ប្រតិបត្តិករធនាគារពាណិជ្ជធំៗបានគូសបញ្ជាក់ប្រាប់ថា ចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលខ្ចីពីធនាគារក្រោមរូបភាពជាប្រាក់កម្ចីអាជីវកម្មត្រូវបានយកទៅប្រើប្រាស់ជាការទិញអចលនទ្រព្យ និងវិនិយោគលើផ្សារភាគហ៊ុនទៅវិញ នៅអំឡុងពេលនៃវិបត្តិមេរោគរាតត្បាតកាលពីឆ្នាំមុន។
ធនាគារនៅប្រទេសចិនកំពុងប្រញាប់ប្រញាល់ប្រមូលប្រាក់កម្ចីដែលបានបញ្ចេញកាលពីឆ្នាំមុននោះត្រឡប់មកវិញ ហើយនឹងមិនពង្រីកការផ្ដល់កម្ចីបែបនេះតទៅទៀតនោះទេ។
ប្រទេសចិនបានបង្កើនការគាំទ្រឥណទាននៅក្នុងសេដ្ឋកិច្ចឆ្នាំ២០២០ នៅពេលដែលមានមេរោគរាតត្បាតខ្លាំង ប៉ុន្ដែ បុគ្គលដែលបានខ្ចីប្រាក់មួយចំនួនបានប្រើប្រាស់កម្ចីទាំងនោះមិនបានត្រឹមត្រូវនោះទេ ដោយយកទៅទិញអចលនទ្រព្យទុកលក់យកចំណេញ និងទិញភាគហ៊ុនជាដើម ដែលធ្វើឲ្យទីផ្សារកំពុងស្ថិតនៅក្នុងហានិភ័យកាន់តែខ្លាំងឡើង។
ការផ្ដល់កម្ចីទៅកាន់អាជីវកម្មខ្នាតតូច និងខ្នាតតូចបំផុត ដោយធនាគារពាណិជ្ជធំៗនៅក្នុងប្រទេសចិន បានបង្កើនដល់ទៅ ៥០% កាលពីឆ្នាំមុន និងមានគោលដៅបង្កើន៣០% នៅក្នុងឆ្នាំនេះ។ នេះបើតាមរបាយការណ៍របស់រដ្ឋាភិបាលចិន។
ប្រធាន គណៈកម្មការនិយតកម្មធនាគារ និង ធានារ៉ាប់រងចិន បានលើកឡើងថា លោកកំពុងបារម្ភខ្លាំងអំពីហានិភ័យកំពុងកើនឡើងខ្លាំងនៅក្នុងទីផ្សារបរទេស ហើយលោកក៏បានគូសបញ្ជាក់ទៀតថា ហានិភ័យដែលកំពុងប្រឈមខ្លាំងគឺនៅក្នុងវិស័យអចលនទ្រព្យតែម្ដង៕