តំណាងចរចាពាណិជ្ជកម្មអាមេរិក លោក រ៉ូបឺត ឡៃធីសឺ និងឧបនាយករដ្ឋមន្ត្រីចិន លោក លូ ហេ បានដើរតួជាអ្នកចរចា តំណាងឲ្យប្រទេសទាំងពីរ ដើម្បីធ្វើការពិភាក្សាប្រកបដោយការស្ថាបនា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនៃ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១។
ជាលទ្ធផលនៃកិច្ចចរចាតាមរយៈប្រព័ន្ធទូរស័ព្ទនេះ ភាគីចិន អះអាងថា ភាគីទាំងពីរ យល់ព្រមបង្កើតលក្ខខណ្ឌ និងបរិយាកាសអំណោយផល ដើម្បីបន្តការអនុវត្ត កិច្ចព្រមព្រៀងជាបន្តទៀត។
ដោយឡែកតំណាងភាគីអាមេរិក បានបញ្ជាក់ថា អ្នកចរចាទាំងសងខាង បានជជែកគ្នារួចហើយអំពី សកម្មភាព ដែលត្រូវអនុវត្ត ដើម្បីឲ្យ កិច្ចព្រមព្រៀងពាណិជ្ជកម្ម បន្តទៅមុខទៀត។
នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ចិន បានសន្យាថា នឹងជម្រុញការទិញទំនិញពី អាមេរិក ជាង ២០០ពាន់លានដុល្លារអាមេរិក រាប់បញ្ចូលទាំង ផលិតផលកសិកម្ម និងឧស្សាហកម្ម ថាមពល និងសេវាកម្ម តែយ៉ាងណាក៏ដោយ ដោយសារតែការចុះអន់ខ្សោយនៃសេដ្ឋកិច្ចសកលលោក ដែលកំពុងរងគ្រោះដោយវិបត្តិកូវីដ១៩នោះ ចិន ស្ថិតនៅឆ្ងាយពីគោលដៅ ដែលគ្រោងនឹងទិញទំនិញអាមេរិក ៧៧ពាន់លានដុល្លារ នៅក្នុងឆ្នាំទី ១នេះ។
ជាក់ស្តែង មុននឹងមានកិច្ចចរចាតាមប្រព័ន្ធទូរស័ព្ទនេះកើតឡើង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញពី អារម្មណ៍មិនពេញចិត្ត ដោយសារតែ ចិន មិនអាចទិញទំនិញទៅតាម ការសន្យាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយលោក ត្រាំ បន្តថា នឹងចែកផ្លូវគ្នាជាមួយ ចិន បើសិនជា ចិន មិនប្រព្រឹត្តឲ្យបានត្រឹមត្រូវជាមួយ អាមេរិក។
គួរជម្រាបដែរថា បើតាមទិន្នន័យពី រដ្ឋបាលគយទូទៅចិន បានបង្ហាញថា ទំហំពាណិជ្ជកម្មរវាង អាមេរិក និងចិន សម្រេចបាន ២៩៣ពាន់លានដុល្លារអាមេរិក អំឡុងពេល ៧ខែដើមឆ្នាំ ២០២០នេះ ដែលមានការធា្លក់ចុះ ៣% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕