អាមេរិក-ចិន

រដ្ឋមន្ត្រីការបរទេសអាមេរិកចេញមុខបកស្រាយថា យុទ្ធសាស្ត្រទប់ទលចិន មិនមែនបង្កើតសង្គ្រាមត្រជាក់ឡើយ


លោក អាន់តូនី ប្លែងខេន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិក បានចេញមុខនិយាយការពារ ផែនការយុទ្ធសាស្ត្រទប់ទល់ចិនរបស់អាមេរិកថា ជាមួយនឹងយុទ្ធសាស្ត្រថ្មីៗនេះ សហរដ្ឋអាមេរិកនឹងមិនរារាំងប្រទេសចិនពីការកើនឡើងនៃសេដ្ឋកិច្ចរបស់ខ្លួននោះទេ ប៉ុន្តែអាមេរិក ចង់ឱ្យទីក្រុងប៉េកាំងប្រកាន់ខ្ជាប់នូវការអនុវត្តស្របតាមច្បាប់អន្តរជាតិ ដែលជាអំណាចដ៏ធំរបស់ពិភពលោក ក្នុងការរក្សាឲ្យបាននូវស្ថិរភាព និង សណ្តាប់ធ្នាប់ពិភពលោក។
រដ្ឋមន្ត្រីការបរទេសអាមេរិថា យុទ្ធសាស្ត្រទប់ទលចិន មិនមែនបង្កើតសង្គ្រាមត្រជាក់ឡើយ

លោក ប្លែងខេន បានគូសបញ្ជាក់ទៀតថា ជាមួយនឹងយុទ្ធសាស្ត្រថ្មីទាក់ទងនឹងចិននេះ អាមេរិកក៏មិនមានបំណងបង្កើតឲ្យមានសង្គ្រាមត្រជាក់ថ្មីនោះដែរ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ប្លែងខេន បាននិយាយនៅក្នុងសុន្ទរកថាមួយនៅសាកលវិទ្យាល័យ George Washington អំពីបញ្ហាទ្វេភាគីដ៏ចម្រូងចម្រាសបំផុតជាមួយប្រទេសចិនថា សហរដ្ឋអាមេរិកមិនចង់មានជម្លោះ ឬ សង្រ្គាមត្រជាក់ជាមួយទីក្រុងប៉េកាំងនោះទេ ផ្ទុយទៅវិញខ្លួនប្តេជ្ញាចិត្តក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីឲ្យមានភាពល្អប្រសើរ។

ទន្ទឹមនឹងនោះ លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនមិនបានព្យាយាមផ្លាស់ប្តូរប្រព័ន្ធនយោបាយរបស់ខ្លួនចំពោះប្រទេសចិនឡើយ ប៉ុន្តែអាមេរិកនឹងចាត់វិធានទប់ទល់ចិន ស្របតាមច្បាប់អន្តរជាតិ ដើម្បីធានាឲ្យបានក្នុងការរក្សាសន្តិភាព និងសន្តិសុខពិភពលោកមិនឲ្យមានភាពបែកបាក់នោះឡើយ។

គួរកត់សម្គាល់ថា សុន្ទរកថារបស់លោក ប្លែងខេន ធ្វើឡើងស្របពេលជាមួយនឹងការចាប់ផ្តើមនៃដំណើរទស្សនកិច្ចដ៏ធំមួយរបស់រដ្ឋមន្ត្រីការបរទេសចិនទៅកាន់បណ្តាប្រទេសប្រជុំកោះនៃតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដែលជាការបង្កតានតឹងកាន់តែខ្លាំងឡើងក្នុងការប្រកួតប្រជែងដណ្តើមឥទ្ធិពលរវាងទីក្រុងប៉េកាំង និង ទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាអូស្ត្រាលី ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អាមេរិកផងដែរ។

គួររំឭកថា ប្រទេសចិនដែលមានមហិច្ឆតាចង់គ្រប់គ្រងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយ បានបង្កើនឥទ្ធិពលរបស់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងតំបន់នេះ បានធ្វើឲ្យសហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំងថា យុទ្ធសាស្រ្តរបស់ទីក្រុងប៉េកាំងនឹងធ្វើឲ្យមានការបែងចែកចរន្តទីផ្សារសេដ្ឋកិច្ចសកល បង្កអសន្តិសុខអន្តជាតិ និង ពិសេសធ្វើឲ្យខ្លួនបាត់បង់ឥទ្ធិពលនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។

តួយ៉ាង ទំនាក់ទំនងរវាងអាមេរិក និង ចិនបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក Donald Trump ហើយបានធ្លាក់ចុះបន្ថែមទៀតក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Joe Biden មកពីបក្សប្រជាធិបតេយ្យដែលនៅតែបន្តរក្សាគោលនយោបាយចាស់របស់បក្សសាធារណៈរដ្ឋក្នុងការដំឡើងពន្ធលើទំនិញរបស់ចិន និង ការបន្តទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីប្រឆាំងនឹងទីក្រុងប៉េកាំង។

លោក ប្លែងខេន បាននិយាយថា រដ្ឋបាលលោក Biden បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនទំនាក់ទំនងដោយផ្ទាល់ជាមួយទីក្រុងប៉េកាំងក្នុងការឆ្លើយតបជាវិជ្ជមានជុំវិញបញ្ហាដ៏ស្មុកស្មាញជាច្រើន ប្រសិនបើមន្ត្រីចិនយល់ព្រមចាត់វិធានការដើម្បីដោះស្រាយ។

ថ្វីបើបែបនេះក្តី លោក ប្លែងខេន បានអះអាងថា សហរដ្ឋអាមេរិកមិនអាចរំពឹងលើទីក្រុងប៉េកាំងដើម្បីផ្លាស់ប្តូរយុទ្ធសាស្រ្តនោះទេ ដូច្នេះទីក្រុងវ៉ាស៊ីនតោននឹងរៀបចំយុទ្ធសាស្ត្រផ្សេងទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនសម្រាប់ការធានាឲ្យបានប្រព័ន្ធអន្តរជាតិបើកចំហ និង រួមបញ្ចូលគ្នា។

ជាការឆ្លើយតប ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា សហរដ្ឋអាមេរិក និង ចិនបានចែករំលែក ផលប្រយោជន៍រួមយ៉ាងធំ និង សក្តានុពលក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជ្រាលជ្រៅ ប៉ុន្តែការប្រកួតប្រជែង មិនគួរត្រូវបានប្រើប្រាស់ ដើម្បីកំណត់រូបភាពរួមនៃទំនាក់ទំនងចិន និង អាមេរិកនោះទេ។

អ្នកនាំពាក្យស្ថានទូតចិនលោក Liu Pengyu បាននិយាយថា លោកសង្ឃឹមថា ភាគីសហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេសចិន ដើម្បីអនុវត្តការយោគយល់ជារួមមួយ ហើយបង្កើនទំនាក់ទំនងសហប្រតិបត្តិការរួមគ្នាឡើងវិញ៕




អត្ថបទបន្ទាប់


រដ្ឋាភិបាលឡាវប្រាប់ពលរដ្ឋកុំចេញធ្វើដំណើរបើមិនចាំបាច់ ខណៈកង្វះខាតប្រេងឥន្ធនៈមិនទាន់ដោះស្រាយបាន

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ រួមជាមួយសមាគមប្រេងឥន្ធនៈ និងឧស្ម័នឡាវ បានជំរុញនិងលើកទឹកចិត្តឲ្យប្រជាជនសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ ត…

ប្រទេសចិន និងរុស្ស៊ី បោះឆ្នោតវេតូ ជំទាស់ការដាក់ទណ្ឌកម្មបន្ថែមរបស់ UN ទៅលើកូរ៉េខាងជើង

ប្រទេសចិន និងរុស្ស៊ី បានបោះឆ្នោតជំទាស់ទៅនឹងការជំរុញរបស់សហរដ្ឋអាមេរិក ដែលស្នើឲ្យអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មបន្ថែមទៀត លើប្រទេសកូរ៉េខាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ