ដ្ឋបាលនីយ័តកម្មទីផ្សាររបស់ចិន បានអះអាងថា ក្រុមហ៊ុន Nvidia ដែលជាអ្នកអភិវឌ្ឍន៍បន្ទះឈីបដ៏មានតម្លៃបំផុតនៅលើពិភពលោកបានបំពានច្បាប់ប្រឆាំងនឹងទំនុកចិត្តរបស់ចិន ក៏ដូចជាបានរំលោភលើកិច្ចព្រមព្រៀងមួយ ដែលសម្រេចបានកាលពីឆ្នាំ២០២០ ជាពេលដែលទីក្រុងប៉េកាំង បានយល់ព្រមតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន Nvidia ដើម្បីទិញយកក្រុមហ៊ុនបច្ចេកវិទ្យា Mellanox ដែលមានមូលដ្ឋាននៅអ៊ីស្រាអែលក្នុងតម្លៃជិត៧ពាន់លានដុល្លារ។
លក្ខខណ្ឌក្នុងកិច្ចព្រមព្រៀងនោះបានចែងថា ក្រុមហ៊ុន Nvidia នឹងត្រូវបន្តផ្គត់ផ្គង់ឧបករណ៍បង្កើនល្បឿន GPU របស់ខ្លួន និងឧបករណ៍បណ្តាញល្បឿនលឿនរបស់ក្រុមហ៊ុន Mellanox ដល់អតិថិជនចិន ។
ការបើកការស៊ើបអង្កេតរបស់អាជ្ញាធរចិននេះ បានធ្វើឡើងនៅមួយសប្តាហ៍ក្រោយ បន្ទាប់ពីប្រទេសចិន បានបង្ហាញការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការនាំចេញវត្ថុធាតុដើមសំខាន់ៗទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីជាការឆ្លើយតបទៅនឹងការរឹតបន្តឹងចុងក្រោយបង្អស់របស់ទីក្រុងវ៉ាស៊ីនតោន លើឧបករណ៍ផលិតបន្ទះឈីប និងកម្មវិធីសូហ្វវែរ និងការបន្ថែមអង្គភាពរបស់ចិន ជាង១៤០ ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់អាម៉េរិក។
ស្របពេលដែលទីក្រុងប៉េកាំង បានប្រកាសអំពីការទប់ស្កាត់ការនាំចេញវត្ថុធាតុដើមនេះដែរ សមាគមឧស្សាហកម្មកំពូលចំនួន៤របស់ចិន បានចេញការព្រមានដ៏កម្រមួយថា ក្រុមហ៊ុនរបស់ចិន គួរតែប្រុងប្រយ័ត្នក្នុងការទិញបន្ទះសៀគ្វីរបស់អាម៉េរិក ព្រោះវាលែងមានសុវត្ថិភាពទៀតហើយ៕
អត្ថបទ៖ សុខ មង្គល