ប្រទេសចិនបានចេញមុខមកបដិសេធ និង ព្រលះទៅវិញខ្លាំងៗ ចំពោះការចេញសេចក្ដីថ្លែងការណ៍របស់ក្រុមប្រទេសមានឧស្សាហកម្មរីកចម្រើនទាំង៧ ហៅថាកាត់ថា G7 ដែលបានស្ដីបន្ទោសមកលើរដ្ឋាភិបាលទីក្រុងប៉េកាំងជុំវិញបញ្ហាជាច្រើន ដោយក្នុងនោះ ចិន អះអាងថា ការលើកឡើងរបស់ក្រុមប្រទេស G7 គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្លួន ហើយចិនក៏បានទទូចប្រាប់ឲ្យក្រុមប្រទេសទាំងអស់នោះ បញ្ឈប់ការនិយាយបង្ខូចឈ្មោះប្រទេសចិនតទៅទៀត។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Reuters ។
ការឆ្លើយតបពីសំណាក់ប្រទេសចិនយ៉ាងដូច្នេះ គឺធ្វើឡើងបន្ទាប់ពីក្រុមមេដឹកនាំនៃប្រទេសដែលមានឧស្សាហកម្មរីកចម្រើនទាំង៧ ឬហៅកាត់ថា G7 កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន បានលើកយកបញ្ហាប្រទេសចិនមកនិយាយជាច្រើន ទាក់ទងនឹងរឿងសិទ្ធិមនុស្សនៅក្នុងតំបន់មានជនជាតិម៉ូស្លីមរស់នៅក្នុងខេត្តស៊ិនជាំងប្រទេសចិន ហើយក្រុមប្រទេស G7 ក៏បានអំពាវនាវឲ្យទីក្រុងហុងកុង រក្សាស្វ័យភាពរបស់ខ្លួនឲ្យបានខ្ពស់ និងបានគូសបញ្ជាក់ពីសារសំខាន់នៃសន្ដិភាព និងស្ថិរភាពនៅក្នុងកោះតៃវ៉ាន់ផងដែរ ដែលបញ្ហាទាំងអស់នេះ ត្រូវបានគេមើលឃើញថា គឺសុទ្ធសឹងជាចំណុចក្តៅ និង រសើបបំផុតរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។
ស្ថានទូតចិនប្រចាំនៅទីក្រុងឡុងដ៏ នៃចក្រភពអង់គ្លេស បានលើកឡើង ដាក់ចំៗចំពោះក្រុម ប្រទេសដែលមានឧស្សាហកម្មរីកចម្រើនទាំង៧ G7 ថា ខ្លួនមិនពេញចិត្តនោះទេ ហើយចិននឹងប្រឆាំងយ៉ាងដាច់ខាត ចំពោះការលើកឡើង ដោយបំភ្លៃការពិតទាក់ទងនឹងបញ្ហានៅក្នុងខេត្តស៊ិនជាំង, ទីក្រុងហុងកុង និង កោះតៃវ៉ាន់ ហើយការលើកឡើងបែបនេះ វាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវចេតនាទុច្ចរិតរបស់ប្រទេសមួយចំនួន ដូចជា អាមេរិកជាដើម ។
ស្ថានទូតចិននៅទីក្រុងឡុងដ៏ ក៏បានបន្ថែមទៀតថា ជាមួយនឹងការរីករាលដាលនៃកូវីដ-១៩ នៅតែបន្ដរាតត្បាត ហើយសេដ្ឋកិច្ចពិភពលោកកនៅតែជួបបញ្ហា សហគមន៍អន្តរជាតិត្រូវការសាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងអស់ ជាជាងការសាបព្រោះនូវការបែងចែកអំណាចនយោបាយ។
ស្ថានទូតចិនក៏បានសង្កត់ធ្ងន់ទៀតថា ប្រទេសចិន គឺជាប្រទេសដែលស្រឡាញ់សន្ដិភាព និងគាំទ្រដល់កិច្ចសហប្រតិបត្តិការ ប៉ុន្ដែក៏មានគោលជំហជាមូលដ្ឋានសំខាន់របស់ខ្លួនដែរ។
ស្ថានទូតចិននៅទីក្រុងឡុងដ៏ដដែល បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចការផ្ទៃក្នុងរបស់ចិនមិនត្រូវមានការជ្រៀតជ្រែកដាច់ខាត កេរ្តិ៍ឈ្មោះរបស់ចិនក៏មិនត្រូវឲ្យមានការបង្កាច់បង្ខូចដែរ ហើយផលប្រយោជន៍របស់ចិន មិនក៏ត្រូវមានការរំលោភបំពាននោះដែរ»។
យ៉ាងណាក៏ដោយចុះ កោះតៃវ៉ាន់ បានចេញមុខមកស្វាគមន៍ចំពោះសេចក្ដីថ្លែងការណ៍របស់ប្រទេសដែលមានឧស្សាហកម្មជឿនលឿនទាំង៧ G7 ហើយតៃវ៉ាន់ក៏នឹងបន្ដស្វែងរកការគាំទ្រពីអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសអាមេរិកតែម្តង។
ទីប្រឹក្សាសន្ដិសុខ នៃសេតវិមានសហរដ្ឋអាមេរិក លោក Jake Sullivan បាននិយាយថា សេចក្ដីថ្លែងការណ៍របស់ប្រទេស G7 កាលពីថ្ងៃអាទិត្យសប្ដាហ៍មុននេះ គឺជាការបោះជំហានទៅមុខយ៉ាងសំខាន់សម្រាប់ក្រុមប្រទេសទាំងនេះ ខណៈដែលមេដឹកនៃប្រទេសធំៗទាំងអស់បានប្រមូលយកនូវតម្រូវការនានា ដើម្បីប្រឆាំង និង ប្រកួតប្រជែង ជាមួយនឹងប្រទេសចិនលើបញ្ហាប្រឈមនានា រាប់ចាប់តាំងពីការ ការពារលទ្ធិប្រជាធិបតេយ្យ និង ការប្រណាំងប្រជែងផ្នែកបច្ចេកវិទ្យា ជាដើម។
ស្ថានទូតចិននៅអង់គ្លេស ក៏បានលើកឡើងទៀតថា ប្រទេសដែលមានឧស្សាហកម្មរីកចម្រើនទាំង៧ G7 គួរតែធ្វើកិច្ចការបន្ថែមទៀត ដែលជំរុញដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ជំនួសឲ្យការបង្កើតការប្រឈមមុខដាក់គ្នា មើលមុខគ្នាមិនត្រង់។
បន្ថែមពីលើនេះទៅទៀត ស្ថានទូតចិន បានបញ្ជាក់ទៀតថា ដំណើការស្វែងរកប្រភពដើមនៃវីរុស កូរ៉ូណា ឬ កូវីដ-១៩ នេះ គួរតែមិនត្រូវធ្វើឡើងក្រោមហេតុផលនយោបាយនោះទេ។ ការអះអាងបែបនេះ បន្ទាប់ពីប្រទេសរីកចម្រើនទាំង៧ G7 នៅក្នុងសេចក្ដីថ្លែងការណ៍បានទាមទារឲ្យមានការស៊ើបអង្កេតពេញលេញ និង ហ្មត់ចត់អំពីប្រភពដើមនៃមេរោគកូរ៉ូណា ឬកូវីដ-១៩ នៅក្នុងប្រទេសចិន៕