លោក ចៅ ជុន អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនផលិតម៉ាស់ ឡានស៊ីន បានគូសបញ្ជាក់ តម្រូវការម៉ាស់ កំពុងតែកើនឡើងខ្លាំងណាស់ ទូទាំងប្រទេសចិន ហើយវាមានការខ្វះខាតច្រើនបំផុត ជាពិសេសនៅតាមមន្ទីរពេទ្យ ហើយអតិថិជនរបស់លោក បញ្ជាទិញរហូតដល់ទៅ ២០០លានម៉ាស់ក្នុងមួយថ្ងៃ ខណៈដែរក្រុមហ៊ុន ផលិតជាធម្មតាបានតែ៤សែនម៉ាស់ក្នុងមួយថ្ងៃ។
លោក លី ឆេងស៊ូ ប្រធានសហគ្រាសផលិតផលការពារ Xiamen បានលើកឡើងថា ក្រុមហ៊ុនរបស់លោក នឹងធ្វើការបន្ថែមម៉ោង ដើម្បីផលិតម៉ាស់ប្រភេទ KN95 ចំនួន ៤ម៉ឺនម៉ាស់ ក្នុងមួយថ្ងៃ ដោយវាមានសមត្ថភាពអាច តំរងធូលីដី បានរហូតដល់ទៅ ៩៥%។
ក្រុមហ៊ុនជាច្រើនផ្សេងទៀត ក៏បានឲ្យបុគ្គលិក ធ្វើការបន្ថែមចំនួន ២ម៉ោង ពីលើម៉ោងការងារធម្មតា និងប្រើប្រាស់សេវាដឹកជញ្ជូនរហ័ស ដែលចាត់ទុកជា ការចូលរួមប្រឹងប្រែងដោះស្រាយបញ្ហាមេរោគ កូរ៉ូណា ទាំងអស់គ្នា។
យោងតាមផែនការរបស់ លោក វ៉ាង ឆាងសិន ប្រធានក្រុមហ៊ុនវេជ្ជសាស្ត្រ និងផលិតផលសុខភាព សាន់គី គឺថា ក្រុមហ៊ុនរបស់លោក នឹងធ្វើការផ្គត់ផ្គង់ម៉ាស់ពេទ្យចំនួន ២០លានម៉ាស់ សម្លៀកបំពាក់ពេទ្យ ១០ម៉ឺនឈុត និងម៉ាសប្រភេទ N95 ចំនួន ១លានម៉ាស់ ទៅកាន់ខេត្តហ៊ូប៉ី ក្នុងរយៈពេល ២០ថ្ងៃ ឲ្យបានរួចរាល់។
លោក វ៉ាង ឆាងសិន បញ្ជាក់ថា បុគ្គលិកគ្រប់រូប សុទ្ធតែធ្វើការថែមម៉ោង ដើម្បីផលិតម៉ាស់ ឲ្យបាន ១លាន ៥សែន ទៅ ២លានម៉ាស់ ក្នុងមួយថ្ងៃ ហើយលោកនៅតែបន្ត ហៅបុគ្គលិកដែលឈប់សម្រាក ឲ្យត្រលប់មកវិញ ដើម្បីជម្រុញផលិតកម្មបន្ថែមទៀត។
ក្រុមហ៊ុនផលិតម៉ាស់ដ៏ល្បីរបស់អាមេរិក ដែលមានឈ្មោះថា 3M និង Honeywell ក៏បានចេញសេចក្តីប្រកាសដែរថា ពួកគេ នឹងបន្តផ្គត់ផ្គង់ម៉ាស់ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ដោយមិនមានការតម្លើងថ្លៃទំនិញនោះឡើយ។
លោក ម៉ៅ វ័យ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន បានបញ្ជាក់ថា សហគ្រាសផលិតម៉ាស់ បានចាប់ផ្តើមដំណើរការផលិតកម្មរបស់ពួកគេឡើងវិញ ប្រមាណជាង ៤០% ដោយអាចផលិតបាន ៨លានម៉ាស់ក្នុងមួយថ្ងៃ ហើយនៅពេលដែលពួកគេបើកដំណើរការពេញសមត្ថភាព គឺអាចផលិតបាន ២០លានម៉ាស់ក្នុងមួយថ្ងៃ។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរូបនេះ ក៏បានស្នើឲ្យ ក្រុមហ៊ុនទិញលក់ទំនិញអនឡាញ ជួយធ្វើការដឹកជញ្ជូនឲ្យបានឆាប់រហ័ស នឹងជួយឃ្លាំមើលទៅលើ តម្លៃ ឲ្យមានស្ថេរភាព។
គួររម្លឹកបន្តិចថា ក្រសួងហិរញ្ញវត្ថុចិន បានប្រកាសឲ្យដឹងថា ថវិកាជំនួយជាង ១៦០០លានដុល្លារ នឹងត្រូវបានប្រើប្រាស់ជាពិសេសសម្រាប់ ការព្យាបាលជម្ងឺថ្មីនេះ ការប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារៈសម្រាប់ការពារការរីករាលដាលនៃជម្ងឺនេះ ហើយរដ្ឋាភិបាលចិន នឹងប្រឹងប្រែងបន្ថែមទៀត ដើម្បីធានាឲ្យបាន ថាមានថវិកាប្រើប្រាស់គ្រប់គ្រាន់ សម្រាប់ការបង្ការ និងការពារ ការរាតត្បាតនៃជម្ងឺដ៏កាចសាហាវនេះ៕