អ្នកជំនាញនៅក្នុងមជ្ឈមណ្ឌលព័ត៌មានរបស់រដ្ឋចិន បាននិយាយថា ទោះមានហានិភ័យ កត្តាប្រឈម និងភាពមិនច្បាស់លាស់ច្រើនក៏ដោយ តែនិន្នាការទូទៅនៃកំណើនសេដ្ឋកិច្ចចិន នឹងនៅតែបន្ដមិនផ្លាស់ប្ដូរនោះទេ។ ភាពមិនច្បាស់លាស់ដែល ចិនកំពុងប្រឈមមុននោះ គឺទាក់ទងនឹងបញ្ហារីករាលដាលជាសកលកូវីដ-១៩, ការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក, ទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និងល្បែងពាណិជ្ជកម្មរវាងប្រទេសមហាអំណាច។
ដោយឡែក ចំពោះបញ្ហាប្រឈមក្នុងស្រុកដែលចិនអាចនឹងត្រូវជួបប្រទះរួមមាន ការកើនឡើងនៃសម្ពាធការងារ, ផលលំបាកក្នុងការគ្រប់គ្រង និងការការពារហានិភ័យ និងបញ្ហាបំណុលក្នុងស្រុករបស់រដ្ឋាភិបាលជាដើម។
ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងយ៉ាងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងកូវីដ-១៩ និងការអភិវឌ្ឍសង្គមឆ្នាំ២០២១ ប្រទេសចិនត្រូវបានគេមើលឃើញថា នឹងមានសេដ្ឋកិច្ចស្ទុះងើបឡើងលឿន និងរឹងមាំ នៅក្នុងត្រីមាសទី ១ និងទី២ នៅឆ្នាំ២០២១។
តាមការព្យាកររបស់ IMF កាលពីខែតុលា បានបង្ហាញថា សេដ្ឋកិច្ចចិននៅឆ្នាំ២០២០ នៅតែរក្សាបានកំណើនវិជ្ជមានជិត២% ខណៈដែលឆ្នាំ២០២១ រំពឹងថានឹងបន្ដកើនឡើងដល់ទៅ ៨,២%៕