ប្រភពមួយបាននិយាយថា នៅក្នុងកិច្ចប្រជុំកាលពីដើមខែកក្កដា ក្រសួងពាណិជ្ជកម្មចិន បានប្រាប់ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកកុំឱ្យវិនិយោគនៅប្រទេសឥណ្ឌា ដោយបានលើកឡើងពីបទបញ្ជារបស់រដ្ឋាភិបាលកណ្តាលដែលបានណែនាំខ្លាំងៗប្រឆាំងនឹងការវិនិយោគនៅប្រទេសរុស្ស៊ី និងតួកគី ប៉ុន្តែបង្ហាញឥរិយាបថទន់ភ្លន់ចំពោះការសាងសង់រោងចក្រនៅអឺរ៉ុប និងថៃ។
ប្រភពដដែលនេះ បាននិយាយថា ក្រសួងពាណិជ្ជកម្មចិន ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតរថយន្តឱ្យប្រើរោងចក្រនៅក្រៅប្រទេសសម្រាប់ការដំឡើងរថយន្តចុងក្រោយ ជាមួយនឹងសមាសធាតុដែលត្រូវនាំចេញពីប្រទេសចិន ដើម្បីកាត់បន្ថយហានិភ័យ ដែលអាចកើតឡើងបណ្តាលមកពីបញ្ហាភូមិសាស្ត្រនយោបាយ។
ប៉ុន្តែក្រសួងពាណិជ្ជកម្មចិន មិនបានផ្ដល់ការណែនាំណាមួយដល់ក្រុមហ៊ុនទាំងនេះ ដើម្បីធ្វើឱ្យប្រាកដថា បច្ចេកវិទ្យារថយន្តអគ្គិសនីស្នូល គឺស្ថិតនៅក្នុងប្រទេសចិន ដូចដែលសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ឡើយ។
ទំនាក់ទំនងរវាងប្រទេសចិន និងឥណ្ឌា បានតានតឹងខ្លាំងចាប់តាំងពីយោធារបស់ពួកគេបានប៉ះទង្គិចគ្នានៅតាមព្រំដែនហិម៉ាឡៃយ៉ា ដែលមានជម្លោះក្នុងឆ្នាំ២០២០ ដែលជំរុញឱ្យរដ្ឋាភិបាលក្រុងញូវដេលី បានរឹតបន្តឹងការត្រួតពិនិត្យការវិនិយោគរបស់ចិន និងបញ្ឈប់គម្រោងសំខាន់ៗមួយចំនួនទៀតផង៕
អត្ថបទ៖ សុខ មង្គល