លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រកាស ក្នុងវេទិការសេដ្ឋកិច្ចអន្តរជាតិមួយ ដែលធ្វើឡើងនៅប្រទេសរុស្ស៊ី ថ្មីៗនេះថា ចិន មានឆន្ទៈ ក្នុងការចែករំលែកនូវ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ជាមួយបណ្តាប្រទេសដទៃ រួមទាំង បច្ចេកវិទ្យា 5G ចុងក្រោយបង្អស់នេះផងដែរ ដើម្បីធ្វើការជាមួយគ្នា ដាំដុះសមត្ថភាពស្នូលថ្មី និងផ្លាស់ប្តូរគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើង។
នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិនោះផងដែរ លោក ពូ ទីន ប្រធានាធិបតីប្រទេសរុស្ស៊ី ក៏បានរិះគន់ដល់ សហរដ្ឋអាមេរិក ដែលបានរឹតបន្តឹង លើបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei និងព្យាយាមរុញច្រានបច្ចេកវិទ្យានេះ ចេញពីទីផ្សារអន្តរជាតិថែមទៀតផង។
បន្ទាប់ពី ជំនួបពិភាក្សារវាង ប្រធានាធិបតីនៃប្រទេសទាំងពីរខាងលើ ក៏មានក្រុមហ៊ុនទូរស័ព្ទរុស្ស៊ី M.T.S និងក្រុមហ៊ុនចិន Huawei បានឈានដល់កិច្ចព្រមព្រៀងអភិវឌ្ឍន៍បច្ចេកវិទ្យា 5G ក្នុងប្រទេសរុស្ស៊ី និងចាប់ផ្តើមដំណើរការសាកល្បងនៅឆ្នាំ ២០២០ខាងមុខ។
ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រសួងបានផ្តល់ អាជ្ញាប័ណ្ណលើបច្ចេកវិទ្យា 5G ដល់ក្រុមហ៊ុនធំៗចំនួន ៤ នឹងបានចាត់ទុកថា ជាការចាប់ផ្តើមថ្មី ក្នុងយុគសម័យឧស្សាហកម្មបច្ចេកវិទ្យា។
បើតាមរបាយការណ៍ពី សមាគមប្រព័ន្ធទូរគមនាគមន៍ចល័តសកលលោក បានឲ្យដឹងថា ប្រទេសចិន នឹងក្លាយជាទីផ្សារបច្ចេកវិទ្យា 5G ធំជាងគេបំផុតលើ ពិភពលោក ដែលមានអ្នកប្រើប្រាស់រហូតដល់ទៅ ៤៦០លាននាក់ ត្រឹមឆ្នាំ ២០២៥ខាងមុខ ដែលនេះជាបណ្តាញលឿនបំផុត សម្រាប់មនុស្សជំនាន់ក្រោយ។
ទីផ្សារប្រព័ន្ធអេកូឡូស៊ី របស់ប្រទេសចិន ដែលគាំទ្រដោយបច្ចេកវិទ្យា 5G អាចនឹងចាក់បញ្ចូលទឹកប្រាក់ជិត ៩០០ពាន់លានដុល្លារអាមេរិក ទៅក្នុងសេដ្ឋកិច្ចជាតិ នៅក្នុងឆ្នាំ ២០២៣ ដែលជំរុញឲ្យអ្នកប្រើប្រាស់បច្ចេកវិទ្យា 5G នៅចិន កើនឡើងច្រើនជាង នៅអឺរ៉ុប ដែលមាន ២០៥លាននាក់ និងអាមេរិក ១៨៧លាននាក់ប៉ុណ្ណោះ៕