បន្ទាប់ពីវ៉ាក់សាំង ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ បានទទួលការយល់ព្រមក្នុងស្រុកសម្រាប់ចាក់ជូនកុមារដែលមានអាយុពី ៣ ទៅ ១៧ ឆ្នាំ ប្រទេសចិននាពេលកន្លងមកនេះ បានចេញយុទ្ធនាការចាក់ជូនកុមារដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅប៉ុណ្ណោះ។ ក៏ប៉ុន្ដែក្រោយពេលតំបន់ខ្លះនៃប្រទេសចិនបានរកឃើញករណីឆ្លងថ្មីឡើងវិញ ទើបអាជ្ញាធរនៅតាមខេត្តមួយចំនួនក្នុងប្រទេសចិន ចេញប្រកាសពីយុទ្ធនាការចាក់ជូនកុមារចាប់ពីអាយុ ៣ ឡើងទៅបន្ថែមទៀត។
ថ្មីៗនេះ រដ្ឋាភិបាលចិនមានការព្រួយបារម្ភអំពីការរីករាលដាលនៃមេរោគបំប្លែងថ្មី ឌែលតា ដែលបានឆ្លងកាន់តែច្រើនឡើងតាមរយៈអ្នកធ្វើដំណើរ ហើយចិនក៏យកចិត្តទុកដាក់អំពីការចាក់វ៉ាក់សាំងជាសាធារណៈឱ្យបានមុនព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉េកាំងក្នុងខែកុម្ភៈឆ្នាំក្រោយនេះផងដែរ។
សូមជម្រាបថា ប្រទេសចិនបានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសតិចតួចបំផុតនៅលើពិភពលោក ដែលចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ។ ក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ ដែលបានប្រើវ៉ាក់សាំងចិន ស៊ីណូវ៉ាក់ និង ស៊ីណូហ្វាម សម្រាប់ចាក់ជូនកុមារអាយុពី ៦ ទៅ ១១ ឆ្នាំ។
ក្រៅពីនេះ គេឃើញមាន ប្រទេសគុយបា បានចាប់ផ្តើមចាក់វ៉ាក់សាំងសម្រាប់កុមារអាយុចាប់ពី ២ ឆ្នាំឡើងទៅ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបជាច្រើនក៏បានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងជូនកុមារចន្លោះពី ១២ ឆ្នាំឡើងទៅផងដែរ។
គួរកត់សម្គាល់ថា ប្រទេសចិនបានប្រើប្រាស់វិធានការបិទខ្ទប់ ការធ្វើចត្តាឡីស័ក និងការធ្វើតេស្តយ៉ាងតឹងរឹងចាប់តាំងពីមានជំងឺរាតត្បាតរហូតមកដល់បច្ចុប្បន្ននេះ ខណៈដែលប្រទេសនេះ បានចាក់វ៉ាក់សាំងគ្រប់ ២ ដូសដល់មនុស្សជាង ១ ពាន់លាននាក់ ក្នុងចំណោមប្រជាជនចំនួន ១ពាន់៤រយលាននាក់ ហើយចិនក៏ជាប្រទេសមួយដែលមានការចាក់វ៉ាក់សាំងបានច្រើនជាងជាងគេបំផុតនៅក្នុងពិភពលោកផងដែរ៕
អត្ថបទ ស៊ើង និមល់