ការប្រកាសរបស់ចិននេះ គឺធ្វើឡើង ក្រោយពីអាមេរិកបានប្រកាសកាលពីពេលថ្មីៗនេះដែរថា អាមេរិកអាចនឹងបន្ថែមពន្ធលើទំនិញរបស់ចិន ពី ១០% នាពេលបច្ចុប្បន្ន បន្ថែមឲ្យដល់ ២៥% នាពេលខាងមុខ។
ថ្លែងប្រាប់សារព័ត៌មានចិន CCTV Plus ថ្មីៗនេះ មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មរបស់ចិន បានឲ្យដឹងថា សកម្មភាពទទឹងទិសរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបង្ហាញឲ្យឃើញ ពីភាពមិនយកចិត្តទុកដាក់ ចំពោះផលប្រយោជន៍របស់កសិករ សហគ្រិន និងអ្នកប្រើប្រាស់ក្នុងប្រទេសរបស់ខ្លួនឯងនោះឡើយ។ ហើយវិធានការនេះ ត្រូវបានចិន អះអាងថា នឹងមិនមានប្រសិទ្ធភាព ដែលអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋចិននោះទេ។ ផ្ទុយទៅវិញ វារឹតតែធ្វើឲ្យប្រទេសនៅក្នុងតំបន់ កាន់តែមានការខកចិត្តជាមួយនឹងអាមេរិក ដែលតែងតែដុតភ្លើងសង្គ្រាមពាណិជ្ជកម្មនេះឲ្យកាន់តែធំឡើង។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនដដែលរូបនេះ បានបញ្ជាក់ទៀតថា សម្រាប់ការគំរាមកំហែងរបស់អាមេរិកនៅក្នុងជម្លោះពាណិជ្ជកម្មនេះ ចិនបានរៀបចំខ្លួនគ្រប់ជ្រុងជ្រោយហើយ ដើម្បីចាត់វិធានការការពារ ភាពថ្លៃថ្នូរបស់ប្រទេស និងផលប្រយោជន៍របស់ប្រជាជនខ្លួន ក៏ដូចជាការការពារនូវពាណិជ្ជកម្មសេរីផងដែរ។
យ៉ាងណាក៏ដោយចុះ បើតាមសេចក្ដីថ្លែងការណ៍ របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ការដែលអាមេរិក ប្រកាសថា អាចនឹងឈានទៅដំឡើងពន្ធបន្ថែមទៅលើមុខទំនិញរបស់ចិននាំចូលទៅអាមេរិក តម្លៃ ២០០ ពាន់លានដុល្លារអាមេរិកនេះ គឺក្នុងគោលបំណងដាក់សម្ពោធទៅលើរដ្ឋាភិបាលទីក្រុងប៉េងកាំង ឲ្យធ្វើកំណែទម្រង់ការអនុវត្តពាណិជ្ជកម្មរបស់ខ្លួនជាមួយនឹងសហរដ្ឋអាមេរិក។
បើតាមសេចក្ដីថ្លែងការផ្លូវការរបស់រដ្ឋាភិបាលអាមេរិក សំណើដំឡើងពន្ធបន្ថែមលើទំនិញរបស់ចិននេះ អាចនឹងប្រព្រឹត្តទៅនៅចុងខែសីហានេះ ឬអាចពន្យារដល់ខែកញ្ញា។
កាលពីខែកក្កដាកន្លងទៅ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានបង្ហាញបញ្ចីមុខទំនិញរបស់ចិន ២០០ ពាន់លានដុល្លារអាមេរិក ផ្សេងទៀត ដែលអាមេរិកប្រកាសថា នឹងត្រូវដំឡើងពន្ធពី១០% ទៅ២៥% រួមមានដូចជា គ្រឿងអេឡិចត្រូនិក ទំនិញស្បែកជើង និងអាហារសមុទ្រ ជាដើម។
សូមជម្រាបថា កន្លងមកអាមេរិក ក៏បានកំណត់ដកហូតពន្ធ ២៥% រួចហើយ លើមុខទំនិញរបស់ចិន តម្លៃ ៣៤ ពាន់លានដុល្លារ និងមុខទំនិញ ១៦ ពាន់លានដុល្លារផ្សេងទៀត ត្រូវបានកំណត់គោលដៅដកហូតពន្ធបន្ថែមទៀត នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ៕