កង្វល់របស់ចិនបានបន្លឺឡើងបន្ទាប់ពីមានការអំពាវនាវរួមគ្នារបស់មេដឹកនាំប្រទេសជប៉ុន និងមេដឹកនាំប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិកក្នុងការដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខដែលកំពុងកើនឡើងនៅក្នុងតំបន់អាស៊ី។
ក្រុមអ្នកសង្កេតការណ៍ផ្នែកការទូតបាននិយាយថា ការឆ្លើយតបរបស់ទីក្រុងប៉េកាំងចំពោះការធ្វើឱ្យប្រសើរឡើងយ៉ាងឆាប់រហ័សនៅក្នុងទំនាក់ទំនងរបស់កូរ៉េខាងត្បូងជាមួយប្រទេសជប៉ុន បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់ចិនដែលកំពុងកើនឡើង នៅចំពោះមុខសម្ព័ន្ធភាពយោធាដែលកំពុងលេចឡើងរវាងប្រទេសជិតខាងរបស់ចិនទាំងពីរ ជាមួយសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេប៊ីន (Wang Wenbin) បាននិយាយកាលពីថ្ងៃចន្ទថា ក្នុងនាមជាប្រទេសជិតខាងដ៏ជិតស្និទ្ធ ប្រទេសចិន ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង គួរតែធ្វើការរួមគ្នាដើម្បីរក្សាគ្រឹះនយោបាយនៃទំនាក់ទំនងទ្វេភាគី ហើយប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍកិច្ចសហប្រតិបត្តិការត្រីភាគីឱ្យប្រកបដោយស្ថិរភាព សុវត្ថិភាព និងនិរន្តរភាព។
កាលពីខែមីនា មន្ត្រីចិន រួមទាំងឯកអគ្គរដ្ឋទូតទីក្រុងប៉េកាំងប្រចាំទីក្រុងសេអ៊ូល លោក ស៊ីង ហៃមីង (Xing Haiming) ផង បានសម្តែងការគាំទ្រឱ្យមានការបន្តការជួបជុំថ្នាក់ដឹកនាំទាំងបីប្រទេសឡើងវិញ។ កិច្ចប្រជុំបែបនេះត្រូវបានផ្អាកតាំងពីខែធ្នូ ឆ្នាំ២០១៩ ដោយសារជម្លោះលើសំណងសម្រាប់ជនជាតិកូរ៉េដែលរងគ្រោះពីការងារដោយបង្ខំក្នុងអំឡុងសម័យអាណានិគមនិយមជប៉ុន។ បច្ចុប្បន្ន ទំនាក់ទំនងរវាងប្រទេសជប៉ុននិងប្រទេសកូរ៉េខាងត្បូងបានវិលមករកប្រក្រតីភាពវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីមេដឹកនាំនេះប្រទេសទាំងពីរបានផ្លាស់ប្ដូរដំណើរទស្សនកិច្ចទៅវិញទៅមក ហើយបានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ទន្ទឹមនឹងការអំពាវនាវឱ្យមានកិច្ចសន្ទនាត្រីភាគីជាមួយសហរដ្ឋអាមេរិក។ នេះជាអ្វីដែលមហាអំណាចមួយនេះទទួលស្វាគមន៍។
លោក លូ ជាងយ៉ុង (Liu Jiangyong) អ្នកជំនាញកិច្ចការតំបន់នៅសាកលវិទ្យាល័យស៊ីងហួ (Tsinghua) នៃទីក្រុងប៉េកាំង បាននិយាយថា គេនៅតែត្រូវចាំមើលថា តើទំនាក់ទំនងរវាងជប៉ុននិងកូរ៉េខាងត្បូងនឹងមានរយៈពេលយូរប៉ុណ្ណា ប៉ុន្តែទំនាក់ទំនងយោធានិងសន្តិសុខជិតស្និទ្ធរបស់ពួកគេជាមួយសហរដ្ឋអាមេរិក កំពុងបង្កើនការព្រួយបារម្ភយ៉ាងខ្លាំង។ លោក លូ ជាងយ៉ុង បានបន្ថែមថា ទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូង កាន់តែមានភាពកក់ក្តៅ អាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការកែលម្អកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយប្រទេសទាំងពីរនេះ និងអាចមានផលប៉ះពាល់អវិជ្ជមានលើទំនាក់ទំនងទ្វេភាគីរបស់ចិនជាមួយប្រទេសទាំងពីរនេះទៀតផង។
បើតាមអ្នកជំនាញរូបនេះ មូលហេតុគឺព្រោះតែទាំងជប៉ុន ទាំងកូរ៉េខាងត្បូង កំពុងរងសម្ពាធពីទីក្រុងវ៉ាស៊ីនតោន ឱ្យជួយទប់ទល់នឹងប្រទេសចិន ហើយការពង្រឹងទំនាក់ទំនងសន្តិសុខអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង គឺមានគោលបំណងយ៉ាងច្បាស់ក្នុងការប្រឆាំងនឹងប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង៕