តម្លៃថាមពល និងទំនិញសកលបានកើនឡើងដល់កម្រិតខ្ពស់នៅមួយទស្សវត្សរ៍ចុងក្រោយនេះ ខណៈការកើនឡើងនេះ ចំពេលមានការភ័យខ្លាចនៃការរំខានដល់ការផ្គត់ផ្គង់ បន្ទាប់ពីមានការផ្ទុះសង្គ្រាមឈ្លានពានពីសំណាក់រុស្ស៊ីទៅកាន់ប្រទេសអ៊ុយក្រែន។
យ៉ាងណាមិញ លោក Lian Weiliang អនុប្រធានគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិនៃប្រទេសចិនបាននិយាយនៅក្រៅកិច្ចប្រជុំសភាថា បើទោះបីជាជម្លោះភូមិសាស្ត្រនយោបាយ និងការផ្លាស់ប្តូរនៃការផ្គត់ផ្គង់ និងតម្រូវការថាមពលសកលបានជះឥទ្ធិពលដល់ការផ្គត់ផ្គង់ថាមពលប្រកបដោយសុវត្ថិភាពរបស់ប្រទេសចិនក៏ដោយ ប៉ុន្តែលោកបានបន្តថា ប្រទេសចិនមានទំនុកចិត្តថា នឹងអាចធានាបាននូវការផ្គត់ផ្គង់ថាមពលសម្រាប់ការប្រើប្រាស់ក្នុងស្រុក។
ជាមួយគ្នានេះ លោកក៏បានទទួលស្គាល់ដែរថា ការកើនឡើងតម្លៃប្រេងឆៅ និងឧស្ម័នសកលនឹងមានការប៉ះពាល់ដល់ប្រទេសចិន ខណៈដែលទីក្រុងបាននាំចូលប្រភពប្រេងច្រើនជាង ៧០% និងឧស្ម័ន ៤០% មកពីក្រៅប្រទេស ប៉ុន្តែផលប៉ះពាល់នេះទីក្រុងប៉េកាំងអាចគ្រប់គ្រងបាន។
សូមជម្រាបថា ប្រទេសចិនបានធ្វើពិពិធកម្មការផ្គត់ផ្គង់ប្រេង និងឧស្ម័នរបស់ខ្លួន ហើយការនាំចូលអាចនៅតែមានស្ថិរភាពដរាបណាភាគីទាំងអស់អនុវត្តទៅតាមកិច្ចសន្យា។
ទន្ទឹមនេះ ស្ថាប័នរៀបចំផែនការរដ្ឋចិនក៏មានគោលបំណងជំរុញទិន្នផល និងបម្រុងប្រេង ឧស្ម័ន ក៏ដូចជាធ្យូងថ្មដែរ ហើយវាក៏បានផ្តល់នូវថាមពលដល់រោងចក្រផលិតអគ្គិសនីជាង ៦០% របស់ប្រទេសចិន។
គួរជម្រាបថា ប្រទេសចិននឹងប្រមូលទិន្នផលស្តុកធ្យូងថ្មដែលអាចប្រើប្រាស់បាន ២០០លានតោន ខណៈស្តុកឧស្ម័នមានជាង ៥ពាន់លានម៉ែត្រគូប ហើយវានឹងបង្កើនបរិមាណអគ្គិសនីបម្រុងសម្រាប់ការប្រើប្រាស់បន្ទាន់បានដល់ទៅជាង ៣០ ជីហ្គាវ៉ាត់៕
អត្ថបទ ស៊ើង និមល់