ចិនចង់ធ្វើការជាមួយអាមេរិកលើគំនិតផ្តួចផ្តើមB3W

ចិនបង្ហាញឆន្ទៈចង់ធ្វើការជាមួយអាមេរិកលើគំនិតផ្តួចផ្តើមគម្រោងហេដ្ឋារចនាសម្ព័ន្ធសកល «Build Back Better World»


ប្រទេសចិនបានបង្ហើបឲ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា ខ្លួនមានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិកលើផែនការហេដ្ឋារចនាសម្ព័ន្ធជាសកល ដែលដឹកនាំដោយក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ ឬហៅកាត់ថាG7 ស្របពេលដែលប៉េកាំងស្វាគមន៍ក្រុងវ៉ាស៊ីនតោនដើម្បីចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ខ្លួនវិញដូចគ្នាដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន

ក្រុមប្រទេសមានសេដ្ឋកិច្ច និងនយោបាយជឿនលឿនទាំងប្រាំពីរ (G7) រួមមានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​របស់ខ្លួនបានស្នើឡើង​នូវគំនិតផ្តួចផ្តើម Build Back Better World ឬហៅកាត់ថា B3W កាលពីខែមិថុនាឆ្នាំមុន ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ បំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលG7 ព្យាយាមប្រឆាំងនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន។

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយនៅក្នុងសារជាវីដេអូមួយថា៖ យើងក៏មានឆន្ទៈក្នុងការពិចារណា​សម្របសម្រួល​ជាមួយគំនិ​ត​ផ្តួចផ្តើម 'Build Back Better World' របស់សហរដ្ឋអាមេរិក ដើម្បីផ្តល់ឱ្យពិភពលោក​នូវការអេភិវឌ្ឍ​នានា ដែលមានគុណភាពខ្ពស់បន្ថែមទៀត។ ការលើកឡើងរបស់ប្រមុខការទូតចិនបែបនេះ ទំនងជាចេតនាចង់ធ្វើឱ្យមានប្រក្រតីភាពឡើងវិញ នៃទំនាក់ទំនងរវាងវ៉ាស៊ីនតោន និងប៉េកាំង ដែលកំពុងល្អក់កករមកជាច្រើនឆ្នាំមកហើយនោះ។

លោកបានបន្តថា ប្រទេសចិនក៏នឹងបើកចំហចំពោះ​សហរដ្ឋអាមេរិកដែរ បើសិនគេចង់ចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) និងគំនិតផ្តួចផ្តើម​អភិវឌ្ឍន៍សកលនានា ដែលជាការអំពាវនាវកន្លងមក​របស់ប្រធានាធិបតីចិនស៊ី ជីនពីង ដើម្បីធ្វើការឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។

យ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើម B3W របស់ G7 ត្រូវបានគេមើលឃើញថា ជាដៃគូប្រជែង ​នឹងគំនិត​ផ្តួចផ្តើម BRI របស់ប្រទេសចិន ដែលត្រូវបានដាក់ឱ្យ​ដំណើរការ​តាំងតែពី​ឆ្នាំ២០១៣មកម្ល៉េះ។ ប្រទេសជាង ១០០បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសចិន ដើម្បីសហការក្នុងគម្រោង BRI រួចទៅហើយ ក្នុងនោះ​រួមមាន គម្រោងផ្លូវដែក កំពង់ផែ ផ្លូវហាយវេ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។

ចិនបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន​ធ្វើការជាមួយខ្លួន​នៅអាស៊ីប៉ាស៊ីហ្វិក​ដើម្បីកសាង តំបន់មួយដែលបើកចំហ ពោរពេញ​ដោយការច្នៃប្រឌិត កំណើនជាវិជ្ជមាន ការតភ្ជាប់​ងាយស្រួល និងកិច្ចសហប្រតិបត្តិការ​ឈ្នះ-ឈ្នះ ជាជាងប្រែក្លាយ​តំបន់នេះ ទៅជាជម្លោះ និងការប្រឈមមុខដាក់គ្នា។

យ៉ាងណាមិញ ចិននៅតែ​អំពាវនាវ​ជាថ្មី​ឱ្យ​សហរដ្ឋ​អាមេរិក​​ឈប់​គាំទ្រ​​ឯករាជ្យភាព​​សម្រាប់​កោះ​តៃវ៉ាន់ ដែល​ចិនតែង​អះអាង​ថា​ស្ថិតក្រោមការគ្រប់គ្រង​របស់​ខ្លួន៕ 

None



អត្ថបទបន្ទាប់


ធនាគារកណ្ដាល៖ រុស្ស៊ី​មានប្រព័ន្ធ​ផ្ទៃក្នុងដែលអាចជំនួស SWIFT បាន

ទេសាភិបាល​ធនាគារ​កណ្ដាល​របស់រុស្ស៊ី​បាន​និយាយថា ប្រទេស​រុស្ស៊ី​មានប្រព័ន្ធ​មួយ​ដែលអាច​ជំនួស​ប្រព័ន្ធទូទាត់​ប្រាក់​សាកលលោក SWIFT បាន​ …

តម្លៃប្រេង និងមាសកញ្ជ្រោលកើនឡើងជាថ្មីទៀត ក្រោយពេលរុស្ស៊ីប្រកាសប្រុងជើងការអាវុធនុយក្លែអ៊ែរ

តម្លៃប្រេង និងមាសបន្ដហក់ឡើងថ្លៃបន្ថែមទៀតនៅចន្ទ ដើមសប្ដាហ៍នេះ បន្ទាប់ពីលោកពូទីន ប្រធានាធិបតីរុស្ស៊ីបានប្រកាសដាក់អាវុធនុយក្លែអ៊ែត្រៀមទុកប្រុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ