របាយការណ៍ពីខាងគយចិន បានបង្ហាញឲ្យដឹងថា ចាប់ពីខែ មករា ដល់ខែសីហា ឆ្នាំនេះ ការធ្វើពាណិជ្ជកម្មរបស់ចិន ជាមួយបណ្តាប្រទេសដទៃ ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គឺធ្វើបានយ៉ាងល្អ ហើយទីផ្សារនេះ កំពុងតែពង្រីកសក្តានុពលបន្ថែមទៀត និងក្លាយជាកម្លាំងជំរុញថ្មីមួយ សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មក្រៅប្រទេសរបស់ចិន។
លោក ទូ សីងគ័ន នាយកផ្នែកសិក្សានៃសកលវិទ្យាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ បានលើកឡើងថា សក្តានុពលនៃទំនាក់ទំនងពាណិជ្ជកម្ម ត្រូវបានចាប់យកដោយ ចិន និងបណ្តាប្រទេសជាដៃគូ ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលមានជាង ២០០ប្រទេសនិងតំបន់ ហើយវាបានរុញច្រានការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឲ្យកើនឡើងសម្រាប់ទាំងអស់គ្នាតែម្តង។
រដ្ឋបាលគយទូទៅនៃប្រទេសចិន បានបង្ហាញឲ្យដឹងទៀតថា បើគិតជារួម ការធ្វើពាណិជ្ជកម្មក្រៅប្រទេសរបស់ ចិន ក្នុងរយៈពេល ៨ខែនេះ សម្រេចបានជាង ២,៨ទី្រលានដុល្លារអាមេរិក ដែលមានកំណើន ៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលក្នុងនោះ ចិន នាំចេញជាង ១.៥ទី្រលានដុល្លារអាមេរិក និងនាំចូលមកវិញជាង ១.៣ទី្រលានដុល្លារអាមេរិក។
ក្នុងអំឡុងពេលនេះ ទីផ្សារសហភាពអឺរ៉ុប ទីផ្សារអាស៊ាន និងអាមេរិក នៅតែជាទីផ្សារពាណិជ្ជកម្មកំពូលទាំង ៣ របស់ប្រទេសចិន ហើយក្រៅពីនោះ ទីផ្សារអាមេរិកឡាទីន និងទីផ្សារអាហ្រ្វិក នៅរក្សាកំណើនលូតលាស់បានល្អដូចគ្នា៕