សកម្មភាពរបស់ភាគីទាំងពីរ ត្រូវបានគេមើលឃើញថា ជាការបង្កើនភាពតានតឹងជាសាកល ដោយម្ខាងមានរុស្សី ចិន ចំណែកឯម្ខាងទៀតគឺសហរដ្ឋអាមេរិក និងសម្ព័ន្ធយោធាណាតូ ស្របពេលដែលសង្គ្រាមនៅអ៊ុយក្រែននៅតែបន្ដក្ដៅដូចទឹកកំពុងពុះ និងបានឈានចូលដល់ខួបមួយឆ្នាំទៅហើយនោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
Story: មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងម៉ូស្គូសម្រេចផ្អាកការចូលរួមក្នុងសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន លោក វ៉ាង យី ដែលជាមន្ត្រីជាន់ខ្ពស់របស់ទីក្រុងប៉េកាំង បានទៅបំពេញទស្សនកិច្ចនៅម៉ូស្គូ ដើម្បីរឹតចំណងទាក់ទងរវាងប្រទេសសម្ព័ន្ធទាំងពីរ។ គេនៅចាំបានថា នៅមុនពេលចូលលុកលុយលើប្រទេសអ៊ុយក្រែន ទីក្រុងម៉ូស្គូ និងប៉េកាំងបានប្រកាសពីភាពជាដៃគូ «គ្មានដែនកំណត់» ដែលកាលនោះប្រធានាធិបតីចិន និងប្រធានាធិបតីរុស្ស៊ីបានស្កាត់ជួបគ្នាដោយផ្ទាល់តែម្តង។
អ្នកការទូតកំពូលរបស់ទីក្រុងប៉េកាំងរូបនេះបាននិយាយថា ពេលវេលានៃវិបត្តិ បានជំរុញឱ្យរុស្ស៊ី និងចិន បន្តធ្វើឱ្យកាន់តែស៊ីជម្រៅ ចំពោះភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយជាមួយគ្នា។ ក្នុងនោះ លោក ពូទីន បានអះអាងថា លោកកំពុងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចមកកាន់ទីក្រុងម៉ូស្គូ របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ម្តងទៀត ចំពោះមុខភាពជាដៃគូកាន់តែស៊ីជម្រៅមួយនេះ។
យ៉ាងណាមិញ លោក ស៊ី ត្រូវបានគេរំពឹងថា នឹងធ្វើសុន្ទរកថាសន្តិភាពមួយនៅថ្ងៃសុក្រទី២៤ ប៉ុន្តែទីក្រុងកៀវ និយាយថា ចិនមិនអាចនិយាយបកស្រាយអំពីសន្តិភាពបានទេ ខណៈដែលកងទ័ពរុស្ស៊ីកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែននោះ។
ជាការពិត ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនបានផ្លាស់ប្តូរស្ថានភាពសន្តិសុខនៅអឺរ៉ុបទាំងស្រុងហើយក្នុងនោះប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានប្រាប់កិច្ចប្រជុំសមាជិកណាតូខាងកើតទាំងប្រាំបួនប្រទេសជាមួយនឹងលោកចូ បៃដិន ថា សហរដ្ឋអាមេរិកបានប្តេជ្ញានឹងការពារគ្រប់ចង្អាមនៃទឹកដីរបស់សម្ព័ន្ធមិត្តណាតូ។ ជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិកបានប្រាប់កិច្ចប្រជុំកំពូលដដែលនោះថា «ប្រទេសណាតូខាងកើតទាំង៩គឺជាខ្សែជួរមុខនៃការការពាររួមរបស់យើងទាំងមូល»។
គួរជម្រាបថា លោក ពូទីន បានឆ្លើយតបទៅនឹងការបរាជ័យក្នុងប្រទេសអ៊ុយក្រែន ជាមួយនឹងការគម្រាមកំហែងក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងបានបានផ្អាកសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរកាលពីថ្ងៃទី ២១ខែកុម្ភៈ ដោយបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា បានបង្វែរជម្លោះនៅអ៊ុយក្រែនទៅជាជម្លោះសកល។
សូមបញ្ជាក់ថា ការពង្រឹងទំនាក់ទំនងរវាងចិននិងរុស្ស៊ីធ្វើឡើង ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ប្រទេសចិនកំពុងពិចារណាលើការផ្តល់អាវុធដល់រុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ដែល សកម្មភាពនេះនឹងអាចទៅពង្រីកជម្លោះ ឱ្យទៅជាការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី-ចិននៅម្ខាង និងអ៊ុយក្រែននិងសម្ព័ន្ធមិត្តយោធាណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក នៅម្ខាងទៀត៕