ក្រោយបង្ហាញការសោកស្តាយពីសំណាក់អ្នកប្រជាធិបតេយ្យលោក ឆុក ស្កូម័រ (Chuck Schumer) មេដឹកនាំព្រឹទ្ធសភាអាមេរិក ដែលកំពុងមានវត្តមានក្នុងក្រុងប៉េកាំង ក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថ្មីមួយរបស់ខ្លួនថា «ចិនថ្កោលទោសចំពោះហិង្សា និងការវាយប្រហារលើជនស៊ីវិលស្លូតត្រង់នៅក្នុងប្រទេសអ៊ីស្រាអែល និងតំបន់ Gaza ហើយអ្វីដែលត្រូវធ្វើនៅពេលនេះ គឺបទឈប់បាញ់និងរក្សាសន្តិភាពឡើងវិញ។ យោងតាមសេចក្តីថ្លែងការណ៍ដំបូងរបស់ចិន គឺគ្រាន់តែអំពាវនាវឱ្យមានការទប់ស្កាត់ស្ថានការ និងការពារជីវិតជនស៊ីវិលប៉ុណ្ណោះ។
លោកឆុក ស្កូម័រ (Chuck Schumer) កាលពីថ្ងៃចន្ទ ទី៩ ខែតុលា បានសំណះសំណាលជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង ជាង១ម៉ោងកន្លះ នៅទីក្រុងប៉េកាំង ក្នុងដំណើរទស្សនកិច្ចរួមជាមួយសមាជិក និងគណៈប្រតិភូព្រឹទ្ធសភាអាមេរិក៥នាក់ ផ្សេងទៀត។ លោកបានលើកឡើងប្រាប់លោកស៊ីថា លោកមានការសោកស្តាយខ្លាំងណាស់ចំពោះការឆ្លើយតបមិនសូវមានទម្ងន់របស់ចិន ព្រោះព្រឹត្តការណ៍វាយប្រហារដោយក្រុមជ្រុលនិយមនេះ គួរតែត្រូវបានប្រជាជនចិន បង្ហាញពីសាមគ្គីភាពជាមួយប្រជាជនអ៊ីស្រាអែល និងថ្កោលទោសចំពោះទង្វើគ្មានមនុស្សធម៌នេះ។
ក្រៅពីបញ្ហានៅអ៊ីស្រាអែល លោកស៊ី បានប្រាប់លោកឆុក ក្នុងជំនួបនៅថ្ងៃចន្ទ នោះដែរថា ទំនាក់ទំនងចិន-អាមេរិក នឹងជះឥទ្ធិពលដល់ជោគវាសនារបស់មនុស្សជាតិ។ លោកថា មានហេតុផលរាប់ពាន់ក្នុងការធ្វើឱ្យទំនាក់ទំនងចិន និងសហរដ្ឋអាមេរិកល្អប្រសើរ តែមានហេតុមួយប៉ុណ្ណោះធ្វើឱ្យប្រទេសទាំងពីរប្រេះស្រាំ។
របៀបដែលចិននិងអាមេរិក ធ្វើការជាមួយគ្នានៅចំពោះមុនការផ្លាស់ប្តូរ និងភាពចលាចលពិភពលោក នឹងកំណត់ជោគវាសនា អនាគតរបស់មនុស្សជាតិទាំងមូល។ លោកឆុក ស្កូម័រ ក៏បានយល់ស្របចំពោះការលើកឡើងនេះដែរ។
មេដឹកនាំព្រឹទ្ធសភាអាមេរិករូបនេះក៏បានជួបជាមួយលោក ហ្សៅ លីជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនជាតិចិនដែរ នៅថ្ងៃចន្ទនោះ។ លោកឆុក បានប្រាប់លោកហ្សៅថា ការប្រកួតប្រជែងគ្នារវាងប្រទេសមហាអំណាចលើពាណិជ្ជកម្ម បច្ចេកវិទ្យា ការទូតជាដើម គឺជាធម្មជាតិ។ តែសង្កត់ធ្ងន់ថា អាមេរិកចង់បានការប្រកួតប្រជែង មិនចង់បានជម្លោះនឹងគ្នាទេ៕