ក្រសួងហិរញ្ញវត្ថុចិនបានអះអាងទៀតថា ជំនួយឧបត្ថម្ភធននេះ មានគោលបំណងជួយដល់កសិករដែលដាំដុះគ្រាប់ធញ្ញជាតិក្នុងរដូវក្តៅ និងរដូវស្លឹកឈើជ្រុះ និងអំឡុងពេលនៃការសាបព្រួស ព្រមទាំងជួយកាត់បន្ថយផលប៉ះពាល់ នៃការកើនឡើងនៃថ្លៃដើម និងជួយជំរុញការបង្កើនភោគផលស្រូវ ដែលនឹងទទួលបានពីការប្រមូលផលនាពេលខាងមុខផងដែរ។
ការប្រកាសនេះធ្វើឡើងនៅពេលដែលប្រជាកសិកររបស់ប្រទេសចិន កំពុងជួបប្រទះនឹងតម្លៃជីកសិកម្មកើនខ្ពស់ ខណៈដែលជីកសិកម្មនេះ ក៏កំពុងបានកើនឡើងនៅទូទាំងពិភពលោកចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ស្របពេលដែលពិភពលោកកំពុងជួបប្រទះនឹងវិបត្តិស្បៀងអាហារផងនោះ។
ទីក្រុងប៉េកាំង បានផ្តោតការយកចិត្តទុកដាក់យ៉ាងជាប់លាប់លើសន្តិសុខនៃការដាំដុះដំណាំធញ្ញជាតិ ដែលវាបានក្លាយជាអាទិភាពចម្បងនៃគោលនយោបាយរបស់ចិន ចាប់តាំងពីការរាតត្បាតជំងឺ COVID-19 បានចាប់ផ្តើមនៅដើមឆ្នាំ ២០២០ និងតាំងពីទទួលរងនូវឥទ្ធិពលអវិជ្ជមានជាសកល នៃការឈ្លានពានរបស់ប្រទេសរុស្សីទៅលើអ៉ុយក្រែនមកម្ល៉េះ ខណៈដែលអ៊ុយក្រែនប្រទេសផលិតនិងផ្គត់ផ្គង់គ្រាប់ធញ្ញជាតិដ៏ធំមួយរបស់ពិភពលោក។
គួររំលឹកថា សង្រ្គាមរុស្សី-អ៊ុយក្រែនបាននឹងកំពុង គំរាមកំហែងដល់អាយុជីវិតមនុស្សរាប់សិបលាននាក់ឱ្យធ្លាក់ចូលទៅក្នុងវិបត្តិស្បៀងអាហារ។ នោះក៏ដោយសារតែប្រទេសរុស្ស៊ី និងអ៊ុយក្រែនតែឯង អាចផលិតបានដល់ទៅ ៣០% នៃការផ្គត់ផ្គង់ស្រូវសាលីពិភពលោកសរុបទៅហើយ។ ហើយការឈ្លានពានរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែននេះ បូករួមទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិជាពិសេសពីលោកខាងលិច លើប្រទេសរុស្ស៊ីបានរំខានការផ្គត់ផ្គង់ជីកសិកម្ម ស្រូវសាលី និងទំនិញផ្សេងទៀតពីប្រទេសទាំងពីរនេះ ដោយជំរុញឱ្យតម្លៃស្បៀងអាហារ និងប្រេងឥន្ធនៈឡើងថ្លៃ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
លើសពីនេះទៅទៀត ថ្មីៗនេះ ធនាគារពិភពលោកក៏បានបញ្ចេញជំនួយជាទឹកប្រាក់ដល់ទៅ ៣០ ពាន់លានដុល្លារសម្រាប់គម្រោងក្នុងរយៈពេល ១៥ ខែខាងមុខ ដោយមូលនិធិជំនួយថ្មីនេះនឹងជួយជំរុញការផលិតស្បៀង និងជីធម្មជាតិ ជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មកាន់តែប្រសើរជាងមុន និងជួយដល់គ្រួសារដែលងាយរងគ្រោះ និងអ្នកផលិតផងដែរ។
គួររំលឹកត្រួសៗថា ប្រទេសឥណ្ឌាកាលពីសប្តាហ៍មុន បានបិទការនាំចេញស្រូវសាលីរបស់ខ្លួនផងដែរ ដែលបានធ្វើឱ្យតម្លៃស្រូវសាលីកើនឡើងទ្វេដងនៅក្នុងពិភពលោក។ បើងាកមកមើលវិធានការណ៍គ្មានជំងឺកូវីដឬហៅថា Zero-COVID ដ៏តឹងរ៉ឹងបំផុតរបស់ប្រទេសចិនឯនេះវិញ ជាពិសេសគឺការដាក់វិធានបិទខ្ទប់ដ៏ខ្លាំងបំផុតនៅក្នុងទីក្រុងស៊ាងហៃ កំពុងជំរុញឱ្យកម្រិតអតិផរណាកើនឡើងកាន់តែខ្លាំងនៅក្នុងប្រទេសចិនផងដែរ៕