គេនៅចាំមិនទាន់ភ្លេចឡើយ ដើមខែធ្នូឆ្នាំ២០២២ជាពេលដែលអាជ្ញាធរក្រុងប៉េកាំងទម្លាក់ចោលគោលនយោបាយសូន្យកូវីដ ហើយក៏ជាពេលដែលករណីឆ្លងផ្តើមរាលដាលយ៉ាងលឿនរហ័សឡើងវិញ នៅស្ទើរទូទាំងប្រទេស។
នៅចន្លោះពីថ្ងៃទី០៨ខែធ្នូឆ្នាំ២០២២ ដល់ថ្ងៃទី១២ខែមករាឆ្នាំ២០២៣ មានករណីស្លាប់ដោយសារកូវីដ១៩នៅតាមមន្ទីរពេទ្យនៃប្រទេសចិន មានចំនួន ៥៩ ៩៣៨នាក់។ នេះបើតាមការបញ្ជាក់ពីលោក ចាវ យ៉ាហ៊ុយ ប្រធានការិយាល័យរដ្ឋបាលវេជ្ជសាស្ត្រ នៃគណៈកម្មាធិការសុខភាពជាតិចិន។ ក្នុងចំណោមអ្នកស្លាប់ទាំងនេះ គឺមាន ៥៥០៣នាក់ ដែលស្លាប់ដោយខូចប្រព័ន្ធដកដង្ហើម ដែលបណ្តាលមកពីមេរោគកូវីដ។ នេះជាចំនួនអ្នកស្លាប់តាមមន្ទីរពេទ្យប៉ុណ្ណោះ ដោយគេមិនទាន់រាប់ចូលអ្នកស្លាប់នៅតាមផ្ទះឡើយ បានសេចក្តីថាអ្នកស្លាប់សរុបអាចមានច្រើនជាងនេះទៀត។
អង្គការសុខភាពពិភពលោក បានស្វាគមន៍ការប្រកាសពីទិន្នន័យរបស់ចិនដែលធ្វើឡើងកាលពីចុងសប្តាហ៍មុន ប៉ុន្តែកន្លងមក WHO បានរិះគន់ជារឿយៗដល់ការគ្មានតម្លាភាព និងកង្វះខាតទិន្នន័យពីអាជ្ញាធរចិន និងបានទៅលើកសរសើរទិន្នន័យរបស់អាមេរិកថាមានតម្លាភាពល្អ។
ទោះយ៉ាងណា ប្រមុខអង្គការសុខភាពពិភពលោក លោក តេត្រូស បានឱ្យដឹងថា លោកបានជជែកជាមួយ លោក ម៉ា ហ្សេវវី (Ma Xiaowei) ប្រធានគណៈកម្មការសុខាភិបាលជាតិរបស់ប្រទេសចិន អំពីការផ្ទុះឡើងនៃមេរោគកូវីដចុងក្រោយនេះ ដោយអះអាងថា វាជាករណីស្រដៀងទៅនឹងអ្វីដែលគេបានឃើញនៅក្នុងប្រទេសមួយចំនួនទៀតដែរពីការរើឡើងវិញរបស់កូវីដ។
គួរជម្រាបថា អ្នកជំនាញសុខាភិបាលអន្តរជាតិមួយចំនួនបាន ព្យាករថាអ្នកស្លាប់នៅចិននឹងមានហោចណាស់ ១លាននាក់សម្រាប់ឆ្នាំ២០២៣នេះ។ តួលេខអ្នកស្លាប់នៅចិនលោតឡើងយ៉ាងលឿន ពីជាង៥០០០នាក់ដែលជាតួលេខស្លាប់តិចបំផុតក្នុងលោក គិតត្រឹមខែវិច្ឆិកា រហូតដល់ជិត៦ម៉ឺននាក់នៅពេលនេះ៕