ចិន-អាមេរិក

ក្រុងប៉េកាំង​ចេញ​ការព្រមាន​ផ្លូវការដល់និស្សិតចិន​ដែល​ចង់​ទៅរៀននៅអាមេរិក


ខណៈ​ភាពតានតឹង​រវាង​មហាអំណាច​ធំបំផុត​ទាំងពីរ​របស់​ពិភព​លោក គឺ​អាមេរិក និង​ចិន ហាក់​គ្មាន​សញ្ញា​ថមថយ​ចុះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចេញ​សារព្រមាន​ជា​ផ្លូវការចំពោះ​និស្សិត​ចិន​ដែល​មាន​បំណង​ទៅរៀន​នៅសហរដ្ឋ​អាមេរិក។ នេះ​បើ​ការចុះ​ផ្សាយ​របស់​កាសែត South China Morning Post នៅថ្ងៃទី​៣ មិថុនា​នេះ។
រូបភាពទង់ជាតិ​របស់​សហរដ្ឋ​អាមេរិក និង​ទង់ជាតិ​របស់ប្រទេសចិន។ រូបភាព៖ Xinhua
ដោយ

ក្រសួងអប់រំ​ចិន​បានជំរុញ​ឲ្យ​និស្សិត​និងបញ្ញវន្ត​ចិន​«បង្កើន​ការវាយតម្លៃ​ហានិភ័យ​របស់ខ្លួន» បន្ទាប់ពី​មាន​ការកើនឡើង​នូវករណី​ពន្យារពេល​ និង​ការបដិសេធ​ទិដ្ឋាការ​ ដល់​អ្នក​ដែលបាន​ដាក់​ពាក្យ​សុំ​ទៅរៀន​នៅ​សហរដ្ឋ​អាមេរិក។ 

សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​អប់រំ​ចិន បាន​និយាយ​ថា ៖ «មួយរយៈពេលចុងក្រោយ​នេះ និស្សិត​ចិន​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក បានជួប​ប្រទះ​ស្ថានភាព​ដែល​ទិដ្ឋាការរបស់​ពួកគេ​ត្រូវ​បានរឹតត្បិត រយៈពេលពិនិត្យ​ទិដ្ឋាការឡើង​វិញ​ត្រូវ​បាន​អូសបន្លាយ រយៈពេលនៃ​សុពលភាព​ទិដ្ឋាការ​ត្រូវ​បាន​កាត់​បន្ថយ ឬ​ការស្នើសុំទិដ្ឋាការ​ត្រូវ​បាន​បដិសេធ ជាដើម»។ 

សេចក្ដីថ្លែងការណ៍ដដែល បន្តថា ៖ «ក្រសួង​[អប់រំ] ចង់​ក្រើន​រំឭក​ដល់និស្សិតនិង​បញ្ញវន្ត​ចិន សូម​បង្កើន​ការវាយតម្លៃ​ហានិភ័យ​របស់​ខ្លួន ពង្រឹង​ការយល់ដឹង​បង្ការមុន​ និង​ត្រៀមលក្ខណៈ​ឲ្យ​បានសមស្រប»។ 

កាសែតដដែលផ្សាយថា និស្សិត​ចិន​នៅក្នុង​វិស័យ​មនុស្ស​យន្ត អាកាសចរណ៍ វិស្វកមម្ម និង​ផលិតកម្ម​បច្ចេកវិទ្យា​ជាន់ខ្ពស់ ដែលសុទ្ធសឹង​ជា​វិស័យ​សំខាន់ៗ​នៃ​គោលនយោបាយ «ផលិត​នៅ​ចិន ឆ្នាំ​២០២៥» បាន​ជួប​ប្រទះ​នូវ​ការត្រួតពិនិត្យ​កាន់តែតឹងរ៉ឹង​បន្ថែមទៀត នៅពេល​ដាក់ពាក្យ​ស្នើសុំ​ទិដ្ឋាការចូលសហរដ្ឋ​អាមេរិក។ 

ប្រទេស​ចិន គឺ​ជាប្រភព​និស្សិត​អន្តរជាតិ​ធំជាង​គេ​បំផុត នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដោយ​និស្សិត​ចិន​មានចំនួន​ប្រហែល ៣១% ក្នុង​ចំណោម​និស្សិត​អន្តរជាតិទាំងអស់​នៅលើទឹកដី​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោងតាម​តួលេខ​ចុង​ក្រោយ​បំផុត ពី​ក្រសួង​សន្តិសុខ​ក្នុងប្រទេស​របស់​អាមេរិក។ 

នៅក្នុងខែ​មីនា មាននិស្សិតចិន ៣៦៩.៣៦៤នាក់ មក​ពី​ប្រទេស​ចិន មករៀននៅ​សហរដ្ឋ​អាមេរិក។ 

ការស្ទង់មតិ​បង្ហាញថា សហរដ្ឋ​អាមេរិក​នៅតែ​ជា​ប្រទេស​គោលដៅ​ដែល​និស្សិត​ចិន​ចូលចិត្ត​ ប៉ុន្តែ ប្រជាប្រិយ​ភាព​ហាក់ធ្លាក់ចុះ​បន្តិច​នៅឆ្នាំ​២០១៩នេះ ដោយ​គេ​រក​ឃើញថា អ្នក​ឆ្លើយ​តប​ការស្ទង់​មតិ ៤៣% ឲ្យ​ពិន្ទុ​សហរដ្ឋ​អាមេរិក​នៅ​លើ​គេ​បំផុត ជា​ជម្រើស​សម្រាប់​ការសិក្សា​របស់​ពួកគេ ដែល​ថយចុះពីបណ្ដា​ឆ្នាំ​មុនៗ ដែល​មានដល់ទៅ ៤៩%។ ប្រទេស​បន្ត​បន្ទាប់ទៀត ដែល​និស្សិត​ចិន​ចូលចិត្ត​ទៅរៀន​បន្ត​ដែរ​នោះ គឺ អង់គ្លេស អូស្ត្រាលី និងកាណាដា៕




អត្ថបទបន្ទាប់


មិនមែនតែចិនទេ! ពេលនេះ ឥណ្ឌា ក៏កំពុងរងទុក្ខ ដោយសារអាមេរិកដែរ!

នៅមួយរយៈចុងក្រោយនេះ មិនមែនតែឆេះឆួលភ្លើងសង្គ្រាមកាន់តែសន្ធោសន្ធៅឡើងជាមួយចិននោះទេ ប៉ុន្ដែ អាមេរិកក៏បានកកូរកកាយពីរឿងដំឡើង​ពន្ធទំនិញជាមួ…

វៀតណាម ត្រូវការខ្ចីបុល ៣០ ពាន់លានដុល្លារទៀត ដើម្បីដោះស្រាយសម្ពាធទូទាត់សងបំណុល ដែលកំពុងកើនឡើង

មន្ត្រីជាន់ខ្ពស់វៀតណាម បានអះអាងថា ទំហំបំណុលសាធារណៈវៀតណាមនាពេលនេះ មានកម្រិតមួយខ្ពស់ណាស់ ខណៈដែលសម្ពាធទូទាត់សងក៏កើនឡើងខ្លាំងដែរ។ ដើម្បី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ