ក្រុមហ៊ុនចិន China Telecom បានស្នើលក់ភាគហ៊ុនរបស់ខ្លួនជាង១២ពាន់លានភាគហ៊ុន នៅក្នុងផ្សារភាគហ៊ុនសៀងហៃ ដែលចំនួននេះ គឺស្មើនឹង១៣% នៃទំហំមូលធនរបស់ក្រុមហ៊ុននេះ។
ហេតុអ្វី ក៏ក្រុមហ៊ុននេះ ទៅបោះផ្សាយលក់ភាគហ៊ុននៅសៀងហៃ?
គេនៅចាំថា កាលពីថ្មីៗនេះ មានក្រុមហ៊ុនទូរគមនាគមន៍របស់ចិនធំៗមួយចំនួនត្រូវបានផ្សារភាគហ៊ុនញ៉ូវយ៉កលុបឈ្មោះចេញពីបញ្ជីផ្សារភាគហ៊ុន ហើយក៏បានដាក់ឈ្មោះក្រុមហ៊ុនទាំងនេះចូលបញ្ជីខ្មៅ ដោយបានហាមឃាត់ក្រុមហ៊ុនអាមេរិក រកស៊ីជាមួយក្រុមហ៊ុនចិនទាំងនេះផងដែរ។ ការដាក់ក្រុមហ៊ុនចិនទាំងនេះ ចូលក្នុបញ្ជីខ្មៅ ក៏ព្រោះតែអតីតប្រធានាធិបតីអាមេរិក ចោទថាក្រុមហ៊ុននេះ មានការគាំទ្រដោយយោធាចិននៅពីក្រោយ។
ទោះយ៉ាងណា ក្រុមហ៊ុនចិន China Telecom, China Mobile និង China Unicom កំពុងអំពាវនាវដល់ការសម្រេចរបស់ផ្សារភាគហ៊ុនញូវយ៉ក ដកចោលវិញនូវការលុបឈ្មោះក្រុមហ៊ុនទាំងនេះ ចេញពីផ្សារភាគហ៊ុនញ៉ូវយ៉ក។
ក្រុមហ៊ុន China Telecom បានបញ្ជាក់ដែរថា ការចុះបញ្ជីលក់ភាគហ៊ុននៅសៀងហៃ នឹងអាចជួយឲ្យក្រុមហ៊ុន ពង្រីកវិសាលភាពប្រភពមូលនិធិ ពង្រីកភាពរឹងមាំមូលធន និងធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងហានិភ័យ៕