ប្រទេសចិន

ចិនត្រៀមបញ្ចេញកម្ចី ៤២ពាន់លានដុល្លារ សម្រាប់ចំណាយលើការវិនិយោគហេដ្ឋរចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច


រដ្ឋាភិបាលចិន បានបែងចែកកញ្ចប់ថវិកា៤២ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ហេដ្ឋរចនាសម្ព័ន្ធក្នុងស្រុក តាមរយៈការផ្ដល់កម្ចី ដោយធនាគាររដ្ឋធំៗរបស់ខ្លួន។ នេះបើតាមសេចក្ដីរាយការណ៍ដោយកាសែតជាតិរបស់ចិន Securities Times។
ចិនត្រៀមបញ្ចេញកម្ចី ៤២ពាន់លានដុល្លារ សម្រាប់ចំណាយលើការវិនិយោគហេដ្ឋរចនាសម្ព័ន្ធ

ការបង្កើនមូលនិធិ​សម្រាប់ការ​វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាផ្នែកមួយនៃការគាំទ្រ​របស់​ក្រុមអ្នករៀបចំគោលនយោបាយ ដើម្បី ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស​ដែលមានសេដ្ឋកិច្ចធំជាងគេបំផុត២ក្នុងពិភពលោកមួយនេះ ខណៈកន្លងមក​រដ្ឋាភិបាលចិន​ក៏បាន​បោះផ្សាយលក់បណ្ណបំណុលរដ្ឋ​ជាបន្តបន្ទាប់ដែរ ដើម្បីប្រមូលមូលនិធិសម្រាប់គាំទ្រ​ដល់គម្រោងសាធារណៈធំៗ។

គណៈរដ្ឋមន្ត្រីចិន កាលពីថ្ងៃទី ២៤ ខែសីហា បាន​ផ្ដល់ជូន​នូវយន្ដការ​ការជំរុញសេដ្ឋកិច្ច​បន្ថែមទៀត ដើម្បីស្ដារ​សេដ្ឋកិច្ច ដែលកំពុង​ដើរអូសជើង ក្នុងនោះរួមមានទាំងការបង្កើន​កូតាឧបករណ៍​គោលនយោបាយ​​ហិរញ្ញប្បទាន ដែលមានទំហំទឹកប្រាក់ដល់ទៅប្រមាណ ៤២ពាន់លានដុល្លារអាមេរិក។

តាមរយៈយន្ដការនេះ ធនាគារ​នាំចេញនាំចូលរបស់រដ្ឋចិន (EIBC) បាន​ផ្ដល់នូវប្រាក់កម្ចី ៧ពាន់លានដុល្លារ សម្រាប់គាំទ្រដល់គម្រោងធំៗ​​រហូតដល់ទៅ ១០៦គម្រោង។ ដោយឡែក ធនាគារអភិវឌ្ឍកសិកម្ម​របស់ចិន (ADBC)វិញ ក៏បាន​ផ្ដល់ជូន​ប្រាក់​កម្ចីប្រហែល​១៤ពាន់លានដុល្លារ សម្រាប់គម្រោងវិនិយោគ ​៧៣២គម្រោងផងដែរ។ រីឯ ធនាគារអភិវឌ្ឍរបស់ចិន (CDB)បានផ្ដល់កម្ចីប្រហែល ២០ពាន់លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍចំនួន​៤២១គម្រោង។

ប្រភពពីកាសែតជាតិរបស់ចិន Securities Times ក៏បាន​គូសបញ្ជាក់ទៀតថា មូលនិធិ​សរុប​ប្រហែល​៧០ពាន់លានដុល្លារ នៅក្នុង​ការបោះផ្សាយលក់បំណ្ណបំណុលពិសេសរបស់រដ្ឋ ក្រោមការអនុវត្តកូតា​ចាប់ពីឆ្នាំ២០១៩មកនោះ ក៏នឹងត្រូវប្រើប្រាស់​សម្រាប់​គម្រោង​ហេដ្ឋរចនាសម្ព័ន្ធ​ក្នុងប្រទេស​ចិន នៅក្នុង​ត្រីមាសទី៤នៅឆ្នាំនេះដែរ ដោយវាជួយជំរុញឲ្យចិន​សម្រេចបាន​​កំណើន​នៃការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រហែល​១០% នៅពេញមួយឆ្នាំ២០២២នេះ បើធៀបនឹងឆ្នាំមុន។

សូមបញ្ជាក់ថា សេដ្ឋកិច្ចចិនកាលពីត្រីមាសទី២ឆ្នាំនេះ ស្ទើរតែគេចមិនផុត​ពីការ​ដាំក្បាលចុះនោះឡើយ ដោយសារតែ​ជួបប្រទះ​នឹង​ការធ្លាក់ចុះខ្លាំងនៃទីផ្សារអចលនទ្រព្យ ការប្រើប្រាស់ធ្លាក់ចុះ និងវិធានការរឹតត្បិតកូវីដ១៩តឹងរ៉ឹងរបស់រដ្ឋអំណាចក្រុងប៉េកាំង​ជាដើម។ យ៉ាងណាមិញ តាមរយៈរបាយការណ៍​ថ្មីចុងក្រោយ​របស់ធនាគារពិភពលោក ក៏បាន​បន្ទាបការព្យាករកំណើន​សេដ្ឋកិច្ចចិន​នៅឆ្នាំនេះ​​ដល់ទៅជិតពាក់កណ្ដាលឯណោះ ធៀបនឹងការព្យាករកាលពីលើកមុន ពោលគឺធនាគារពិភពលោកបានព្យាករសេដ្ឋកិច្ចចិន​នៅឆ្នាំ២០២២ មកនៅត្រឹមកំណើន​២,៨%ប៉ុណ្ណោះ ខណៈកាលពីខែសីហា​ធ្លាប់ព្យាករថានឹងមានកំណើន​៥%៕




អត្ថបទបន្ទាប់


អាមេរិក និងកូរ៉េខាងត្បូងចាត់ទុកការបាញ់ផ្លោងមីស៊ីល២គ្រាប់ជាថ្មីទៀតរបស់កូរ៉េខាងជើងថាជា «សារញុះញង់ និងគំរាមគំហែង»

អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានថ្កោលទោសយ៉ាងខ្លាំងចំពោះការសាកល្បងមីស…

វៀតណាមសម្រេចបានកំណើនសេដ្ឋកិច្ចជាង ១៣%ក្នុងត្រីមាសទី៣ឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ដែលត្រូវបានវាស់ស្ទង់តាមរយៈផលិតផលក្នុងស្រុកសរុបបានកើនឡើងដល់ទៅតួលេខ២ខ្ទង់ ពោលគឺមានកំណើនជាង១៣% បើគិតក្នុងអំឡុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ