នេះបើតាមការរាយការណ៍ដោយសារព័ត៌មានចិន South China Morning Post។ ការធានាឲ្យបាននូវសន្តិសុខថាមពល គឺមានសារៈសំខាន់ណាស់សម្រាប់ចិនដែលជាប្រទេសសេដ្ឋកិច្ចធំបំផុត២ក្នុងពិភពលោក ដោយសារតែប្រទេសនេះបច្ចុប្បន្ន មានការពឹងផ្អែកលើថាមពលរ៉ែដែលនាំចូលមកពីក្រៅប្រទេស ហើយវានៅតែជាការគំរាមកំហែងសម្រាប់ការប្រើប្រាស់ ក្នុងរយៈពេលវែង។ ប្រទេសចិនកំពុងស្វះស្វែងបង្កើនការរុករកធនធានរ៉ែ និងថាមពលសំខាន់ៗនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីទុកជាទុនបម្រុងផ្គត់ផ្គង់ក្នុងស្រុក ខណៈដែលសេដ្ឋកិច្ចមានកំណើនតិចតួចខ្លាំង ស្របពេលដែលហានិភ័យនៃការពឹងផ្អែកលើទីផ្សារខាងក្រៅបន្តកើនឡើង។
រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិចិនបាន លោក Wang Guanghua បង្ហាញការព្រួយបារម្ភថា ភាគច្រើននៃ ផលិតផលយុទ្ធសាស្ត្រដែលត្រូវការថាមពលរ៉ែ ដើម្បីផ្គត់ផ្គង់ បច្ចុប្បន្នគឺត្រូវពឹងផ្អែកទាំងស្រុងលើការនាំចូលពីប្រភពខាងក្រៅ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក Xinhua កាលពីថ្ងៃព្រហស្បតិ៍ ទី ៥ ខែមករា លោកបានលើកឡើងថា ប្រទេសចិនពឹងផ្អែកខ្ពស់លើការនាំចូលធនធានរ៉ែសំខាន់ៗពីបរទេស ដូចនេះប្រសិនបើថ្ងៃណាមួយស្ថានភាពអន្តរជាតិផ្លាស់ប្តូរ វាប្រាកដជា ប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច ឬប្រទេសជាតិទាំងមូល។
ការចុះផ្សាយរបស់សារព័ត៌មាន Caixin ឱ្យដឹងថា ប្រហែល ២ភាគ៣នៃផលិតកម្ម និងការផ្គត់ផ្គង់រ៉ របស់ប្រទេសចិន គឺពឹងផ្អែកខ្លាំងលើធនធានពីប្រភពក្រៅប្រទេស។ ចិននាំចូល សារធាតុរ៉ែសំខាន់ៗជាង១០ ប្រភេទពីខាងក្រៅប្រទេស រួមមាន រ៉ែដែក៨២% រ៉ែក្រូម៩៨% រ៉ែម៉ង់ហ្គាណែស៩៦% រ៉ែខូប៊ល៩៥% រ៉ែនីកែល៩០% ហើយរ៉ែទង់ដែង និងប្រេងចំនួន ៧៨%។
ដោយឡែក ចិនមានធនធានរ៉ែបម្រុងចំនួន ១៥ប្រភេទ រួមមានប្រេង ឧស្ម័ន ដែក ទង់ដែង អាលុយមីញ៉ូម និងនីកែល ដែលគិតជាភាគរយសរុបមានចំនួនតិចជាង ២០% នៃចំនួនរ៉ែសរុបរបស់ពិភពលោក។ លោកបានបន្ថែមថា ប្រេងបម្រុងរបស់ប្រទេសចិនមានចំនួនត្រឹមតែ ១,៥% ប៉ុណ្ណោះនៃចំនួនសរុបទូទាំងសកលលោក ខណៈដែលធ្យូងថ្មបម្រុងមានជាង១៣%។
គួរជម្រាបថា ភាពតានតឹងផ្នែកការទូត គួបផ្សំនឹងភាពចលាចលនៃទីផ្សារពិភពលោក បានបង្ខំឱ្យប្រទេសចិនចាប់ផ្តើមគិតគូរអំពីសន្តិសុខថាមពល និងការពឹងផ្អែករបស់ខ្លួនលើធនធានថាមពលរ៉ែដែលនាំចូលពីក្រៅប្រទេស។ បើតាមរដ្ឋអំណាចប៉េកាំង នៅក្នុងផែនការអភិវឌ្ឍវត្ថុធាតុដើមឆ្នាំ ២០២១-២០២៥ ការផ្គត់ផ្គង់រ៉ែដែកក្នុងស្រុកនឹងមានការកើនឡើងខ្ពស់ ដោយប្រទេសចិនគ្រោងនឹងលើកកម្ពស់ការផ្គត់ផ្គង់ដែក ដែលបានពីសំណល់ដែកអេតចាយឲ្យដល់ជាង ៣០% នៃចំនួនសរុប និងជំរុញឱ្យមានការជីកយករ៉ែក្នុងស្រុកបន្ថែម៕
អត្ថបទដោយ: សារៀម លក្ខិណា