លោក ហ្វូ ចាវឡាន (Fu Jiaolan) ប្រធានអ្នកព្យាករណ៍នៅមជ្ឈមណ្ឌលឧតុនិយមជាតិរបស់ចិនបានប្រាប់សារព័ត៌មានក្នុងស្រុករបស់ចិនថា រលកកម្ដៅនេះត្រូវបានគេរំពឹងថា នឹងមានលក្ខណៈស្រដៀងគ្នានឹងរលកកម្ដៅដែលបានកើតមានកាលពីថ្ងៃទី ៥-១៧ ខែកក្កដាកន្លងទៅថ្មីៗនេះ តែវានឹងមានសីតុណ្ហភាពក្តៅខ្លាំងជាង ពោលគឺសីតុណ្ហភាពអាចឡើងដល់ ៤០អង្សាសេឯណោះ។
កាលពីថ្ងៃសុក្រទីក្រុងមួយចំនួនក្នុងខេត្ត ជឺជាំង(Zhejiang) ដែលជាតំបន់បណ្តុំរោងចក្រនិងក្រុមហ៊ុននាំចេញជាច្រើន បានចេញការជូនដំណឹងកំរិតពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុត ដោយបានព្យាករណ៍ពីសីតុណ្ហភាពយ៉ាងហោចណាស់អាចមានដល់ជាង ៤០អង្សាសេចាប់ពីចុងសប្តាហ៍នេះតទៅ។
ដោយឡែក នៅចំពោះមុខរលកកំដៅនេះដែរ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយចិន បានព្រមានថា បន្ទុកនឹងធ្លាក់លើបណ្តាញអគ្គិសនីជាតិ ដែលការប្រើប្រាស់អគ្គិសនីអាចឡើងដល់កម្រិតខ្ពស់ថ្មីមួយនៅរដូវក្តៅនេះ។ ប្រការនេះ បណ្តាលឱ្យប្រតិបត្តិការចែកចាយអគ្គិសនី ប្រឈមនឹងការធ្វើការធ្ងន់ និងជួបបញ្ហារអាក់រអួល។
ក្រសួងដដែលបន្តថាខេត្ត ជឺជាំង ក៏ដូចជាផ្នែកខ្លះនៃខេ្ត ហ្វូចៀន ហ្គ័រដុង ហួណាន ជាំងស៊ី និងទីក្រុង ឆុងឈីង ក៏ប្រឈមនឹងហានិភ័យនៃភ្លើងឆេះព្រៃក្នុងរយៈពេលដ៏ខ្លីខាងមុខនេះដែរ។
គួរជម្រាបថា កំដៅនៅក្នុងប្រទេសចិនក្នុងរដូវក្តៅឆ្នាំនេះ ត្រូវបានគេពិពណ៌នាថា ជាកំដៅដ៏ខ្លាំងក្លាមិនធ្លាប់មាន ដែលនឹងជំរុញឱ្យមានតម្រូវការម៉ាស៊ីនត្រជាក់កើនច្រើន នៅតាមផ្ទះ ការិយាល័យ និងរោងចក្រ ហើយវាក៏ជំរុញឱ្យមានការប្រើប្រាស់អគ្គិសនីនៅក្នុងខេត្តជាច្រើនកើនឡើងដល់កំណត់ត្រាខ្ពស់ផងដែរ។
គួររំឭកថា មិនមែនតែនៅប្រទេសចិននោះទេ ដែលបាននិងកំពុងទទួលរងរលកកំដៅ។ ចាប់តាំងពីខែមិថុនាមក រលកកំដៅក៏បានបោកបក់តំបន់ផ្សេងទៀតនៃអាស៊ីបូព៌ា អឺរ៉ុបខាងលិច អាហ្វ្រិកខាងជើង និងអាមេរិកខាងជើង ដែលបង្កឱ្យមានភ្លើងឆេះព្រៃនៅក្នុងប្រទេសជាច្រើនផងដែរ ពិសេសនៅបែកអឺរ៉ុប៕