ក្នុងនោះ ក្រសួងការពារជាតិចិនបាននិយាយកាលពីថ្ងៃពុធ ទី១៧ ខែ សីហានេះថា កងទ័ពចិនត្រៀមខ្លួនជាស្រេចហើយ ក្នុងការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីចូលរួមក្នុងសមយុទ្ធយោធារួមគ្នាដែលដឹកនាំដោយម្ចាស់ផ្ទះរុស្សី ហើយមានការចូលរួមពីប្រទេសឥណ្ឌា បេឡារុស្ស ម៉ុងហ្គោលី តាជីគីស្ថាន និងប្រទេសដទៃទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ទ៌មានអន្តរជាតិធំៗ។
ក្រសួងការពារជាតិចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការចូលរួមសមយុទ្ធរួមគ្នារបស់ចិននេះគឺ មិនជាប់ទាក់ទងទៅនឹងស្ថានភាពអន្តរជាតិ និងតំបន់នាពេលបច្ចុប្បន្ននេះនេះទេ»។
គួររំលឹកថា កាលពីខែកក្កដាកន្លងទៅ ទីក្រុងមូស្គូបានប្រកាសផែនការធ្វើសមយុទ្ធរួមគ្នា ដែលឲ្យឈ្មោះថាវូស្តុក (Vostok) ខាងកើត ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ទោះបីជាខ្លួនជាប់ដៃធ្វើសង្រ្គាមជាមួយអ៊ុយក្រែនក៏ដោយ។ ប៉ុន្តែកាលនោះ រុស្សីមិនបានបញ្ជាក់ថា នឹងមានប្រទេសណាចូលរួមក្នុងសមយុទ្ធរួមនេះទេ។
មួយវិញទៀត ក្រសួងការពារជាតិចិនបានបញ្ជាក់ថា ការចូលរួមរបស់ខ្លួននៅក្នុងសមយុទ្ធនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការប្រចាំឆ្នាំទ្វេភាគី ដែលកំពុងបន្តជាមួយរុស្ស៊ីតាំងពីដើមរៀងមក។
សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា «គោលបំណងនៃសមយុទ្ធនេះគឺដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែស៊ីជម្រៅ និងបង្កើនមិត្តភាព ក៏ដូចជាយុទ្ធសាស្រ្តក្នុងចំណោមប្រទេសភាគីដែលចូលរួម ព្រមទាំងពង្រឹងសមត្ថភាពក្នុងការឆ្លើយតបទៅនឹងការគំរាមគំហែងផ្នែកសន្តិសុខផ្សេងៗ»។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្សី (TASS) បានឲ្យដឹងថា សមយុទ្ធ និងបញ្ជាការយុទ្ធសាស្ត្រវូស្តុក (Vostok-2022) នេះ នឹងធ្វើឡើងក្រោមការបញ្ជារបស់អគ្គសេនាធិការរុស្ស៊ី លោកវ៉ាលេរ៊ី ជើរ៉ាសៃម៉ូស (Valery Gerasimov) ដែលនឹងធ្វើឡើងចំនួន ១៣ កន្លែងនៅស្រុកភាគខាងកើតនៃប្រទេសរុស្សី។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ក្នុងអំឡុងពេលសមយុទ្ធនេះ កងកម្លាំងដែលចូលរួមនឹងអនុវត្តវិធានការដើម្បីរក្សាសន្តិសុខផ្នែកយោធានៅក្នុងតំបន់ភាគខាងកើតផងដែរ។
សូមជម្រាបថា កាលពីមួយឆ្នាំមុនក្នុងខែសីហានេះ រុស្ស៊ី និងចិនបានធ្វើសមយុទ្ធយោធារួមគ្នានៅភាគខាងជើងប្រទេសចិនដែលមានឈ្នោះថា (Sibu/Cooperation-2021) ដោយមានទាហានចូលរួមជាង ១ ម៉ឺននាក់ពីប្រទេសទាំងពីរ។
មែនទែនទៅ គេមើលឃើញថា ក្រោមការដឹកនាំរបស់ប្រធានាធិបតីចិន លោក Xi Jinping និងសមភាគីរុស្ស៊ីលោក Vladimir Putin ទីក្រុងប៉េកាំង និងទីក្រុងមូស្គូមានទំនាក់ទំនងកាន់តែស្និតល្មួត ជាងពេលណាណាទាំងអស់ ហើយប្រទេសទាំងពីរថែមទាំងប្រកាសភាពជាដៃគូ «គ្មានដែនកំណត់» ហើយចិនក៏បានគេចវេសក្នុងការថ្កោលទោសរុស្សី ក្រោយវិមានក្រឹមឡាំងចូលឈ្លានពានប្រទេសអ៊ុយក្រែនផងដែរ៕