យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃច័ន្ទ ទី៨ ខែមេសា នេះបានឱ្យដឹងថា រដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក វ៉ាង វិនថាវ (Wang Wentao) បានបើកកិច្ចប្រជុំតុមូលមួយនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍មុន ជាមួយតំណាងមកពីសហគ្រាសចិនជាង១០រួមទាំងក្រុមហ៊ុនផលិតរថយន្តចិន Geely ផងដែរ។
អំឡុងកិច្ចប្រជុំតុមូលនេះ លោក វ៉ាង វិនថាវ (Wang Wentao) បានបញ្ជាក់ជាថ្មីនូវជំហររបស់ក្រុងប៉េកាំង ថា បណ្ដាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) របស់ប្រទេសចិន មិនពឹងផ្អែកលើការឧបត្ថម្ភធន ដើម្បីទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែងនោះឡើយ ហើយថា ការចោទប្រកាន់ពីសំណាក់សហរដ្ឋអាម៉េរិក និងអឺរ៉ុប ដែលថា បណ្ដាក្រុមហ៊ុនចិន មានសមត្ថភាពផលិតរថយន្តអគ្គិសនី (EV) ច្រើនលើសលប់នោះ គឺជាការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់។
លោក វ៉ាង វិនថាវ (Wang Wentao) ថ្លែងថា បណ្ដាក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ប្រទេសចិន ពឹងផ្អែកលើនវានុវត្តន៍បច្ចេកវិទ្យា ប្រព័ន្ធផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ដ៏ល្អឥតខ្ចោះ និងការប្រកួតប្រជែងទីផ្សារពេញលេញ ដោយមិនពឹងផ្អែកលើការឧបត្ថម្ភធន ដើម្បីទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែងដូចការចោទប្រកាន់ឡើយ។
លោក ក៏បានប្រាប់ក្រុមហ៊ុនចិនទាំងនោះដែរថា រដ្ឋាភិបាលចិន នឹងគាំទ្រក្រុមហ៊ុនចិន នានាយ៉ាងពេញទំហឹង ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ។ប្រភពបានទម្លាយឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង វិនថាវ (Wang Wentao) នឹងផ្ដោតលើការស៊ើបអង្កេតរបស់គណៈកម្មការអឺរ៉ុប ដែលបានចាប់ផ្ដើមកាលពីខែកក្កដា ឆ្នាំ២០២៣ ខណៈដែលគណៈកម្មអឺរ៉ុប កំពុងព្យាយាមវាយតម្លៃថា តើត្រូវដាក់ពន្ធលើការនាំចេញ ឬយ៉ាងណា ដើម្បីការពារបណ្ដាក្រុមហ៊ុនផលិតរថយន្តរបស់អឺរ៉ុប។
ជាការពិតណាស់ ប្រទេសចិន បាននាំមុខបណ្ដាក្រុមហ៊ុនអឺរ៉ុបរួចទៅហើយនៅក្នុងការអភិវឌ្ឍម៉ូដែលរថយន្តអគ្គិសនី (EV) ដែលមានតម្លៃទាប។ ការស៊ើបអង្កេតនេះ នឹងត្រូវបញ្ចប់នៅខែវិច្ឆិកា ចុងឆ្នាំ២០២៤ ប៉ុន្តែគណៈកម្មការអឺរ៉ុប អាចនឹងដាក់ពន្ធបណ្ដោះអាសន្នឆាប់រហ័សជាងនេះ៕
ដោយ: តែម សុខុម