អូស្ត្រាលីបានអះអាងថា វាមិនមែនជារឿងចម្លែកទេ ដែលយន្ដហោះរបស់ខ្លួនធ្វើការហោះហើរឃ្លាំមើលនៅសមុទ្រចិនខាងត្បូងនោះ ព្រោះវាជាដែនសមុទ្រអន្តរជាតិ ហើយវាមិនមែនជាដែនទឹកប្រវត្តិសាស្ត្ររបស់ចិន ដូចដែលចិនខ្លួនឯងបានលើកឡើងនោះទេ។ ហើយជំហររបស់ចិនបានបង្កើនភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដទៃទៀតក្នុងតំបន់ ដែលទទូចលើសេរីភាពនៃការធ្វើនាវាចរណ៍ និងមិនដែលទទួលស្គាល់ជាដែនសមុទ្ររបស់ប្រទេសចិនម្តងណាឡើយ។
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក រីឆាដ ម៉ាលស៍ Richard Marles បាននិយាយកាលពីថ្ងៃអាទិត្យថា យន្តហោះចម្បាំងប្រភេទ (J-16) របស់ចិនពិតជាបានស្ទាក់ចាប់យន្តហោះស៊ើបការណ៍ (P-8) របស់ខ្លួនមែន កាលពីចុងខែឧសភាកន្លងទៅ ដែលសកម្មភាពរបស់ចិននេះ អាចបង្កជាការគំរាមគំហែងយ៉ាងខ្លាំងដល់កងទ័ពជើងទឹករបស់ខ្លួនដែលប្រចាំការនៅទីនោះផងដែរ។
ទោះជាយ៉ាងនេះក្តី ទីក្រុងប៉េកាំងបានវាយបកវិញកាលពីថ្ងៃចន្ទដោយនិយាយថា ខ្លួននឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយរំលោភបំពានលើអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិន ក្រោមលេសនៃសេរីភាពនៃការធ្វើនាវាចរណ៍នោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្សៅ លីចៀន (Zhao Lijian) បានសង្កត់ធ្ងន់ថា "ប្រទេសចិនបានជំរុញម្តងហើយម្តងទៀត ឱ្យអូស្ត្រាលីគោរពយ៉ាងស្មោះស្ម័គ្រចំពោះផលប្រយោជន៍សន្តិសុខជាតិ និងផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ក្នុងការធ្វើសកម្មភាពណាមួយដោយប្រយ័ត្នប្រយែង ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរ" ៕
អត្ថបទ៖ ហ៊ុន គន្ធថៃ