ទន្ទឹមនឹងការព្រមានខ្លាំងៗនេះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសម្ព័ន្ធមិត្តកាណាដា ក៏បានប្រកាសផ្តល់ជំនួយជាអាវុធថ្មីបន្ថែមទៀតដល់អ៊ុយក្រែន ដែលមានតម្លៃប្រមាណ ១ពាន់លានដុល្លារ ក្នុងនោះរួមមានប្រព័ន្ធមីស៊ីលប្រឆាំងនាវាចម្បាំង គ្រាប់រ៉ុក្កែត កាំភ្លើងធំទំនើបៗ និងគ្រាប់រំសេវផ្សេងៗទៀតផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗ។
កាលពីកន្លងទៅ ប្រទេសចិនបានបដិសេធមិនព្រមថ្កោលទោសចំពោះការវាយលុករបស់ទីក្រុងមូស្គូទៅលើអ៊ុយក្រែននោះទេ ហើយចិនក៏ត្រូវបានលោកខាងលិចចោទប្រកាន់ថា បានផ្តល់ការបិទបាំងផ្នែកការទូត ក្នុងការជួយរុស្ស៊ីទប់ទល់នឹងទណ្ឌកម្មរបស់លោកខាងលិចផងដែរ។
យ៉ាងណាមិញ បើយោងតាមទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា អំពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីរុស្ស៊ីលោកពូទីន និងប្រធានាធិបតីចិនលោកស៊ី ជីពីងកាលពីពេលថ្មីៗនេះ លោកស៊ី ជីនពីងបានប្រាប់ទៅលោកពូទីនយ៉ាងច្បាស់ៗថា ប្រទេសចិនមានឆន្ទៈមុះមុតក្នុងការបន្តផ្តល់ការគាំទ្រទៅវិញទៅមកជាមួយរុស្ស៊ី លើបញ្ហានានាទាក់ទងនឹងផលប្រយោជន៍ស្នូល និងកង្វល់ធំៗដូចជាអធិបតេយ្យភាព និងសន្តិសុខរបស់ទីក្រុងម៉ូស្គូផងដែរ។
យ៉ាងណាមិញ វិមានក្រឹមឡាំងបាននិយាយដែរថា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីប្រឈមមុខនឹងទណ្ឌកម្មលោកខាងលិច "ដែលមានលក្ខណៈខុសច្បាប់" ផងដែរ។
វិមានក្រឹមឡាំងគូសបញ្ជាក់ថា "កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនេះ រួមមានវិស័យថាមពល ហិរញ្ញវត្ថុ ឧស្សាហកម្ម ការដឹកជញ្ជូន និងផ្នែកផ្សេងទៀត ដោយមើលឃើញពីស្ថានភាពសេដ្ឋកិច្ចពិភពលោកដែលកាន់តែស្មុគស្មាញៗ ព្រោះតែការដាក់ទណ្ឌកម្មខុសច្បាប់របស់ពួកបស្ចិមប្រទេស"។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកមួយរូបបាននិយាយថា "ប្រទេសចិនដែលអះអាងថា ខ្លួនមានភាពអព្យាក្រឹតនោះ កំពុងបង្ហាញអាកប្បកិរិយាយ៉ាងច្បាស់ថា ខ្លួនកំពុងបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី"។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកសង្កត់ធ្ងន់ថា “ប្រជាជាតិណាមួយ ដែលឈរនៅខាងលោកវ្ល៉ាឌីមៀ ពូទីន នឹងកំពុងដើរផ្ទុយពីប្រវត្តិសាស្ត្រដោយជៀសមិនរួច។
ទោះជាយ៉ាងណា គេមើលឃើញថា ចិននិងឥណ្ឌា ដែលជាប្រទេសមហាយក្សសេដ្ឋកិច្ចនៅអាស៊ីនោះ មិនបានចូលរួមក្នុងវិធានការខ្លាំងក្លាប្រឆាំងនឹងទីក្រុងមូស្គូទេ ចាប់តាំងពីសង្រ្គាអ៊ុយក្រែនផ្ទុះមក។ ហើយប្រទេសទាំងពីរ បានសម្រុកទិញប្រេងឆៅយ៉ាងច្រើនពីរុស្សីក្នុងតម្លៃទាប នាពេលថ្មីៗនេះ។
លើសពីនេះទៅទៀត ប្រទេសចិននិងរុស្សីត្រូវបានគេមើលឃើញថា បានខិតគ្នាកាន់តែខ្លាំងនៅក្នុងវិស័យនយោបាយ ពាណិជ្ជកម្ម និងយោធា ដែលជាផ្នែកមួយនៃអ្វីដែលពួកគេហៅថាជាទំនាក់ទំនង "គ្មានដែនកំណត់" ។ បើយោងតាមទិន្នន័យគយរបស់ចិន ទីក្រុងប៉េកាំងគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ទីក្រុងម៉ូស្គូ ជាមួយនឹងទំហំពាណិជ្ជកម្មកាលពីឆ្នាំមុនឈានដល់ ១៤៧ ពាន់លានដុល្លារអាមេរិក។
ស្របពេលដែលទំនាក់ទំនងរវាងចិននិងរុស្សីកាន់តែល្អូកល្អិននឹងគ្នា លោក Biden ប្រធានាធិបតីអាមេរិកឯណោះវិញ បានប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេស្គី (Volodymyr Zelenskiy) តាមរយការសន្ទនាតាមទូរស័ព្ទមួយថា លោកកំពុងត្រៀមផ្តល់ជំនួយជាអាវុធបន្ថែមទៀតដល់អ៊ុយក្រែនចំនួន ១ ពាន់លានដុល្លារ ខណៈរដ្ឋមន្ត្រីការពារជាតិកាណាដាបាននិយាយដែរថា ខ្លួននឹងផ្តល់ជំនួយយោធាថ្មីផងដែរ ប្រហែល ៧លានដុល្លារ ដល់អ៊ុយក្រែនផងដែរ។
មន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថា កញ្ចប់សព្វាវុធចុងក្រោយបំផុតសម្រាប់អ៊ុយក្រែននេះរួមមាន កាំភ្លើងយន្តធុនធ្ងន់ចំនួន ១៨ គ្រឿង គ្រាប់រំសេវចំនួន ៣៦,០០០ គ្រាប់ ប្រព័ន្ធមីស៊ីលការពារឆ្នេរសមុទ្រ Harpoon ចំនួនពីរ និងគ្រាប់រ៉ុក្កែតផ្សេងៗទៀត រួមទាំងវិទ្យុទាក់ទងក្នុងសមរភូមិ ឧបករណ៍សម្រាប់ការហ្វឹកហ្វឺនរាប់ពាន់គ្រឿងថែមទៀតផង។
ដោយឡែក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក វ៉ាសាលី (Vassily Nebenzia) កាលពីថ្ងៃពុធបានចោទប្រកាន់បណ្តាប្រទេសលោកខាងលិចថា "កំពុងតែធ្វើសង្គ្រាមដោយប្រយោលជាមួយរុស្ស៊ី"ហើយ ដោយលោកបានប្រាប់អ្នកសារព័ត៌មានថា "ប្រទេសលោកខាងលិចដែលផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែននោះ កំពុងធ្វើឲ្យជនស៊ីវិលធ្លាក់ចូលវិនាសកម្មក្នុងដៃរបស់គេតែម្តង។
គួររលឹកជាថ្មីម្តងទៀងថា វាជាលើកដំបូងហើយ ដែលសហរដ្ឋអាមេរិកកំពុងបញ្ជូនវប្រព័ន្ធមីស៊ីល Harpoon ដែលអាចបាញ់ចេញពីដី សម្រាប់ផ្ដល់ទៅឲ្យអ៊ុយក្រែន ដើម្បីការពារខ្លួនពីការវាយប្រហាររបស់រុស្សីពីសមុទ្រខ្មៅ។ ហើយយោងតាមអ្នកជំនាញ មីស៊ីលដ៏មានអនុភាពនេះមានតម្លៃប្រហែល ១លាន៥ សែនដុល្លារឯណោះក្នុងមួយគ្រាប់៕
អត្ថបទ៖ ហ៊ុន គន្ធថៃ