ទិន្នន័យពីទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិបានបង្ហាញថា មហាយក្សចិនបានបំបែកកំណត់ត្រារបស់ខ្លួនសម្រាប់ការដំឡើងឧបករណ៍ថាមពលពន្លឺព្រះអាទិត្យក្នុងឆ្នាំ២០២៤ ដោយកើនឡើង៤៥%បើធៀបនឹងឆ្នាំ២០២៣ ធ្វើឱ្យប្រទេសចិនឥឡូវនេះមានថាមពលពន្លឺព្រះអាទិត្យជិត៨៨៧ជីហ្កាវ៉ាត ដែលច្រើនជាងសមត្ថភាពផលិតរបស់សហរដ្ឋអាម៉េរិករហូតដល់៦ដង។
កំណើនឧបករណ៍ផលិតថាមពលពន្លឺព្រះអាទិត្យនេះបានបង្ហាញឱ្យឃើញថា ប្រទេសចិនបានឈានដល់គោលដៅឆ្នាំ២០៣០ របស់ខ្លួនមុនការគ្រោងទុកចំនួន៦ឆ្នាំ។ គណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិនបានអះអាងថា រដ្ឋាភិបាលចិននឹងកាត់បន្ថយការឧបត្ថម្ភធនដល់គម្រោងថាមពលកកើតឡើងវិញដោយបង្វែរគោលនយោបាយងាកទៅរកទីផ្សារវិញម្ដង ដើម្បីលើកកម្ពស់គម្រោងថាមពលស្អាត។
បើតាមការលើកឡើងរបស់ទីភ្នាក់ងារនេះ គម្រោងថាមពលស្អាតថ្មីណាមួយដែលបានបញ្ចប់នៅក្រោយខែមិថុនា ឆ្នាំនេះ នឹងត្រូវប្រឈមមុខនឹងការបង់ប្រាក់សម្រាប់អគ្គិសនីដោយផ្អែកទៅលើការដេញថ្លៃនៅលើទីផ្សារ។ ទីភ្នាក់ងារនេះអះអាងថា វិធានការនេះនឹងមិនធ្វើឱ្យប៉ះពាល់ដល់តម្លៃសម្រាប់អ្នកប្រើប្រាស់លំនៅឋាន និងការដាំដុះនោះទេ។
គណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិបានគូសបញ្ជាក់ថា ពួកគេនឹងធ្វើការជាមួយរដ្ឋាភិបាលមូលដ្ឋានទូទាំងប្រទេសចិន ដើម្បីអនុវត្តផែនការនេះ។ តែយ៉ាងណាគណៈកម្មការនេះមិនបានផ្តល់ព័ត៌មានលម្អិតពីរូបមន្តតម្លៃដែលពួកគេនឹងតម្រូវឱ្យបង់នោះឡើយ។
ការកាត់បន្ថយឧបត្ថម្ភធនសម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យថ្មីនេះអាចបន្ថែមសម្ពាធលើឧស្សាហកម្មថាមពលពន្លឺព្រះអាទិត្យរបស់ប្រទេសចិន គួបផ្សំនឹងភាពលើសកម្រិតទាក់ទងនឹងតម្រូវការសកលបានធ្វើឱ្យតម្លៃបន្ទះសូឡាធ្លាក់ចុះ និងគំរាមកំហែងជំរុញឱ្យអ្នកផលិតតូចៗក្ស័យធនទៀតផង៕
អត្ថបទ៖ សុខ មង្គល