អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ក្រៅតែពីផលប្រយោជន៍ផ្ទាល់ខ្លួន សហរដ្ឋអាមេរិកកំពុងព្យាយាមលេងល្បែងឈ្នះ-ចាញ់ ហើយនឹងបន្តពង្រឹងការដាក់ពង្រាយយោធារបស់ខ្លួននៅក្នុងតំបន់។ លោកស្រីបានបន្ថែមថា៖ «លទ្ធផលដែលអាមេរិកធ្វើនេះ គឺនឹងជៀសពុំរួចពីការបង្កើនភាពតានតឹងផ្នែកយោធា និងបង្កគ្រោះថ្នាក់ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់»។
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានគូសបញ្ជាក់ទៀតថា៖ «ប្រទេសក្នុងតំបន់គួរតែគិតឱ្យបានស៊ីជម្រៅអំពីអ្វីដែលសមស្រប និងអ្វីដែលមានផលប្រយោជន៍ទៅវិញទៅមក ដើម្បីធ្វើការជ្រើសរើសធ្វើអ្វីមួយ ដែលហុចផលប្រយោជន៍ផ្ទាល់ខ្លួន ជាមួយសន្តិភាព និងស្ថិរភាពក្នុងតំបន់»។
ស្របពេលជាមួយគ្នានេះ អ្នកជំនាញកិច្ចការធំៗផ្នែកសន្តិសុខនៅអាស៊ី បាននិយាយថា ហ្វីលីពីនមានជម្រើសពីរ៖ គួរតែរក្សាអព្យាក្រឹតភាព ឬរត់ទៅរកហានិភ័យនៃ«គ្រោះថ្នាក់»ដែលបង្កឡើងដោយការប្រកួតប្រជែងគ្នារវាងចិននិងសហរដ្ឋអាមេរិក។ ចំពោះជម្រើសដ៏ឆ្លាតវៃនោះ អ្នកជំនាញទាំងនោះបានផ្ដល់យោបល់ថា ទីក្រុងម៉ានីលគួរធ្វើការជាមួយទីក្រុងប៉េកាំង ដើម្បីគ្រប់គ្រងភាពតានតឹងនៅសមុទ្រចិនខាងត្បូង ជាជាងចាប់យកសហរដ្ឋអាមេរិក និងបង្កើនកម្តៅជាមួយទីក្រុងប៉េកាំង។
ក្នុងវេទិកាមួយកាលពីថ្ងៃចន្ទ ដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានសិក្សាការអភិវឌ្ឍរួមគ្នា (IDSI) ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល និងមានការគាំទ្រដោយវិទ្យាស្ថានគំនិតផ្តួចផ្តើមស្រាវជ្រាវស្ថានភាពយុទ្ធសាស្រ្តសមុទ្រចិនខាងត្បូង (SCSPI) អ្នកជំនាញទំនាក់ទំនងអន្តរជាតិ ៥ នាក់ បាននិយាយអំពីការគ្រប់គ្រងទំនាក់ទំនងចិន-ហ្វីលីពីន គឺកំពុងស្ថិតនៅក្នុងស្រមោលនៃ«ជម្លោះមហាអំណាច» រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។
លោក ម៉េលីស្សា ឡូចា (Melissa Loja) អ្នកជំនាញផ្នែកច្បាប់ដែនសមុទ្រអន្តរជាតិហ្វីលីពីន បាននិយាយថា «ប្រសិនបើមានមហាអំណាចមួយដែលកំពុងធ្លាក់ចុះ ដូចជាសហរដ្ឋអាមេរិក ហើយមហាអំណាចមួយទៀតកំពុងកើតឡើង ដូចជាប្រទេសចិន, នោះវាស្ទើរតែជៀសមិនរួច ដែលមហាអំណាចចាស់បង្ក្រាបមហាអំណាចដែលកំពុងរះឡើង។ ដូច្នេះហើយ សម្រាប់ហ្វីលីពីនឈរក្នុងផ្លូវរបស់អាមេរិក ឬចិន គឺប្រាកដណាស់ដែលហ្វីលីពីនអាចនឹងប្រឈមគ្រោះថ្នាក់ក្នុងដំណើរប្រកួតប្រជែងនេះ»។
ស្រដៀងគ្នានេះដែរ លោក ហ៊ូ បូ (Hu Bo) នាយកវិទ្យាស្ថានគំនិតផ្តួចផ្តើមស្រាវជ្រាវស្ថានភាពយុទ្ធសាស្រ្តសមុទ្រចិនខាងត្បូង (SCSPI) បានកត់សម្គាល់ថា ផ្នែកមួយនៃជម្លោះរវាងសហរដ្ឋអាមេរិក និងចិនកំពុងកើតឡើងនៅសមុទ្រចិនខាងត្បូង។ លោកថា ប្រសិនបើរដ្ឋមួយដូចជាប្រទេសហ្វីលីពីន ដែលមិនមែនជាភាគីផ្ទាល់នៃជម្លោះ ចូលដៃម្ខាង ប្រឆាំងនឹងម្ខាង នោះភាពតានតឹងនៅសមុទ្រចិនខាងត្បូងនឹងកើនឡើង។
ទោះបីជាយ៉ាងនេះក្តី ក្រុមអ្នកជំនាញទាំងនោះបានយល់ស្របថា វាជារឿងសំខាន់សម្រាប់ទីក្រុងម៉ានីល និងទីក្រុងប៉េកាំង ក្នុងការបែរទៅធ្វើការរួមគ្នា ដើម្បីគ្រប់គ្រងភាពតានតឹងនៅដែនទឹកមានជម្លោះក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកសម្រាប់ការដឹកជញ្ជូនជាង ៤០% នៃទំនិញសកលលោក៕