នៅក្នុងជំនួបរវាងមន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានចរចាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មថៃ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មចិន បានអះអាងរួមគ្នា ដោយបានប្តេជ្ញានឹងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានដល់ ១៤០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំក្រោយនេះ។
ក្នុងនោះដែរ តំណាងភាគីថៃ ក៏បានលើកឡើងពីទំនាក់ទំនងរវាងគម្រោងច្រករបៀងសេដ្ឋកិច្ចភាគខាងកើតរបស់ថៃ និងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ និងគម្រោងមហាតំបន់ឆ្នេសមុទ្រ របស់ចិនផងដែរ។
ជាមួយគ្នានេះ ថៃក៏បានស្នើឲ្យចិនឆាប់អនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងចិននិងថៃ ទៅលើពាណិជ្ជកម្មកសិកម្ម ពិសេសកិច្ចព្រមព្រៀងរវាងថ្នាក់រដ្ឋាភិបាលនិងរដ្ឋាភិបាល ក្នុងការនាំចូលអង្ករពីប្រទេសថៃ ទៅកាន់ទីផ្សារចិនឲ្យបានដល់ ១លានតោន។
ភាគីថៃ ក៏បានទទួលស្គាល់ផងដែរ អំពីរយៈពេលកន្លងមកនេះ គឺចិនបាននាំចូលផលិតផលកសិកម្មពីថៃ ច្រើនគួរឲ្យកត់សម្គាល់ ពិសេសផ្លែឈើតែម្ដង ពោលគឺប្រទេសចិន ជាអ្នកនាំចូលផ្លែឈើពីប្រទេសថៃ ច្រើនជាងគេបំផុត។
បន្ថែមពីនេះទៀត ភាគីថៃ និងចិនក៏បានឯកភាពគ្នាក្នុងការជំរុញលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ទាំងតាមរយៈOnline និង Offline បើទោះបីជាជាមានបញ្ហាមេរោគរាតត្បាតកូវីដ-១៩ មកតាមរំខានយ៉ាងណាក្ដី។
សូមបញ្ជាក់ថា ប្រទេសចិន គឺជាទីផ្សារនាំចូលធំជាងគេបំផុត និងជាទីផ្សារនាំចេញធំបំផុតទី២ របស់ថៃ។ តួយ៉ាង កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពី ត្រូវបានប៉ាន់ប្រមាណថា សម្រេចបានក្នុងរង្វង់ ៨០ពាន់លានដុល្លារអាមេរិក ហើយសម្រាប់រយៈពេលពាក់កណ្ដាលឆ្នាំ២០២០នេះដែរ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងចិន សម្រេចបានជាង៣៨ ពាន់លានដុល្លារអាមេរិក។
យ៉ាងណាក៏ដោយចុះ សម្រាប់ឆ្នាំ២០២០នេះ ពាណិជ្ជកម្មរបស់ថៃ ហាក់ធ្វើមិនសូវបានល្អនោះទេ ដោយសារតែឥទ្ធិពលនៃមេរោគកូវីដ-១៩។ ក្នុងនោះ ការនាំចេញសរុបរបស់ថៃ នៅឆ្នាំ២០២០នេះ ត្រូវបានស្ថាប័នជំនាញព្យាករថាអាចនឹងដាំក្បាលចុះដល់ទៅជាង១០%ឯណោះ ខណៈដែលផលិតផលក្នុងស្រុកសរុបវិញក៏ត្រូវបានព្យាករដែរថាអាចនឹងធ្លាក់ចុះដល់ទៅជាង១០%ដូចគ្នាដែរ។
ទោះបីជាបែបនេះក្ដី លោកប្រយុទ្ធ ចាន់ អូចារ្យនាពេលថ្មីៗនេះ បានចេញមុខអះអាងរួចហើយ ដោយបានព្យាករថា សេដ្ឋកិច្ចថៃ នៅឆ្នាំនេះ អាចនឹងធ្លាក់ចុះ ត្រឹមក្រោម១០%ប៉ុណ្ណោះ៕