ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកចិន អនុរដ្ឋមន្ត្រីការបរទេសចិន លោក លី យូឆេង(Le Yucheng) បាននិយាយថា ប្រទេសចិនបានកត់សម្គាល់នូវចំណុចវិជ្ជមានមួយចំនួននៅក្នុងសុន្ទរកថារបស់លោកស្រី ខាធើរីន តៃ អ្នកតំណាងផ្នែកពាណិជ្ជកម្មអាមេរិក ប៉ុន្តែបានបដិសេធយ៉ាងដាច់ណាត់ ចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់លោកស្រី។ ចោទប្រកាន់ដោយគ្មានមូលដ្ឋានគឺនៅត្រង់ថា អាមេរិកបានរិះគន់ចិន ថារមែងធ្វើពាណិជ្ជកម្មដោយមិនស្មើភាព មិនគោរពតាមកិច្ចព្រមព្រៀង និងកេងចំណេញលើអាមេរិក។
លោកលី ក៏បានសង្កត់ធ្ងន់ដែរថា ចិននិងអាមេរិក គឺស្ថិតក្នុងសហគមន៍មួយដែលខ្វះគ្នាបាននិងជាប្រទេសដែលចែករំលែកផលប្រយោជន៍រួមគ្នា។ លោកបានអំពាវនាវឱ្យអាមេរិកផ្លាស់ប្តូរទិសដៅ និងឥរិយាបទរបស់ខ្លួនចំពោះចិន។
គួររំឭកថា ភាគីតំណាងពាណិជ្ជកម្មចិននិងអាមេរិក នៅសប្តាហ៍មុនបានជួបចរចាជម្លោះពាណិជ្ជកម្មរវាងគ្នា តាមប្រព័ន្ធអនឡាញ។ ទោះមិនទាន់បានអ្វីជាផ្លែផ្កា ប៉ុន្តែវាជាសញ្ញាមួយឈានទៅផ្សះផ្សាទំនាស់រវាងមហាអំណាចទាំងពីរ ហើយភាគីទាំងពីរក៏សុទ្ធតែបានទទួលស្គាល់រៀងៗខ្លួនថា វាជាជំហានដ៏ល្អមួយ សម្រាប់អនាគតនៃចំណងទំនាក់ទំនងទ្វេភាគីរបស់ចិននិងអាមេរិក។
សូមជម្រាបថា សញ្ញាល្អក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ ធ្លាក់មកជួនចំពេលដែលការធ្វើពាណិជ្ជកម្មរវាងចិននិងអាមេរិក បន្តសម្រេចបានកំណើនល្អគួរឲ្យកត់សម្គាល់។ ជាក់ស្តែង បើតាមទិន្នន័យដែលបង្ហាញដោយអាជ្ញាធរគយចិន ការនាំចេញរបស់ចិនទៅអាមេរិកបន្តកើនឡើងជិត៣៣% ដល់ទឹកប្រាក់ជាង៤រយពាន់លានដុល្លារ ក្នុង៩ខែឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលពីអាមេរិកមកចិនវិញ កើនឡើងជិត ៤៤% ៕