នៅដើមសប្ដាហ៍នេះ លោក Dai Bing ដែលជាតំណាងអចិន្ត្រៃយ៍រងទីមួយរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ទណ្ឌកម្ម "ដែលកើនឡើងឥតឈប់ឈរ និងទូលំទូលាយ" ដែលបានដាក់លើទីក្រុងម៉ូស្គូជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែននោះ នឹងប៉ះពាល់ដល់ទីផ្សារស្បៀងអាហារ និងថាមពលអន្តរជាតិ ជាពិសេសប៉ះពាល់ដល់ជីវិតរស់នៅរបស់មនុស្សជាច្រើន ព្រមទាំងបង្កើតបញ្ហាមនុស្សធម៌ថ្មីផងដែរ។
លោកបានបន្តថា ប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើននៃពិភពលោកដែលមិនមែនជាភាគីនៃជម្លោះ មិនគួរត្រូវបានទាញចូលទៅក្នុងសង្គ្រាមនោះទេ ហើយពួកគេក៏មិនគួរត្រូវបានបង្ខំឱ្យទទួលរងផលវិបាកនៃជម្លោះភូមិសាស្ត្រនយោបាយ និងល្បែងនយោបាយនៃអំណាចនេះដែរ។ ការដាក់ទណ្ឌកម្ម និងការបិទផ្លូវសេដ្ឋកិច្ចនឹងធ្វើឱ្យមានបញ្ហាកង្វះខាតស្បៀងអាហារ និងការបង្ខូចទ្រង់ទ្រាយតម្លៃទំនិញលើទីផ្សារកាន់តែធ្ងន់ធ្ងរឡើង ដោយធ្វើឱ្យរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មម្ហូបអាហារពិភពលោក ជំរុញតម្លៃស្បៀងអាហារកើនឡើង និងដាក់បន្ទុកមិនចាំបាច់ដល់ប្រទេសកំពុងអភិវឌ្ឍន៍នៅទូទាំងពិភពលោក។
យ៉ាងណាក៏ដោយចុះ ជុំវិញបញ្ហានេះ ទីក្រុងប៉េកាំងក៏បាននិងកំពុងព្យាយាមរក្សានូវទង្វើរបស់ខ្លួនឲ្យមានតុល្យភាពក្រោមសម្ពាធកាន់តែខ្លាំងឡើងពីលោកខាងលិច និងការប្រឈមមុខនឹងទីក្រុងម៉ូស្គូ ជុំវិញសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែននេះ ពោលគឺចិនព្យាយាមដើរខ្សែកណ្ដាលនៅក្នុងជម្លោះនេះ។ គួរជម្រាបដែរថា ក្រោយសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើង ប្រទេសចិនបានបដិសេធ មិនថ្កោលទោសការវាយប្រហារ ឬកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ីនោះទេ ប៉ុន្តែបានអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធី ហើយក៏បាននិយាយថាដែរថា អធិបតេយ្យភាពរបស់អ៊ុយក្រែនគួរតែត្រូវបានគោរព។
យ៉ាងណាមិញ កាលពីថ្ងៃពុធកន្លងទៅ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជួបជាមួយ លោក Shah Mahmood Qureshi រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ហើយអ្នកទាំងពីរបានសម្តែងការព្រួយបារម្ភអំពីឥទ្ធិពលដែលលេចចេញនៃទណ្ឌកម្មឯកតោភាគីផងដែរ។
យ៉ាងណាមិញ លោក Dai Bing ដែលជាតំណាងអចិន្ត្រៃយ៍រងទីមួយរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ ក៏បាននិយាយដែរថា ការបន្ថែមជម្លោះមិនស្ថិតនៅក្នុងផលប្រយោជន៍របស់នរណាម្នាក់ឡើយ ហើយបានលើកទឹកចិត្តសហរដ្ឋអាមេរិក ណាតូ និងសហភាពអឺរ៉ុបឱ្យនិយាយជាមួយរុស្ស៊ី ដោយចៀសវាងការស្វែងរកការប្រឈមមុខដាក់គ្នាជាក្រុម ដែលវាគឺជាវិធីសាស្ត្រអសន្តិសុខបំផុត។
គួររំឭកថា ជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែននេះ អ្នកនាំពាក្យជាន់ខ្ពស់របស់កម្មវិធីស្បៀងអាហារពិភពលោក លោកស្រី Abeer Etefa បាននិយាយកាលពីខែមុនថា សង្គ្រាមនៅអ៊ុយក្រែនអាចជំរុញមនុស្សរាប់លាននាក់នៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងធ្លាក់ក្នុងភាពក្រីក្រ ដោយសារតែមានផលរំខាននៃការផ្គត់ផ្គង់ស្បៀងអាហារ និងតម្លៃថាមពលឡើងថ្លៃខ្ពស់៕
អត្ថបទ៖ ស៊ើង និមល់