ធុរកិច្ចមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងចិន ពិសេសបញ្ហាប្រឈមនៅក្នុងអាជីវកម្មកំពូលៗនោះ គឺដោយសារតែច្បាប់មិនស៊ីចង្វាក់គ្នា និងមិនមានភាពច្បាស់លាស់រវាងរដ្ឋាភិបាលទាំងពីរនេះ។ កំណើននៃភាពជឿជាក់ទៅទីផ្សារក្នុងស្រុកនៅប្រទេសចិនបានធ្លាក់ចុះ ១១ ភាគរយធៀបនឹងឆ្នាំមុន នេះបើយោងតាមរបាយការណ៍របស់សភាពពាណិជ្ជកម្មអាមេរិក ដែលបានសម្រង់មតិលើក្រុមហ៊ុនជាសមាជិករបស់ខ្លួនជាង ៣០០ ក្រុមហ៊ុន។
លោក Alan Beebe ប្រធានសភាពាណិជ្ជកម្មអាមេរិកក្នុងប្រទេសចិន បាននិយាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយមួយថា មានភាពអាប់អួរខ្លាំងនៅក្នុងប្រតិបត្តិការអាជីវកម្មអាមេរិកនៅក្នុងប្រទេសចិន គឺបានកើតមានឡើងក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកលោកចូបៃឌិនមកម្ល៉េះ។
ក្នុងនោះ ក្រុមហ៊ុនដែលប្រតិបត្តិការក្នុងប្រទេសចិន គឺ មានផលលំបាកក្នុងការជួលអ្នកមានទេពកោសល្យពីបរទេស និងក្នុងស្រុក ដោយសារវិធានការរឹតបន្តឹងកូវីត១៩ដ៏តឹងរ៉ឹងនៅក្នុងប្រទេសចិន ធ្វើឱ្យមានការលំបាកការធ្វើដំណើរ សម្រាប់បុគ្គលិកពីបរទេស ដើម្បីមកធ្វើការនៅក្នុងប្រទេសចិន។ដោយឡែកអ្នកមានទេពកោសល្យរបស់ចិនជាច្រើននៅក្នុងស្រុក គឺមិនធ្វើការឱ្យក្រុមហ៊ុនអាមេរិកឡើយ។ ទន្ទឹមនឹងនេះ ផលិតផលម៉ាកពីអាមេរិក ក៏បានចាប់ផ្តើមបាត់បង់តម្លៃនៅទីផ្សារចិនដែរ ដោយសារតែភាពតានតឹងនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសចិន និងអាមេរិក។ នេះបើតាមការអះអាងរបស់ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសចិន។
គួរជម្រាបថា ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចចិនក៏បានបង្ហាញពីបញ្ហាប្រឈមទាំងសម្រាប់ក្រុមហ៊ុនចិននិងក្រុមហ៊ុនអាមេរិកក្នុងប្រទេសចិន។ ទោះបីជាមានការព្យាករណ៍ និងបញ្ហាប្រឈមក៏ដោយ ការស្ទង់មតិបានបង្ហាញថា ក្រុមហ៊ុនភាគច្រើនគ្រោងនឹងពង្រីកខ្លួនបន្ថែម ដោយពីរភាគបីនៃពួកគេមានគម្រោងបង្កើនការវិនិយោគនៅក្នុងប្រទេសចិននៅឆ្នាំ ២០២២៕អត្ថបទ វ៉ាន់ ស្រីរ័ត្ន