ក្រសួងហិរញ្ញវត្ថុចិន បាននិយាយក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃព្រហស្បតិ៍ទី ០៦ កុម្ភៈ ថា ចិននឹងបន្ថយពន្ធគយលើមុខទំនិញមួយចំនួនរបស់អាមេរិក ពី ៥% មកនៅ ២,៥%វិញ ហើយនឹងមានកាត់បន្ថយលើទំនិញផ្សេងទៀត ពី ១០% មកនៅ ៥% នៅថ្ងៃទី ១៤ កុម្ភៈនាឆ្នាំនេះ។ ការអនុវត្តការកាត់បន្ថយពន្ធគយនេះ នឹងត្រូវធ្វើឡើងលើទំនិញប្រមាណជាង ១៧០០ មុខ របស់អាមេរិក ដែលត្រូវបានកំណត់ដោយប្រទេសចិន កាលពីខែកញ្ញាឆ្នាំមុន។
ក្រោយពីមានការប្រកាសកាត់បន្ថយពន្ធគយលើទំនិញអាមេរិកនេះ គេសង្កេតឃើញថា តម្លៃភាគហ៊ុននៅក្នុងផ្សារហ៊ុនសៀងហៃ និងស៊ិនជិន បានកើនឡើងខ្ពស់ជាងមុន ១,៣% ខណៈដែលផ្សារហ៊ុនជប៉ុន Tokyo’s Topix ក៏មានការកើនឡើង ២,៥%ផងដែរ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា ការរាតត្បាតនៃវីរុសកូរ៉ូណា បានធ្វើឲ្យមានការព្រួយបារម្ភថា វាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចចិន ដែលគេស្គាល់ថា ជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកធំបំផុតទី២នោះ។ ការផ្ទុះរីករាលដាលនៃវីរុសនេះ វាក៏បានធ្វើឲ្យមានរោងចក្រជាច្រើនបានបិទ ដែលធ្វើឲ្យមានការរំខានដល់ខ្សែច្រវ៉ាក់ផ្គង់ផ្គង់សកល។
នៅពេលថ្មីៗនេះដែរ ធនាគារកណ្ដាលចិន បានចាក់បញ្ចូលសាច់ប្រាក់រាប់រយពាន់លានដុល្លារអាមេរិក ទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចរបស់ខ្លួន។
ការសម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងការកាត់បន្ថយពន្ធគយលើទំនិញអាមេរិកនេះ គឺបានធ្វើឡើងបន្ទាប់ពីមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលដំបូង ជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ាសិនតោន ដែលត្រូវបានគេមើលឃើញថា គឺជាការផ្អាកសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
កិច្ចព្រមព្រៀងនេះ គឺបានរារាំងមិនឲ្យមានការដំឡើងពន្ធគយបន្ថែមទៀតរវាងភាគីទាំងពីរ ប៉ុន្ដែវាបានបន្សល់ទុកនូវពន្ធគយអាមេរិក លើទំនិញចិនក្នុងតម្លៃប្រមាណ ៣៦០ ពាន់លានដុល្លារដដែល។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយកាលពីខែមករាកន្លងនេះថា ពន្ធគយដែលនៅសល់ អាចនឹងនៅតែបន្តរហូតដល់មានការព្រមព្រៀងគ្នាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដំណាក់កាលទី២។ ទោះយ៉ាងណា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ២ ត្រូវបានគេរំពឹងថា នឹងដោះស្រាយបញ្ហាដែលកាន់តែធ្ងន់ធ្ងរដូចជា ការផ្ទេរបច្ចេកវិទ្យាបរទេសដោយបង្ខំ នៅក្នុងប្រទេសចិន និងការលួចកម្មសិទ្ធិបញ្ញា៕