វៀតណាមនិងចិនបានទាស់ទែងគ្នាជាយូរមកហើយក្នុងជម្លោះទឹកដីជុំវិញតំបន់ដែលអាចសម្បូរធនធានថាមពលនៅក្នុងសមុទ្រចិនខាងត្បូង ហើយវាក៏ជាផ្លូវនាវាចរណ៍យុទ្ធសាស្ត្រដែលមានកប៉ាលធ្វើពាណិជ្ជកម្មក្នុងទំហំទឹកប្រាក់ប្រមាណ ៣ ទ្រីលានដុល្លារជារៀងរាល់ឆ្នាំ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូ ហាង (Pham Thu Hang) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វៀតណាមទាមទារឱ្យចិនដកកប៉ាល់ស្រាវជ្រាវ សៀង យ៉ាង ហុង ១០ (Xiang Yang Hong 10) នាវាឆ្មាំសមុទ្រ និងទូកនេសាទចិន ចេញពីដែនទឹករបស់វៀតណាមជាបន្ទាន់»។ សេចក្ដីថ្លែងការណ៍នោះបានបន្ថែមថា៖ «វៀតណាមបានធ្វើការទាក់ទងជាមួយចិនជាច្រើនដង និងបានអនុវត្តវិធានការស្របតាមច្បាប់អន្តរជាតិ និងច្បាប់វៀតណាម ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វៀតណាម»។
ទោះយ៉ាងណា មិនទាន់ឃើញមានការឆ្លើយតបណាមួយពីស្ថាទូតចិននៅទីក្រុងហាណូយនៅឡើយទេ។ តែកាលពីពេលមុន ប្រទេសចិនធ្លាប់បាននិយាយហើយថា កប៉ាលស្រាវជ្រាវវិទ្យាសាស្ត្រគឺជាសកម្មភាពធម្មតានៅក្នុងតំបន់ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ចិន។
ការប៉ះទង្គិចគ្នាជាពាក្យសម្ដីសាជាថ្មីនេះបានកើតឡើង បន្ទាប់ពីក្រសួងដឹកជញ្ជូនចិនកាលពីថ្ងៃច័ន្ទ បានប្រកាសតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីការដំឡើងពោងបំភ្លឺយ៉ាងហោចណាស់ចំនួនបីកន្លែងនៅតាមថ្មប៉ប្រះទឹក អៀវីង (Irving), វីតសុន (Whitsun), និង ហ្គាវេន (Gaven) ដែលមានទីតាំងនៅក្នុងដែនទឹករបស់ប្រទេសវៀតណាមជុំវិញប្រជុំកោះស្ព្រាតលី។
លោកស្រី ផាម ធូ ហាង (Pham Thu Hang) បាននិយាយថា ការដំឡើងពោងបំភ្លឺនៅតាមថ្មប៉ប្រះទឹកដោយមិនមានការយល់ព្រមពីប្រទេសវៀតណាមបែបនេះ ជាការរំលោភលើអធិបតេយ្យភាពរបស់វៀតណាម និង«គ្មានតម្លៃផ្លូវច្បាប់ទេ»៕