជាអំពើខុសច្បាប់នៅក្នុងប្រទេសវៀតណាម។ ប៉ុន្តែទោះជាយ៉ាងណា ប្រតិបត្តិការខុសច្បាប់ដែលរកប្រាក់ចំណេញដ៏មហាសាលទាំងនេះនៅតែបន្តលបលួចដំណើរការយ៉ាងគគ្លើន ជាពិសេសនៅក្នុងអំឡុងពេលដែលមានព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ធំៗដែលពេញនិយមបំផុតនៅលើពិភពលោក។
ប៉ូលីសនៅក្នុងទីក្រុងហូជីមិញ បានអះអាងថា មុនពេលឈានដល់ការបើកយុទ្ធនាការបង្ក្រាបជាទ្រង់ទ្រាយធំនេះ សមត្ថកិច្ចជំនាញបានតាមដាន ស្រាវជ្រាវ និងប្រមូលព័ត៌មានសម្ងាត់យ៉ាងយកចិត្តទុកដាក់តាំងពីខែមិថុនា មកម្ល៉េះ។ ប្រភពដដែលបានគូសបញ្ជាក់ថា ប្រតិបត្តិករល្បែងស៊ីសង ដែលសមត្ថកិច្ចរកឃើញ គឺជាបណ្តាញសង្វៀនខុសច្បាប់លំដាប់អន្តរជាតិ ដែលប្រភពខ្លះអះអាងថា មានខ្សែបណ្តាញចែកចាយ និងដំណើរការម៉ាស៊ីនមេមកពីប្រទេសកម្ពុជា។
គួររំលឹកថា យោងតាមទិន្នន័យពីក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម កាលពីសប្តាហ៍មុន បានបង្ហាញថា កម្លាំងប៉ូលីសជាតិ បានវាយកម្ទេច និងរុះរើប្រតិបត្តិការល្បែងស៊ីសងបានចំនួន៧៣កន្លែងនៅទូទាំងប្រទេស ដោយបានចាប់ខ្លួនជនសង្ស័យសរុបចំនួន៣៤៦នាក់ ដែលជាប់ពាក់ព័ន្ធនឹងការលេងល្បែងស៊ីសងខុសច្បាប់ និងការភ្នាល់បាល់ទាត់ត្រឹមតែក្នុងរយៈពេល២០ថ្ងៃដំបូង នៃការចាប់ផ្តើមព្រឹត្តិការណ៍ពាន់រង្វាន់បាល់ទាត់ពិភពលោកតែប៉ុណ្ណោះ៕
ដោយៈ សរ សុជាតិ