ជម្លោះថ្មីនេះបានកើតឡើងកាលពីរាត្រីថ្ងៃពុធ នៅពេលដែលរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ម៉ារី ផេន (Marise Payne) បានប្រកាសថា កិច្ចព្រមព្រៀងខ្សែក្រវាត់មួយ-ផ្លូវមួយចំនួន ២ នឹងត្រូវលុបចោល ដែលការលុបចោលនេះត្រូវបានរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Morrison អះអាងថា ដោយសារកិច្ចព្រមព្រៀងនេះមិនសមស្របនឹងផលប្រយោជន៍ជាតិរបស់អូស្ត្រាលី ។
សារព័ត៌មាន News របស់អូស្ត្រាលី បានផ្សាយថា នៅពេលប្រកាសលុបចោលកិច្ចព្រមព្រៀងជាមួយចិនទាំងនេះ លោកស្រី ម៉ារី ផេន រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានថ្លែងថា លោកស្រីយល់ឃើញថា កិច្ចព្រមព្រៀងទាំងនេះមិនស្របទៅនឹងគោលនយោបាយការបរទេសរបស់អូស្ត្រាលី ឬមានផលប៉ះពាល់អវិជ្ជមានទៅលើទំនាក់ទំនងការបរទេសរបស់អូស្ត្រាលី ។
សាវតារគម្រោង BRI និងទំនាក់ទំនងចិន-អូស្ត្រាលី
គម្រោងខ្សែក្រវាត់មួយ ផ្លូវមួយ (One Belt One Road) ឬហៅថា គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ (BRI) បង្កើតឡើងដោយរដ្ឋាភិបាលចិនរបស់លោកប្រធានាធិបតី ស៊ី ជិនពីង កាលពីឆ្នាំ២០១៣ ក្នុងគោលដៅដ៏មហិច្ឆតាមួយដើម្បីបង្កើតបណ្ដាញផ្លូវពាណិជ្ជកម្មពិភពលោកដ៏ធំមួយ ជាមួយនឹងបណ្ដាប្រទេសជាច្រើន ។
កាលពីឆ្នាំ២០១៧ ប្រមុខដឹកនាំរដ្ឋ វិចតូរៀ នៃប្រទេសអូស្ត្រាលី លោក ដានីញែល អ៊ែនឌ្រូស៍ (Daniel Andrews) បានចូលរួមកិច្ចប្រជុំកំពូលមួយស្ដីពីគម្រោងខ្សែក្រវាត់និងផ្លូវនេះ នៅទីក្រុងប៉េកាំង ហើយនៅខែតុលា ឆ្នាំ២០១៨ រដ្ឋវិចតូរៀបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយប្រទេសចិន ដើម្បីចូលរួមនៅក្នុងផែនការ BRI របស់ចិន ។
ការលុបចោលកិច្ចព្រមព្រៀងខ្សែក្រវាត់និងផ្លូវនេះបានបញ្ឆេះកំហឹងដល់រដ្ឋាភិបាលក្រុងប៉េកាំង ដោយស្ថានទូតចិនប្រចាំក្រុងកង់ប៊ែរ៉ា បានចេញសេចក្ដីថ្លែងការណ៍សម្ដែងការមិនសប្បាយចិត្តនិងការជំទាស់ដាច់អហង្ការចំពោះទង្វើរបស់អូស្ត្រាលី ។
ចិនប្ដេជ្ញាឆ្លើយតបវិញយ៉ាងចាស់ដៃ
សេចក្ដីថ្លែងការណ៍និយាយថា «នេះជាទង្វើមួយទៀតដែលគ្មានហេតុផល និងដែលជាការញុះញង់ ដែលធ្វើឡើងដោយភាគីអូស្ត្រាលី មកលើប្រទេសចិន ។»
សារព័ត៌មាន Global Times ដែលគេស្គាល់ថាជាអ្នកនាំពាក្យឲ្យរដ្ឋាភិបាលក្រុងប៉េកាំង បានផ្សាយរិះគន់ការសម្រេចចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលីថា «ជាការញុះញង់ដោយគ្មានហេតុផល និងដោយចេតនាប្រឆាំងនឹងប្រទេសចិន» និងប្ដេជ្ញាថា ចិននឹងសងសឹកវិញយ៉ាងចាស់ដៃ ។ វោហារសាស្ត្រដ៏គ្រោតគ្រាត ជារឿយៗ ត្រូវបានគេមើលឃើញថា ត្រូវបានប្រើប្រាស់ដោយសារព័ត៌មាន Global Times នៅក្នុងការវាយប្រហារទៅលើប្រទេស ឬរដ្ឋាភិបាលណាមួយ ដែលធ្វើឲ្យរដ្ឋាភិបាលចិនខឹង ឬមិនសប្បាយចិត្ត ។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទីមួយរបស់អូស្ត្រាលី ហើយកន្លងមក អូស្ត្រាលីបានទទួលរងនូវវិធានការរឹតត្បិតពាណិជ្ជកម្មធ្ងន់ធ្ងរមួយចំនួនពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង ក្រោយពេលដែលអូស្ត្រាលីធ្វើឲ្យមហាយក្សចិនខឹងសម្បាជុំវិញការអំពាវនាវឲ្យពិភពលោកស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូវីដ-១៩ ដែលត្រូវគេរាយការណ៍ថា បានផ្ទុះឆ្លងរាលដាលដំបូងបំផុតនៅទីក្រុងវូហាន ប្រទេសចិន ។
ហើយលើកនេះទៀត ការលុបចោលកិច្ចព្រមព្រៀងខ្សែក្រវាត់និងផ្លូវជាមួយប្រទេសចិន ត្រូវគេរំពឹងថា នឹងនាំឲ្យអូស្ត្រាលីទទួលរងនូវខ្យល់ព្យុះនៃការសងសឹកពីរដ្ឋាភិបាលក្រុងប៉េកាំងជាបន្តទៀត ជាក់ជាមិនខាន ៕