
ប្រភពព័ត៌មានពីសារព័ត៌មានជប៉ុន Nikkei បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំងកាលពីខែធ្នូ បានចេញការព្រមានដល់ក្រុមហ៊ុន 7-Eleven និងពិន័យជាប្រាក់ចំនួនជាង២ម៉ឺន៣ពាន់ដុល្លារអាមេរិក ចំពោះកំហុងឆ្គងរបស់ក្រុមហ៊ុនក្នុងការដាក់ស្លាកសញ្ញាបង្ហាញ កោះតៃវ៉ាន់ជាប្រទេសឯករាជ្យ ខណៈដែលប្រទេសចិនចាត់ទុកកោះនេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
យ៉ាងណាមិញ ក្រុមហ៊ុននេះក៏បានបរាជ័យក្នុងការប្រើប្រាស់ឈ្មោះជាភាសាចិន សម្រាប់កោះមួយចំនួន នៅក្នុងសមុទ្រចិនខាងត្បូងដែលចិនកំពុងទាមទារផងដែរ ក៏ដូចជាប្រជុំកោះសេនកាគូ (Senkaku) ដែលកំពុងគ្រប់គ្រងដោយជប៉ុនជាដើម ដោយចិនហៅកោះនេះថា ដាវយូ។ប្រភពព័ត៌មានពីចិន បានឲ្យដឹងទៀតថា ផែនទី ដែលកំណត់ដោយក្រុមហ៊ុន 7-Eleven ត្រូវបានរកឃើញថា ក៏មានកំហុសក្នុងការបង្ហាញព្រំដែនរបស់ប្រទេសចិនតាមបណ្តោយតំបន់ស្វយ័ត ស៊ិនជាំង-អ៊ុយហ្គួរ និងតំបន់ស្វយ័តទីបេផងដែរ។
តែយ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ ក្រុមហ៊ុន Seven & i Holdings ដែលជាក្រុមហ៊ុនមេរបស់ 7-Eleven បានចេញសេចក្តីអធិប្បាយមួយ ដោយទទួលស្គាល់កំហុស និងការស្តីបន្ទោសពីអាជ្ញាធរទីក្រុងប៉េកាំង។ ហើយអ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា ឧប្បត្តិហេតុនេះជាការពិត ហើយក្រុមហ៊ុមទទួលយកដោយស្មោះ ទាំងការព្រមាន និងការផាកពិន័យ ហើយក្រុមហ៊ុននឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីការពារមិនឱ្យបញ្ហានេះកើតឡើងវិញទៀតទេ៕អត្ថបទ ស៊ើង និមល់
None