ទីភ្នាក់ងារព័ត៌មានផ្លូវការ SPA របស់អារ៉ាប៊ីសាអូឌីត បានចុះផ្សាយថា ដំណើរធម្មយាត្រាឆ្នាំនេះត្រូវបានធ្វើឡើងអំឡុងពេលមានរលកកម្ដៅដ៏ក្ដៅហែង ខណៈដែលសីតុណ្ហភាពបានកើនឡើងលើស៥០អង្សាសេ។ ជាង៣ភាគ៤នៃអ្នកស្លាប់ទាំងនោះគ្មានលិខិតអនុញ្ញាតផ្លូវការសម្រាប់ការចូលរួមក្នុងដំណើរធម្មយាត្រានេះទេ ដោយអ្នកស្លាប់ខ្លះជាមនុស្សចាស់ ឬមានជំងឺរ៉ាំរ៉ៃ ហើយពួកគេបានដើរឆ្ងាយក្រោមថ្ងៃក្ដៅហែងដោយគ្មានកន្លែងជ្រកសមរម្យ ជាហេតុបង្កឱ្យមានការរិះគន់យ៉ាងខ្លាំង។
ទាក់ទិនបញ្ហានេះ រដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត លោក ហ្វាត អាល់-ចាឡាជេល (Fahd Al-Jalajel) បាននិយាយថា រដ្ឋាភិបាលបានខិតខំប្រឹងប្រែងផ្សព្វផ្សាយដើម្បីបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់នៃរលកកម្ដៅ និងវិធីដែលអ្នកធ្វើធម្មយាត្រាអាចកាត់បន្ថយផលប៉ះពាល់នេះជាមុនរួចមកហើយ។
លោកបានអះអាងថា គ្រឹះស្ថានសុខាភិបាលបានព្យាបាលអ្នកធ្វើធម្មយាត្រាជិតកន្លះលាននាក់ រួមទាំងជាង១៤ម៉ឺននាក់ ដែលគ្មានលិខិតអនុញ្ញាតចូលរួមផងដែរ ហើយខ្លះទៀតកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យដោយសារខ្យល់គ។ យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិ របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា សីតុណ្ហភាពនៅក្នុងទីក្រុងមេក្កា (Mecca) បានហក់ឡើងខ្ពស់រហូតដល់៥១,៨អង្សាសេឯណោះ៕
អត្ថបទ៖ សុខ មង្គល