ការចេញមកអះអាងរបស់ចិននេះ គឺដើម្បីឆ្លើយតបទៅកាន់របាយការណ៍របស់អាមេរិកថ្មីមួយ ដែលទើបចេញផ្សាយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនេះ ដោយបានដាក់ការសង្ស័យដដែលជាដដែល លើប្រភពដើមកូវីដ១៩ ថា មានដើមកំណើតចេញពីមន្ទីរពិសោធន៍ក្រុងវូហាន ប្រទេសចិន។ ប៉ុន្តែរបាយការណ៍ដដែលនោះ ក៏បានដាក់ការសង្ស័យថា វាកើតចេញពីធម្មជាតិ ឬពីសត្វព្រៃផងដែរ។ យ៉ាងណាមិញ នៅចុងក្រោយរបាយការណ៍សម្ងាត់របស់អាមេរិកនេះ នៅតែគ្មានភស្តុតាងកំណត់បាន ១០០%ថា ប្រភពដើមរបស់កូវីដ១៩ ចេញពីណាមកនោះទេ។
នៅក្នុងការឆ្លើយតបតាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន លោក វ៉ាង បានចំអកឲ្យអាមេរិកចំៗថា៖ សំដីកុហកបោកប្រាស ទោះនិយាយច្រើនដង ក៏នៅតែជាសំដីបោកប្រាសដដែល។ លោកបន្ថែមទៀតយ៉ាងដូច្នេះថា៖ ក្រុមស៊ើបការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិក មានកេរ្តិ៍ឈ្មោះបោះសម្លេងណាស់ ក្នុងការក្លែងបន្លំ និងការបោកប្រាស់គេ។អ្នកនាំពាក្យរូបនេះបានអះអាងថា ការតាមដានប្រភពដើមនៃវីរុសកូរ៉ូណា គឺជាបញ្ហាធ្ងន់ធ្ងរ និងស្មុគស្មាញ ដែលគួរ តែអាចស្រាវជ្រាវបានតាមរយៈកិច្ចសហប្រតិបត្តិការរបស់អ្នកវិទ្យាសាស្ត្រមកពីជុំវិញពិភពលោកតែប៉ុណ្ណោះ។
គួរជម្រាបថា ប្រទេសចិនជារឿយៗបានច្រានចោលការចោទប្រកាន់ដែលថាមេរោគកូរ៉ូណា ត្រូវបានលេចធ្លាយចេញពីមន្ទីរពិសោធន៍ក្នុងទីក្រុង វូហាន ជាកន្លែងដែល ជំងឺកូវីដ១៩ត្រូវបានរកឃើញដំបូងកាលពីចុងឆ្នាំ ២០១៩។
សូមបញ្ជាក់ថា បច្ចុប្បន្នអង្គការសុខភាពពិភពលោក បានបង្កើតក្រុមអ្នកវិទ្យាសាស្ត្រ ស្រាវជ្រាវថ្មីមួយក្រុមឡើង ដើម្បីបន្តស្វែងរកប្រភពដើមកូវីដ១៩ជាលើកទី២ ឲ្យបានច្បាស់លាស់ជាងមុន។ WHO បានស្នើសុំទិន្នន័យរបស់អ្នកជំងឺបន្ថែម ពីភាគីចិន ដើម្បីជំរុញដល់ការស្រាវជ្រាវ ប៉ុន្ដែចិនបានបដិសេធ។ នេះបើតាមការចុះផ្សាយរបស់រ៉យទ័រដដែល៕