ចិនប្តេជ្ញាបន្តជួយកម្ពុជាអភិវឌ្ឍន៍

ចិនប្តេជ្ញាបន្តជួយកម្ពុជាអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងវិស័យសំខាន់ៗមួយចំនួនទៀត


ចិនប្តេជ្ញាបន្តជួយគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ឧស្សាហកម្ម និងវិស័យសំខាន់ៗមួយចំនួនទៀត សំដៅជួយពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសផ្សេងៗជាពិសេសចិនឲ្យកាន់តែល្អប្រសើរ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច។ ជាមួយគ្នានេះចិនសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់កម្ពុជាដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ នឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ចិនប្តេជ្ញាបន្តជួយកម្ពុជាអភិវឌ្ឍន៍
ដោយ

ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានបង្ហាញជំហរប្តេជ្ញាបន្តជួយកម្ពុជាអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដូចជា ផ្លូវល្បឿនលឿននៅតាមខេត្តសំខាន់ៗ និងផ្លូវដែកតភ្ជាប់ទៅកាន់ច្រករបៀងភាគខាងជើង និងតភ្ជាប់ទៅផ្លូវដែកជាមួយថៃ ឡាវនិងឆ្ពោះទៅកាន់ប្រទេសចិន។ ក្រៅពីវិស័យហេដ្ឋារចនាសម្ព័ន្ធ ចិន ដែលជាមិត្តដែកថែមរបស់កម្ពុជា ក៏បានសន្យាបន្តជួយកម្ពុជាអភិវឌ្ឍន៍វិស័យសំខាន់ៗមួយចំនួនទៀតផងដែរ ដូចជាវិស័យកសិកម្ម ឧស្សាហកម្ម ផលិតកម្ម អគ្គិសនី អប់រំ និងសុខាភិបាលជាដើម។

លើសពីនេះប្រមុខការទូតចិនរូបនេះ ប្តេជ្ញាបន្តការជំរុញកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិន ឱ្យកាន់តែមានភាពរលូន និងនាំមកនូវគម្រោងសម្រាប់អភិវឌ្ឍវិស័យសំខាន់ៗ នៅកម្ពុជាបន្ថែមទៀត។ ការប្តេជ្ញានេះធ្វើឡើងពេលឯកឧត្តម វ៉ាង យី ជួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងអំឡុងពេលឯកឧត្តមធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា។
ជាមួយគ្នានេះឯកឧត្ដម វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ក៏បានអបអរសាទរចំពោះការទទួលបានជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅផងដែរ។ ប្រមុខការទូតជាន់ខ្ពសរ់របសចិនរូបនេះ សង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ នឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិនឲ្យតែរឹងមាំ និងល្អប្រសើរបន្ថែមទៀត។
ក្នុងជំនួបនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូចិន ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលតែងតែផ្ដល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់មកឱ្យកម្ពុជានៅក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យនៅគ្រប់កាលៈទេសៈរហូតមកទល់បច្ចុប្បន្ន ជាពិសេសការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ រួមមានការកសាងផ្លូវថ្នល់ប្រមាណជាង៣ពាន់គីឡូម៉ែត្រ និងស្ពានធំៗចំនួន១០។ បន្ថែមលើនេះកម្ពុជា-ចិន ក៏បានអបអរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ និងប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យបានខ្លាំងក្លាថែមទៀត ដោយបង្កើតនូវសហគមន៍ជោគវាសនារួមកម្ពុជា-ចិន សំដៅជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ចាក់ថា ចិនគឺជាមិត្តដែកថែបរបស់កម្ពុជា ហើយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធដ៏ច្រើននៅកម្ពុជា ជាពិសេសថ្មីៗនេះមានដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ការសិក្សាគម្រោងផ្លូវដែកនៅកម្ពុជា និងគម្រោងព្រែកជីកហ្វូណនតេជោជាដើម។ ទន្ទឹមនឹងនេះឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយរបស់ភាគីចិន ដែលមានទឹកប្រាក់ប្រមាណ ៣០០លានយ័ន សម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងស្ដារឡើងវិញវិស័យផ្លូវដែកនៅកម្ពុជាផងដែរ ជាពិសេសការជំរុញការកសាងផ្លូវដែកល្បឿនលឿនភ្ជាប់ភ្នំពេញ-ប៉ោយប៉ែតទៅប្រទេសថៃ ឡាវ និងចិន។

គួរបញ្ជាក់ថា ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនបានមកបំពេញទស្សនៈកិច្ចផ្លូវការនៅកម្ពុជាចំនួនពីរថ្ងៃចាប់ពីថ្ងៃទី១២-១៣ ខែសីហា តបតាមការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។ ក្នុងអំឡុងបំពេញទស្សនកិច្ចនៅកម្ពុជាឯកឧត្តម វ៉ាង យី បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីចាត់តាំងនៃកម្ពុជា និងមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត៕




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីចង់វិនិយោគលើវិស័យកែច្នៃស្រូវ-អង្ករ និងជំរុញការនាំចេញអង្ករពីកម្ពុជាទៅកាន់ប្រទេសរបស់ខ្លួន

ប្រទេសឥណ្ឌូនេស៊ីបានបង្ហាញការចាប់អារម្មណ៍ចង់វិនិយោគលើវិស័យកែច្នៃស្រូវ-អង្ករ នៅប្រទេសកម្ពុជា និងជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សាររបស…

ការនាំចេញទំនិញកម្ពុជាទៅសិង្ហបុរី កើនឡើងដល់ទៅជាង ៥៥៤% នៅ៧ខែឆ្នាំនេះ ជាកម្រិតកំណើនខ្ពស់បំផុត

ស្ថិតិពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរីសម្រេចបានក្នុងទំហំជាង ៤៤៨ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ