របាយការណ៍ថ្មីមួយរបស់អង្គការ សេហ្វហ្គាដ ឌីហ្វិនឌើ (Safeguard Defenders) បានឱ្យដឹងថា ជនជាតិចិន និងជនបរទេសជាច្រើននាក់ បានជាប់ឈ្មោះក្នុងការហាមឃាត់មិនឱ្យចាកចេញពីប្រទេសចិន។ ទន្ទឹមនឹងនេះ ការវិភាគរបស់ រើយធឺ បានរកឃើញកំណើនជាក់ស្តែងនៃសំណុំរឿងតុលាការដែលពាក់ព័ន្ធនឹងបម្រាមបែបនេះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗកន្លងទៅ។ ការណ៍នេះធ្វើឱ្យអ្នកចរចាធុរកិច្ចបរទេសសម្ដែងក្ដីព្រួយបារម្ភអំពីនិន្នាការថ្មីរបស់រដ្ឋាភិបាលចិន។ បើតាមអង្គការ សេហ្វហ្គាដ ឌិហ្វិនឌើ, មានប្រជាជនចិន«រាប់ម៉ឺននាក់»ដែលត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសនៅពេលណាមួយ។ អង្គការនេះក៏បានដកស្រង់របាយការណ៍ស្រាវជ្រាវមួយនៅឆ្នាំ ២០២២ ដែលបានរកឃើញករណីជនបរទេសចំនួន ១២៨ នាក់ ត្រូវបានហាមឃាត់ក្នុងចន្លោះឆ្នាំ ១៩៩៥ និង ២០១៩ ក្នុងនោះមានទាំងជនជាតិអាមេរិក ២៩ នាក់ និងជនជាតិកាណាដា ៤៤ នាក់ផង។ ការវិភាគរបស់ រើយធឺ លើកំណត់ត្រាស្តីពីការហាមឃាត់ការចាកចេញ ដែលផ្អែកលើមូលដ្ឋានទិន្នន័យរបស់តុលាការកំពូលរបស់ប្រទេសចិន បានបង្ហាញឱ្យឃើញការកើនឡើងចំនួន ៨ ដង ចំពោះករណីដែលនិយាយអំពីការហាមឃាត់នៅរវាងឆ្នាំ ២០១៦ និង ២០២២។ ប្រទេសចិនកាលពីសប្តាហ៍មុនបានពង្រឹងច្បាប់ប្រឆាំងចារកម្ម ដោយអនុញ្ញាតឱ្យដាក់បម្រាមលើការចាកចេញពីប្រទេសចិន ចំពោះជនណាក៏ដោយ មិនថាជនជាតិចិន ឬជនជាតិបរទេសទេ ឱ្យតែស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរ៕